ក្រុមហ៊ុនមួយផលិតថ្នាំគ្រាប់រំលូតកូននិងវេជ្ជបណ្ឌិតម្នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការរឹតត្បិតរបស់រដ្ឋលើថ្នាំនេះ នៅក្នុងបណ្តឹងមួយបែបនេះ តាំងពីតុលាការកំពូលសហរដ្ឋអាមេរិកបានប្រែក្រឡាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញសហព័ន្ធក្នុងការរំលូតកូន។
នៅក្នុងពាក្យណ្តឹងមួយដាក់ក្នុងតុលាការសហព័ន្ធនៅក្រុង Huntington រដ្ឋ West Virginia ក្រុមហ៊ុនផលិតឱសថ GenBioPro Inc. បាននិយាយថា រដ្ឋនេះមិនអាចបដិសេធការយល់ព្រមរបស់រដ្ឋបាលអាហារនិងឱសថស.រ.អ.កាលពីឆ្នាំ២០០០ឱ្យប្រើថ្នាំ mifepristone ដោយហាមប្រាមមិនឱ្យប្រើថ្នាំនេះបានទេ។ ឱសថនេះជាថ្នាំទីមួយក្នុងបណ្តាថ្នាំពីរមុខដែលជាឱសថសម្រាប់រំលូតកូន។
លោកស្រីវេជ្ជបណ្ឌិត Amy Bryant បានដាក់ពាក្យបណ្តឹងមួយដាច់ដោយឡែកនៅក្នុងតុលាការសហព័ន្ធក្នុងក្រុង Durham រដ្ឋ North Carolina ប្រឆាំងនឹងការរឹតត្បិតដោយរដ្ឋនេះលើការទទួលថ្នាំ mifepristone ដែលលោកស្រីបាននិយាយថា រារាំងលទ្ធភាពលោកស្រីក្នុងការព្យាបាលអ្នកជំងឺ។
រដ្ឋជាច្រើនបានហាមប្រាមការរំលូតកូន ឬបានធ្វើឲ្យមានការពិបាកជាងមុនក្នុងការរំលូតកូនចាប់តាំងពីតុលាការកំពូលស.រ.អ.បានបដិសេធការអនុញ្ញាតឱ្យមានការពន្លូតកូនក្នុងសំណុំរឿង Roe v. Wade កាលពីខែមិថុនា។
ក្រុមហ៊ុនផលិតឱសថ GenBioPro ដែលលក់ថ្នាំប្រភេទចម្លង( generic) នៃថ្នាំ mifepristone បានថ្លែងថា ការហាមប្រាមថ្នាំនេះដោយរដ្ឋ West Virginia ដែលមានធ្វើកាលពីខែកញ្ញាតាមរយៈច្បាប់ការពារក្មេងមិនទាន់កើតនៃរដ្ឋនេះ«ផ្ទុយគ្នាពីផលប្រយោជន៍ជាតិខ្លាំងក្នុងការធ្វើឱ្យប្រាកដប្រជាថា មានថ្នាំយល់ព្រមដោយសហព័ន្ធដើម្បីបញ្ចប់ការមានផ្ទៃពោះ»។
ពាក្យបណ្តឹងនេះបានចែងថា ការហាមប្រាមនេះរំលោភលើមាត្រាស្តីពីឧត្តមភាពនៃរដ្ឋធម្មនុញ្ញស.រ.អ. ដែលផ្តល់អាទិភាពនៃច្បាប់សហព័ន្ធលើច្បាប់របស់រដ្ឋ និងមាត្រាច្បាប់ពាណិជ្ជកម្មដែលរឹតត្បិតរដ្ឋមិនឱ្យដាក់បន្ទុកលើពាណិជ្ជកម្មរវាងរដ្ឋ៕