បន្ទាប់ពីប្រទេសកេនយ៉ាបានរៀបចំការបោះឆ្នោតកាលពីខែសីហា ដែលលទ្ធផលបានបង្ហាញថា លោក Kenyatta បានទទួលជ័យជម្នះលើលោក Raila Odinga មក តុលាការកំពូលបានចាត់ទុកការបោះឆ្នោតនោះជាមោឃៈ ដោយបានលើកឡើងពីភាពមិនប្រក្រតីនានានៅក្នុងការបញ្ជូនលទ្ធផលឆ្នោត។
តុលាការកំពូលបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួនថា គណៈកម្មការរៀបចំការបោះឆ្នោតបានបដិសេធមិនធ្វើតាមសាលដីការបស់តុលាការដែលទាមទារឲ្យគណៈកម្មការនេះបើកប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន។
លោកស្រីចៅក្រម Philomena Mwilu បាននិយាយថា៖ «យើងគ្មានជម្រើសអ្វីនោះទេ ក្រៅតែពីការទទួលយកនូវពាក្យបណ្ដឹងរបស់ដើមបណ្ដឹង ដែលថាប្រព័ន្ធកុំព្យូទ័ររបស់គណៈកម្មការរៀបចំការបោះឆ្នោត ត្រូវបានគេលួចចូលដើម្បីប្ដូរទិន្នន័យ ឬក៏មន្ត្រីគណៈកម្មការបោះឆ្នោតផ្ទាល់ជាអ្នកដែលធ្វើឲ្យខូចខាតដល់ទិន្នន័យទាំងនេះ ឬក៏បដិសេធមិនទទួលស្គាល់ថាខ្លួនជាអ្នកធ្វើឲ្យខូចដល់ប្រព័ន្ធបញ្ជូនលទ្ធផលឆ្នោតនេះទាំងមូល និងមិនអាចបញ្ជាក់អំពីកាលបរិច្ឆេទជាដើម»។
ដូច្នេះហើយ តុលាការបានបញ្ជាឲ្យគណៈកម្មការបោះឆ្នោតរៀបចំការបោះឆ្នោតសារជាថ្មីនៅក្នុងរយៈពេល ៦០ ថ្ងៃ។ បន្ទាប់ពីបានទាមទារម្ដងហើយម្ដងទៀតឲ្យមានការកែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោត លោក Raila Odinga បានសម្រេចដកខ្លួនចេញពីការបោះឆ្នោតឡើងវិញកាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅនេះ និងបានជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួនធ្វើពហិការមិនចូលរួមនៅក្នុងការបោះឆ្នោតនេះ។
ក្រោយការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសថា លោក Kenyatta ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតអាណត្តិទីពីរនេះ។ លោក Raila Odinga បានអះអាងថា លោក Kenyatta ខ្វះភាពស្របច្បាប់ ដោយសារតែអត្រាអ្នកចេញមកបោះឆ្នោតមានកម្រិតទាប។
ពាក្យបណ្ដឹងពីរត្រូវបានប្ដឹងទៅកាន់តុលាការកំពូល ដើម្បីប្រឆាំងនឹងសាលដីកានេះ ប៉ុន្តែនៅពេលនេះ តុលាការបានសម្រេចតម្កល់លទ្ធផលបោះឆ្នោតនេះ។ លោក Raila Odinga បានឆ្លើយតបនឹងសាលដីកានេះ ដោយប្រកាសអំពីការបង្កើតនូវចលនាប្រឆាំង និងប្រកាសគំរាមធ្វើការស្បថចូលកាន់តំណែងដោយខ្លួនលោកផ្ទាល់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កេនយ៉ាលោក Githu Muigai បាននិយាយថា៖ «ច្បាប់ឧក្រិដ្ឋកម្មនៃសាធារណរដ្ឋកេនយ៉ាត្រង់មាត្រា៤០ នៃក្រមព្រហ្មទណ្ឌ បានបង្ហាញថា ការស្បថចូលកាន់តំណែងដោយខ្លួនឯងបែបនេះគឺជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ។ វាជាទោសក្បត់ជាតិសម្រាប់អ្នកដែលពាក់ព័ន្ធក្នុងរឿងនេះ និងអ្នកដែលជួយសម្រួលដំណើរការនេះ»។
មនុស្សភាគច្រើនខ្លាចថា ការតែងតាំងលោក Raila Odinga ជាប្រធានាធិបតីជំនួសឲ្យលោកប្រធានាធិបតី Kenyatta អាចបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងប្រទេសកេនយ៉ា ដែលកន្លងមក មនុស្សជាង ៧០ នាក់ ត្រូវបានសម្លាប់រួចមកហើយនៅក្នុងអំឡុងពេលមានអំពើហិង្សាកើតឡើងពាក់ព័ន្ធទៅនឹងការបោះឆ្នោត។
នាពេលឥឡូវនេះ ប្រជាពលរដ្ឋកេនយ៉ារង់ចាំមើលថាតើមន្ត្រីរដ្ឋាភិបាលដែលទើបត្រូវបានជ្រើសរើស នឹងប្រើប្រាស់ពេលវេលានាឆ្នាំ ២០១៨ ខាងមុខនេះដើម្បីជំរុញឲ្យមានសន្តិភាព និងធ្វើតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេកន្លងមក ឬក៏យ៉ាងណានោះ៕
ប្រែសម្រួលដោយ ភី សុភាដា