ប្រទេសអារ៉ាប់រួម Emirates បានប្រកាសថា ខ្លួននឹងរារាំងសេវ៉ាកម្មទំនាក់ទំនងទិន្នន័យ លើទូរស័ព្ទឆ្លាតប៊្លែគប៊ែរី (Blackberry) ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែតុលានេះ។ ក្រុមអ្នករឹតបន្តឹងច្បាប់និយាយថា ប្រព័ន្ធដាក់លេខសម្ងាត់របស់ទូរស័ព្ទឆ្លាតប៊្លែគប៊ែរី បង្ហាញការគំរាមកំហែងដល់សន្តិសុខ ព្រោះថា ឧក្រិដ្ឋជន និងភេរវជនអាចប្រើលេខសម្ងាត់។ លោក Jerome Socolovsky អ្នកយកព័ត៌មានរបស់ វីអូអេ សម្លេងសហរដ្ឋអាមេរិកនៅរដ្ឋធានី Washington រាយការណ៍ថា វិធានការនេះ គឺជាជម្លោះចុងក្រោយបំផុតរវាងរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិជ្ជា លើការគ្រប់គ្រងព័ត៌មានក្នុងសម័យអ៊ីនធឺណិតនេះ។
ការប្រកាសហាមមិនឲ្យមានសេវ៉ាកម្មប៊្លែគប៊ែរីនៅក្នុងប្រទេសអារ៉ាប់រួម Emirates កំពុងតែមានការប៉ះពាល់គួរឲ្យព្រួយបារម្ភដល់ការលក់ដូរ។
Compu-Me ជាហាងលក់ទូរស័ព្ទមួយនៅក្នុងមជ្ឈមណ្ឌលហាងទំនិញក្នុងក្រុងឌុយបៃនៃប្រទេសអារ៉ាប់រួម Emirates។ Gilda Ducao ជាតំណាងផ្នែកបំរើអតិថិជននៅហាងនោះ។
"ខ្ញុំបាននិយាយជាមួយអតិថិជនរួចហើយ។ នៅទីនេះ ពួកគេកំពុងបម្រុងប្តូរទៅប្រើប្រាស់ទូរស័ព្ទអាយហ្វូន (iPhone) បើសិនណាកម្មវិធីបញ្ជូនសារតាមប៊្លែគប៊ែរី ត្រូវបានបិទមិនឲ្យប្រើប្រាស់នោះ"។
ប្រទេសអារ៉ាប់រួម Emirates បានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងផ្អាកកម្មវិធីបញ្ជូនសារតាមប៊្លែគប៊ែរី ឬហៅកាត់ថា BBMរួមទៅជាមួយនឹងសេវ៉ារុករកចល័ត និងតាមអ៊ីម៉ែល ចាប់ផ្តើមនៅខែតុលានេះ។ អាជ្ញាធររឹតបន្តឹងទូរគមនាគមន៍របស់រដ្ឋាភិបាលនិយាយថា សេវ៉ាកម្មនេះគម្រាមដល់សន្តិសុខ។
មិនដូច ទូរស័ព្ទឆ្លាតម៉ាកណូគៀ (Nokia) និង Apple នោះទេ ទិន្នន័យដែលបានផ្ញើរតាមក្រុមហ៊ុន Research in Motion របស់ទូរស័ព្ទប៊្លែគប៊ែរី គឺត្រូវបានគេសរសេរជាលេខសម្ងាត់ ហើយរក្សាទុកនៅឯក្រៅប្រទេស។ ពួកគេមិនអាចរកព័ត៌មាន ដែលពួកគេត្រូវការសម្រាប់ការស៊ើបអង្កេតរបស់ប្រព័ន្ធយុត្តិធម៌បានឡើយ។
ក្រុមហ៊ុន Research in Motion ឬហៅកាត់ថា RIM ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានតវ៉ាទៅនឹងការអះអាងរបស់ប្រទេសអារ៉ាប់រួម Emiratesនេះ។ ក្រុមហ៊ុននេះឲ្យដឹងថា ខ្លួន“គោរពតាមទាំងតម្រូវការរឹតបន្តឹងរបស់រដ្ឋាភិបាល និងតម្រូវការឲ្យមានជាលក្ខណៈឯកជននិងសន្តិសុខរបស់សាជីវកម្ម និងអ្នកប្រើប្រាស់”។
នេះមិនមែនជាជម្លោះលើកទីមួយរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនគមនាគមន៍ លើបញ្ហាគ្រប់គ្រងព័ត៌មានទេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ៊ិនធឺណិតដ៏ធំសម្បើមមួយឈ្មោះ Google បានលើកទីតាំងឧបករណ៍ផ្តល់សេវ៉ារុករកព័ត៌មានតាមអ៊ីនធឺណិតរបស់ខ្លួនចេញពីប្រទេសចិន។ ហើយប្រទេសប៉ាគីស្ថានបានរារាំងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook ដោយសារអ្វីដែលអាជ្ញាធរបានហៅថា មានការប្រមាថមាក់ងាយ។
លោក Rayan Radia ជាអនុប្រធាននៃការសិក្សាបច្ចេកវិទ្យានៅស្ថាប័ន Competitive Enterprise Institute នៅរដ្ឋធានី Washington។ លោកមានប្រសាសន៍ថា រឿងដែលខុសគ្នានោះ គឺថា កេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទប៊្លែគប៊ែរី ពឹងផ្អែកលើការការពារទិន្នន័យយ៉ាងរឹងមាំរបស់ខ្លួន។
“ដូច្នេះ ការណ៍ដែលប្រទេសអារ៉ាប់រួម Emirates កំពុងតែដាក់សម្ពាធទៅលើក្រុមហ៊ុន RIM ឲ្យបង្កើតផ្លូវក្រោយមួយសម្រាប់ការសរសេរលេខសម្ងាត់របស់ខ្លួនដ៏សំខាន់នោះ អាចគំរាមកំហែងដល់កេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទប៊្លែគប៊ែរី ដែលមានឈ្មោះថា ជាទូរស័ព្ទឆ្លាតធានាការការពារទិន្នន័យបំផុតនោះ”។
ក៏ប៉ុន្តែ លោក Radia បានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់ប្រទេសអារ៉ាប់រួម Emierates ក៏អាចរងផលប៉ះពាល់ដែរ ពីព្រោះទីក្រុងឌុយបៃគឺជាទីតាំងផ្លាស់ប្តូរជើងយន្តហោះសម្រាប់អ្នកដំណើរបរទេស និងជាទិសដៅទិញទំនិញទាន់សម័យដ៏ធំមួយនៅក្នុងមជ្ឈឹមបូព៌ាប្រទេស។
“ប្រាកដណាស់ ប្រទេសអារ៉ាប់រួម Emirates ត្រូវបាត់បង់ជាច្រើនទាក់ទងទៅនឹងបញ្ហានេះ។ នៅពេលណាប្រទេសមួយអនុវត្តវិន័យមួយចំនួនទៅលើពាណិជ្ជកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មដែលមិនសូវមានការទាក់ទាញដល់អ្នកប្រើប្រាស់នោះ ជាដំបូងគឺធ្វើឲ្យមានគ្រោះថ្នាក់ថា ពាណិជ្ជកម្មមួយចំនួនដែលបើកប្រតិបត្តិការនៅក្នុងប្រទេសនោះ នឹងរងប៉ះពាល់។ ក្នុងនោះផងដែរ ក៏មានគ្រោះថ្នាក់ផងដែរថា ពាណិជ្ជកម្មបរទេស និងដកខ្លួនចេញ នឹងផ្តាច់ទំនាក់ទំនង”។
មន្រ្តីអារ៉ាប់ប៊ីសាអ៊ូឌីតមួយរូបបាននិយាយថា សេវ៉ាបញ្ជូនសារតាមទូរស័ព្ទប៊្លែគប៊ែរី អាចនឹងត្រូវរារាំងមិនឲ្យប្រើនៅទីនោះ។ ប្រទេសឥណ្ឌាក៏បានគំរាមថា នឹងដាក់បម្រាមនេះផងដែរ។
ក្រុមអ្នករិះគន់និយាយថា រដ្ឋាភិបាលទាំងនេះកំពុងប្រើប្រាស់ការព្រួយបារម្ភអំពីអំពើភេរវកម្ម ដើម្បីបង្កើនការគ្រប់គ្រងនយោបាយរបស់ពួកគេ។
ក៏ប៉ុន្តែអ្នកវិភាគ Rayan Radia មានប្រសាសន៍ថា ទោះបីជាយ៉ាងនោះក៏ដោយ រដ្ឋាភិបាលមួយចំនួនអាចនៅតែមានការបាត់បង់ ពីព្រោះបច្ចេកវិជ្ជាសម័យទំនើបអនុញ្ញាតឲ្យសឹងតែមនុស្សគ្រប់គ្នាជៀសវាងពីការហាមប្រាម ហើយប្រើវិធីផ្សេងទៀតដើម្បីសរសេរលេខសម្ងាត់ ដែលពិបាកនឹងបំបែកយ៉ាងខ្លាំង៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់