ក្រុមមេដឹកនាំសហជីពឯករាជ្យមួយចំនួនបានស្នើឱ្យថៅកែរោងចក្រវីង ស្តាស៊ូ (Wing Star Shoes Co., Ltd) ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ទទួលយកលោក ជា ចាន់ ឱ្យចូលបម្រើការងារវិញ បន្ទាប់ពីមេដឹកនាំសហជីពមូលដ្ឋានរូបនោះត្រូវបានតុលាការសាលាឧទ្ធរណ៍សម្រេចឱ្យរួចផុតពីបទចោទប្រកាន់ ពាក់ព័ន្ធនឹងការចូលរួមសកម្មភាពលួចរបស់របរក្នុងរោងចក្រ ដែលបណ្តាលឱ្យលោកជាប់ពន្ធនាគាររយៈពេល ៦ ខែ។
លោក ជា ចាន់ ប្រធានសហជីពមូលដ្ឋាននៅរោងចក្រវីងស្តាស៊ូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ពីបទ «សមគំនិតក្នុងអំពើលួច»។ ការចោទប្រកាន់នេះបានទទួលរងការរិះគន់ជាបន្តបន្ទាប់ពីអ្នកការពារសិទ្ធិកម្មករ និងក្រុមអង្គការការពារសិទ្ធិមនុស្សមួយចំនួន។
អ្នកគ្រប់គ្រងការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេថា បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលក្រមទម្លាក់ចោលការចោទប្រកាន់លើលោក ជា ចាន់ កាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅ និយោជកនៃក្រុមហ៊ុនវីងស្តាស៊ូគួរទទួលយកអ្នកសហជីពរូបនោះឱ្យចូលបម្រើការងារវិញ និងផ្តល់សំណងទូទាត់ប្រាក់ឈ្នួលដល់លោកអំឡុងពេលដែលលោកជាប់ក្នុងពន្ធនាគាររយៈពេល ៦ ខែ។
លោកប្រាប់វីអូអេថា៖ «អ្វីដែលយើងចង់ឱ្យមានការធានានោះគឺថា លោក ជា ចាន់ អាចត្រឡប់ចូលធ្វើការងារវិញ ដោយទទួលបានសំណងត្រឹមត្រូវពីខាងផ្លូវច្បាប់។ ទី ២ ធានាថា គាត់មានសុវត្ថិភាព ហើយមិនមានទម្រង់នៃការធ្វើទុក្ខបុកម្នេញទៅលើគាត់។ ហើយទី ៣ ធានាថា មិនមានទម្រង់នៃការរំលោភនូវសិទ្ធិការងារនៅក្នុងក្រុមហ៊ុនវីងស្តាស៊ូ»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា ការចោទប្រកាន់ទៅលើលោក ជា ចាន់ កន្លងមក ត្រូវបានធ្វើឡើងដោយគ្មានអង្គហេតុជាក់ស្តែង ដូច្នេះការសម្រេចរបស់តុលាការឧទ្ធរណ៍ជារឿងត្រឹមត្រូវ និងយុត្តិធម៌សម្រាប់មេដឹកនាំសហជីពរូបនោះ។ អ្នកស្រីបន្ថែមថា រោងចក្រត្រូវតែទទួលយកលោក ជា ចាន់ ឱ្យចូលបម្រើការក្នុងរោងចក្រវីងស្តាស៊ូវិញ និងសងសំណងខូចខាតផ្សេងទៀតជូនរូបលោក។
អ្នកស្រីថ្លែងថា៖ «ចាន់ គាត់ជាប់ទោសដោយអយុត្តិធម៌រយៈពេល ៦ ខែ ៤ ថ្ងៃ អ៊ីចឹងត្រូវសងភាពយុត្តិធម៌ទៅគាត់វិញ ត្រូវតែសងសំណងទៅក្រុមគ្រួសារឱ្យសមស្របទៅតាមផ្លូវច្បាប់»។
លោក ជា ចាន់ ប្រាប់វីអូអេថា រោងចក្របានសម្រេចទទួលយកលោកឱ្យចូលធ្វើការវិញ ប៉ុន្តែបច្ចុប្បន្នលោកមិនទាន់បានចូលបម្រើការនៅឡើយដោយរង់ចាំមើលសេចក្តីសម្រេចលម្អិតរបស់សាលក្រមរបស់សាលាឧទ្ធរណ៍ជាមុនសិន។ លោកក៏មិនទាន់ដឹងថា តើសំណងនោះនឹងត្រូវផ្តល់មកឱ្យលោកដោយរបៀបណាដែរ ព្រោះរឿងនេះតម្រូវឱ្យលោកត្រូវដាក់ពាក្យទាមទារសំណងពីភាគីរោងចក្រ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងរឿងសំណងគឺខាងពួកយើងទាមទារជាទឹកប្រាក់ ប៉ុន្តែដាក់ស្នើអត់ទាន់បាន។ ខាងបងសហព័ន្ធដាក់ស្នើឬក៏ម៉េចខ្ញុំអត់ទាន់ដឹងដែរ។ ចាំមើលដល់ថ្ងៃខ្ញុំធ្វើការហើយសិន»។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន ប្រាប់វីអូអេថា ទាក់ទងនឹងករណីរបស់លោក ជា ចាន់ សាលាឧទ្ធរណ៍បានចេញសាលដីការសម្រេចរួចហើយក្នុងក្របខណ្ឌអង្គហេតុ អង្គច្បាប់ និងគតិច្បាប់ត្រឹមត្រូវ។ ប៉ុន្តែក្រសួងមិនទាន់ទទួលបានលិខិតស្នើសុំ ឬបណ្តឹងណាមួយពីភាគីទាំងពីរនោះទេ ទាក់ទិនការអនុវត្តសិទ្ធិសហជីពនៅរោងចក្រវីងស្តាស៊ូ ក្រោយលោក ជា ចាន់ បានចាកចេញពីពន្ធនាគារ។
លោកថ្លែងថា៖ «មកដល់ពេលនេះ ក្រសួងកំពុងតែតាមដានពិនិត្យមើលករណីនេះណាស់ ហើយក្រសួងមិនទាន់បានទទួលលិខិតស្នើសុំ ឬក៏បណ្តឹងណាមួយពីករណីលោក ជា ចាន់ ពាក់ព័ន្ធទៅនឹងវិស័យការងារ ឬសហជីពនោះទេ»។
ការចោទប្រកាន់មកលើលោក ជា ចាន់ កើតឡើងនៅក្រោយពេលលោកត្រូវបានកម្មករបោះឆ្នោតឱ្យធ្វើជាប្រធានសហជីពកម្ពុជានៃក្រុមហ៊ុនវីងស្តារស៊ូ ដែលផ្គត់ផ្គង់ផលិតផលស្បែកជើងឱ្យទៅក្រុមហ៊ុន ASICS របស់ប្រទេសជប៉ុន។ លោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយគ្មានដីការពីបទ «សមគំនិតក្នុងអំពើលួច» តែនាពេលថ្មីៗនេះ សាលាឧទ្ធរណ៍បានប្រកាសថា លោកមិនមានពិរុទ្ធភាពក្នុងរឿងនេះឡើយ៕