ក្រុមសហជីព និងអ្នកធ្វើការលើវិស័យការងារផ្សេងៗបានសម្រេចចិត្តមិនប្រមូលផ្តុំ និងមិនជួបជុំគ្នាលើបដាទាមទារសិទ្ធិការងារក្នុងឱកាសទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ខែឧសភា ខាងមុខទេដោយបារម្ភពីការឆ្លងវីរុសកូរ៉ូណា។ ប៉ុន្តែពួកគេបន្តជំរុញការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ និងអ្នកធ្វើការផ្សេងទៀតដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់ VOA ថា លោកនិងអ្នកតំណាងក្រុមសហជីពនៅតែដាក់ញត្តិស្នើទៅកាន់រដ្ឋាភិបាលដូចដែលលោកធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែមិនមានការជួបជុំគ្នានោះទេ។
លោកមានប្រសាសន៍ថា៖ «ការរៀបចំរបស់យើងគឺយើងអត់មានការជួបជុំគ្នាទេ។ យើងអញ្ជើញតែតំណាងហើយមកធ្វើសន្និសីទកាសែតហើយហៅតំណាងទាំងអស់ទៅដាក់ញត្តិនៅខុទ្ទកាល័យខាងរដ្ឋាភិបាលតែម្តង»។
លោកបន្តថាតំណាងសហព័ន្ធដែលធ្វើការលើវិស័យចំនួន៨ ដូចជាវិស័យកាត់ដេរ សំណង់ សេវាកម្ម ទេសចរណ៍ ដឹកជញ្ជូន កសិកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឧស្សាហកម្មជាដើម នឹងមកចូលរួមក្នុងសន្និសីទសារព័ត៌មានអនឡាញមួយដែលធ្វើឡើងនៅថ្ងៃទី១ ខែឧសភា។ ការជួបជុំនេះមានប្រធានបទ«រួមលើកកម្ពស់សិទ្ធិការងារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩»។
បើតាមលោក អាត់ ធន់ ញត្តិដែលសហជីពនឹងដាក់ស្នើទៅកាន់រដ្ឋាភិបាលក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៤នេះមាន១៨ចំណុច ក្នុងនោះមានការជំរុញឲ្យរដ្ឋាភិបាលជួយដល់អ្នករងគ្រោះដោយសារជំងឺកូវីដ១៩ដែរ។
លោកមានប្រសាសន៍ថា៖ «យើងស្នើស្រដៀងនឹងឆ្នាំទៅ គ្រាន់តែថាយើងដាក់ចំណុចអាទិភាព ឬក៏បន្ទាន់ទាក់ទងនឹងកូវីដ១៩ ប្រហែលជាបីឬបួនចំណុច ដែលយើងបានធ្វើនៅពេលបច្ចុប្បន្នហ្នឹងបាទ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ កាលពីថ្ងៃច័ន្ទ បានថ្លែងថារោងចក្រជាង១៣០បានព្យួរការងារ ដែលប៉ះពាល់ដល់កម្មករកាត់ដេរប្រមាណ១០ម៉ឺននាក់។ ចំណែកពលករខ្មែរប្រមាណ៩ម៉ឺននាក់ ដែលធ្វើការនៅប្រទេសថៃក៏បានត្រឡប់មកស្រុកកំណើតវិញ ហើយពួកគេប្រឈមអត់ការងារធ្វើ និងជំពាក់បំណុលគេ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងស្រដៀងគ្នាដែរថា ជំនួសឲ្យការជួបជុំគ្នាលោកនឹងអញ្ជើញប្រជាពលរដ្ឋដែលរងគ្រោះផ្ទាល់ដោយសារវីរុសកូរ៉ូណានេះមកពិភាក្សាអំពីបញ្ហាប្រឈមរបស់ពួកគាត់វិញ ហើយផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក។
យោងតាមលោក វន់ ពៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានដូចជាអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នកលក់ដូរតាមដងផ្លូវជាដើម កំពុងរងផលប៉ះពាល់ផ្ទាល់យ៉ាងខ្លាំងដោយសារការរាលដាលនៃជំងឺកូវីដ១៩នេះ។
«ដោយយើងនឹងមានការអញ្ជើញផ្នែកសំខាន់ៗដូចជាអ្នកលក់ដូរតាមដងផ្លូវ អ្នករត់រ៉ឺម៉កទេសចរ អ្នកធ្វើការតាមផ្ទះ ឲ្យគាត់និយាយតាមប្រព័ន្ធអនឡាញតាមបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយជូនសាធារណជនក៏ដូចជាផ្ញើសារនេះទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ហ្នឹង»។
លោក វន់ ពៅ ស្នើឲ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា ដើម្បីឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារៈអនាម័យ ដើម្បីការពារខ្លួនដូចជាអាល់កុល ឬម៉ាសដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងរងគ្រោះ។ លោកក៏ជំរុញឲ្យមានការព្យួរទាំងស្រុងនូវការបង់សងបំណុលទៅស្ថាប័នហិរញ្ញវត្ថុដែលមានធនាគារ និងមីក្រូហិរញ្ញវត្ថុ រយៈពេលពី៣ទៅ៦ខែ។
អ្នកស្រី អ៊ូ ទេពផល្លីន នាយិកាប្រតិបត្តិសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មកម្ពុជា តែងតែដឹកនាំកម្មករនិយោជិតរាប់រយនាក់ប្រមូលផ្តុំគ្នាអំឡុងទិវាពលកម្មអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីទាមទារសិទ្ធិនិងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត។ អ្នកស្រីសាទរចំពោះអន្តរាគមន៍ពីខាងរដ្ឋាភិបាលនាពេលថ្មីៗនេះក្នុងការជួយដល់កម្មករ ប៉ុន្តែអ្នកស្រីថា វានៅមានកម្រិតនៅឡើយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ការយកចិត្តទុកដាក់នៅមានកម្រិតហើយតិចតួចនៅឡើយសម្រាប់វិស័យនេះមានន័យថាការផ្តោតទៅលើវិស័យណាមួយអត់ទាន់បានទូទាំងប្រទេស»។
VOA មិនអាចសុំការឆ្លើយតបពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេនៅថ្ងៃពុធនេះ។
តំណាងប្រជាពលរដ្ឋក្នុងសហគមន៍នៃតំបន់ជនបទ និងតំបន់ក្រីក្រជាង១៤០សហគមន៍ក្នុងប្រទេសកម្ពុជាក៏បានស្នើទៅកាន់រដ្ឋាភិបាលឲ្យធ្វើអន្តរាគមន៍ជួយពួកគាត់ដែលកំពុងបាត់បង់ចំណូលបាត់បង់ការងារនិងកង្វះស្បៀងអាហារ។ ក្នុងញត្តិមួយច្បាប់ដែល VOA ទទួលបាននៅថ្ងៃពុធនេះ ពួកគេបានស្នើឲ្យជួយគាំទ្រផ្នែកសុខាភិបាល ពន្យារការបង់ថ្លៃជួលទីតាំងប្រកបអាជីវកម្ម ផ្អាកយកតម្លៃទឹក ភ្លើង និងបញ្ហាតម្លៃគ្រឿងបរិភោគ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ VOA នៅថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខុមាលភាពរបស់កម្មករនិយោជិត។
លោកមានប្រសាសន៍ថា៖ «កម្មករគឺជាកម្មករមិនមែនជាអ្នកស៊ីឈ្នួលគេទេ។ អាស្រ័យហេតុដូច្នេះ ជ្រុងហ្នឹងដែលរដ្ឋាភិបាលយកចិត្តទុកដាក់ មិនមែនជាជ្រុងនៃការជួបគ្នាសម្តែងមតិ ដើម្បីឲ្យគេចាប់អារម្មណ៍ទេ។ រាជរដ្ឋាភិបាលចាប់អារម្មណ៍មុនមួយជំហានពីរជំហានមុន ដូចជាការរក្សាប្រក្រតីភាពនៃការងារពួកគេ រក្សាចំណូលរបស់គេត្រឹមត្រូវ រក្សាជីវភាពរបស់គេ»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងតាមសារលិខិតមួយដើម្បីចូលរួមអបអរទិវាពលកម្មអន្តរជាតិ ដោយលោកបានបង្ហាញវិធានការមួយចំនួនដែលរដ្ឋាភិបាលបានដាក់ចេញអំឡុងពេលដែលកម្ពុជាកំពុងប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដូចជាវគ្គបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតវិស័យទេសចរណ៍ ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះកម្មករនិយោជិតវិស័យវាយនភណ្ឌ ពន្យារពេលការបង់រំលស់ ការសងបំណុលគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។
លោក ហ៊ុន សែន បន្តថា កម្ពុជាមានអត្រាការងារធ្វើដល់ទៅ៩៩,៧ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណ១០លាននាក់ ដែលក្នុងនោះសេដ្ឋកិច្ចក្នុងប្រព័ន្ធមានជាង១លាននាក់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន២,២លាននាក់។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា រដ្ឋាភិបាលក៏បានត្រៀមដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយសារវីរុសកូរ៉ូណា។
ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ថា ដោយសារផលប៉ះពាល់នៃវីរុសកូរ៉ូណា អត្រាភាពក្រីក្រនៅកម្ពុជាអាចកើនឡើង ក្រោយជំងឺដែលកំពុងរាតត្បាតជាសាកលនេះបាត់ទៅវិញ៕