តុលាការ​ភ្នំពេញ​កោះហៅ​មេដឹក​នាំ​សហជីព​ម្នាក់​ទៀត​ ​មក​បំភ្លឺ​សំណុំ​រឿង​ក្បត់ជាតិ​របស់​មេ​បក្ស​ប្រឆាំង

រូបឯកសារ៖ លោក វ៉ន ពៅ​ ប្រធាន​​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​និង​ប្រជាធិបតេយ្យ​ (IDEA) លើកដៃ​ទៅកាន់​ក្រុម​កម្មករ​ប្រហែល​ជាង​៣០០​នាក់​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​១​ឧសភា​នៅ​ទីក្រុង​ភ្នំពេញ។ ​កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។​(​ឡេង ឡែន/VOA)

បន្ទាប់​ពី​ការ​កោះ​ហៅ​សាក្សី​មក​បំភ្លឺ​សំណុំ​រឿង​ចម្លែក​របស់​​​​លោក​​​កឹម សុខា​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​មក​នោះ​ ​ តុលាការ​ក្រុងភ្នំពេញ​ កាលពី​ខែ​សីហា​​​បាន​ផ្តើម​កោះ​ហៅ​សាក្សី​បន្ថែម​ទៀត។​ ​​លោក​​​ វន់ ពៅ​ ​មេដឹកនាំ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​​​ត្រូវបាន​ចៅក្រម​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​១០​ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨។​​ ​លោក​វន់ ពៅ​ ​គឺ​ជា​សាក្សី​ទីប្រាំបួន​ដែល​តុលាការ​បាន​កោះ​ហៅ​មក​បំភ្លឺ​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​​​គូរ​​ឲ្យ​មន្ទិល​របស់​លោក​ ​កឹម សុខា​​ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ។

តុលាការ​រាជធានី​ភ្នំពេញបាន​បន្ត​កោះហៅ​សាក្សីបន្ថែម​ម្នាក់​ទៀតឱ្យចូលបំភ្លឺ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោលតាម​បណ្តឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​កាល​ពី​ឆ្នាំ​មុន។​ ​នេះ​បើយោងតាម​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ ​VOA​ ​បាន​ទទួល។​

លោក វន់ ពៅ​ ​មេដឹកនាំ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធហៅ​កាត់​ថា ​IDEA​ ត្រូវបាន​លោក គី ឫទ្ធី​ ​ចៅ​ក្រម​ស៊ើប​សួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កោះហៅ​ឲ្យចូល​ខ្លួន​នៅថ្ងៃ​ទី​១០​ ខែ​កញ្ញា​ វេលា​ម៉ោង​៩​ព្រឹក​ ​ក្នុង​នាម​ជា​សាក្សី​«ដើម្បី​បំភ្លឺ​អំពី​ដំណើរ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ​[...] ​ចុះ​ថ្ងៃ​ទី៣​ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ​(ដែល​មាន​ជនត្រូវ​ចោទ​ឈ្មោះ​កឹម សុខា​ ​ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស)»។​

លោក វន់ ពៅ​ បាន​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ ​លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ ​ក្នុង​សំណុំ​រឿង​របស់​លោក កឹម សុខា​ ​ដែល​លោក​អះអាង​ថា​ ​លោក​មិនមាន​ជាប់ពាក់ព័ន្ធ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​គិត​ថា​ ​តុលាការ​នឹង​គ្រាន់​តែ​ហៅ​ខ្ញុំ​ទៅ​សាកសួរ ជាសាក្សី​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា​ ខ្ញុំ​អត់​មាន​ពាក់​ព័ន្ធ​អី​ទេ»។​

លោក​ វន់ ពៅជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២៤​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​និង​ត្រូវ​វាយ​ដំ​ដោយ​កង​ទ័ព​ពិសេស​៩១១​ កាលពី​ថ្ងៃ​ទី២​ខែ​មករា​ឆ្នាំ​២០១៤គឺ​មួយ​ថ្ងៃ ​មុន​ការ​បាញ់​ប្រហារ​លើ​ក្រុម​អ្នក​តវ៉ា​លើ​ផ្លូវ​វេងស្រេង​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ។

លោក វន់ ពៅ​ថ្លែង​ថា​ ការ​ចូលរួមរបស់​លោក​ក្នុង​ការ​តវ៉ា​ទាមទារប្រាក់​ឈ្នួល​នា​ពេល​នោះ​ មិន​មាន​ទំនាក់​ទំនង​ណាមួយ​ជាមួយ​សំណុំ​រឿង​របស់​លោក កឹម សុខា​ ដែល​ជា​អតីត​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ជាតិ​នោះ​ទេ។​

«ដូច​ខ្ញុំ​និយាយ​ប្រាប់​ ខ្ញុំ​ធ្វើតែ​រឿង​លក្ខខណ្ឌ​ការងារ​កម្មករ​ក្រៅប្រព័ន្ធ​ និង​រឿង​សាំង​តែ​ប៉ុណ្ណោះ។​ ជំនាន់​ហ្នុង​ អត់មាន​រឿង​អី​ពាក់​ព័ន្ធ​ទេ»។​

កាល​ពី​ខែ​ឧសភា​ ​តុលាការ​ក្រុង​ភ្នំពេញបាន​កោះហៅ​សាក្សី​ចំនួន​៨​នាក់​ ​ក្នុង​សំណុំ​រឿង​លោក ​កឹម សុខានេះ។​ ​ក្នុង​ចំណោម​អ្នកទាំង​ប្រាំបីនាក់​នោះ​ មាន​អ្នក​ស្រី​ ចក់ សុភាព​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​និង​លោក​ សៀ ភារម្យ​ ​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន។​ លោក សៀ ភារម្យកំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ឯ​សហ​រដ្ឋ​អាមេរិក​ដើម្បី​គេច​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់អាជ្ញាធរ​កម្ពុជា។​ ​លោក​ជាអ្នក​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោកសម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង។

ការ​កោះហៅ​របស់​លោក ​គី ឫទ្ធី​ ​ ចៅក្រម​ស៊ើបសួរ​ នាពេល​នោះ​ ​កើត​មាន​ឡើង​បន្ទាប់​ពីក្រុម​សមាជិក​សភា​អាមេរិកាំង​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ​និង​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ដំណើរការ​ប្រជា​ធិបតេយ្យ។​ ​សេចក្តី​ស្នើ​ច្បាប់​នោះ​ត្រូវ​គេ​ស្គាល់​ថា​ ជា​ Cambodia​ Democracy​ Act ​លេខ​ H.R. 5754។​

សេចក្តី​ស្នើ​ច្បាប់ខាង​លើនេះ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​សមាជិក​សភា​អាមេរិកាំង មាន​គោល​ដៅ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី​កម្ពុជា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ បាន​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ទណ្ឌកម្ម​ទាំងនោះ​រួមមាន​ ដូចជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ ​ការ​មិន​ផ្តល់​ទិដ្ឋាការ​ ការ​ដាក់​ពិន័យ​តាម​ច្បាប់​ស្តីពី​អំណាច​សេដ្ឋ​កិច្ច​ ​គ្រាមាន​អាសន្ន​អន្តរជាតិ​ ឬ​ហៅ​ថា ​International Emergency Economic Powers Act។​

សេចក្តី​ស្នើ​ច្បាប់​ដដែល​ក៏ត្រូវ​បាន​ធ្វើឡើង​ ​ខណៈដែល​ក្រុម​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ ​ហើយ​បន្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ រីឯ​មេដឹក​នាំ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​គឺ​លោក កឹម សុខា​មិន​ត្រូវ​បាន​ដោះលែង​ ​ខណៈ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ​និង​អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​គេផ្តល់​សិទ្ធិ​សេរីភាព​ឡើង​វិញ ​នៅ​មុន​ការ​បោះ​ឆ្នោត​ ​ក្រោយពី​មាន​ការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល។​

VOA​ ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ គី ឫទ្ធី​ ចៅក្រម​ស៊ើប​សួរ​ ​បាន​ទេ​ ​នៅ​ថ្ងៃច័ន្ទ​នេះ។​

បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បានចាប់​ខ្លួន​លោក​កឹម សុខា​ ​កាល​ពី​ឆ្នាំ​មុន​នោះ​ ​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាមនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្តមាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។​

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ ​ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ ​ក្រៅពី​មេធាវី ​និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ទេ។​ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បញ្ជាក់ឲ្យដឹង​ថា​ លោក​ ​កឹម សុខាកំពុងមាន​បញ្ហា​សុខ​ភាព​ដែល​តម្រូវ​ឲ្យមាន​ការ​ព្យាបាល​ដិត​ដល់។

កាលពីចុង​ខែសីហា​ លោក ​កឹម សុខា​ ដែលជា​គូ​ប្រជែង​នយោបាយ​សំខាន់​មួយ​រូប​របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ត្រូវ​បាន​លោក​ គី ឫទ្ធី ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​ចំនួន​៦​ខែ​ទៀត​ដើម្បី​សាក​សួរ​តាម​ការ​ចោទ​ពីបទ«ក្បត់ជាតិ»​ ​បន្ទាប់​ពីត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​នោះ។​

ដោយឡែក ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​(FIDH)​ ដែល​មាន​មូលដ្ឋាននៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំងបាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជាដោះលែង​ អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា​ ​ជាបន្ទាន់​ និង​គ្មាន​លក្ខខណ្ឌក្រោយ​ពី​ការ​ឃុំ​ខ្លួន​លោក​បាន​ឈាន​ដល់​ខួប​មួយ​ឆ្នាំ។

អ្នក​ស្រី Debbie Stothard​ ​អគ្គ​លេខាធិការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្សក្នុង​សម្រង់​ន័យ​ដើម​ថា៖

«បន្ទាប់​ពីការ​ឃុំ​ខ្លួន​លោក​ កឹម សុខាដើម្បី​ច្រាន​គាត់​និង​គណបក្ស​របស់​គាត់ឲ្យ​ចេញពីការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​កាលពី​ពេល​ថ្មីៗ​នេះ​មក​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ឥឡូវនេះ​ ​បាន​រក្សាទុក​លោក កឹម សុខា​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​ប្រើ​ប្រាស់​លោកជា​ឧបករណ៍​ចរចា​ ដែល​ជា​ការ​ប៉ុនប៉ងបញ្ជៀស​ការ​ដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ។ ​ការ​ឃុំឃាំង​លោក​កឹម សុខា​ តាម​តែ​អំពើ​ចិត្ត​ដែល​បាន​អូស​បន្លាយ​ពេល​យូរ​មក​នេះ​ ត្រូវ​តែ​បញ្ឈប់ជាបន្ទាន់»។​

កាលពី​ខែ​ឧសភាឆ្នាំ​២០១៨​ ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​ ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោកកឹម សុខា​ជា​បន្ទាន់​ ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​សង​ជំងឺចិត្ត ​និង​ការ​ប៉ះប៉ូវ​ផ្សេងៗ​ទៀត​ដល់​រូប​លោក។ ​ក្រុមការងារ​នេះបាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា​ថា ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់​ ​និង​អ​មនុស្សធម៌៕