មេធាវីការពារក្តីឲ្យកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចង់ឲ្យតុលាការពន្លឿនការបើកសវនាការលើកូនក្តីរបស់ខ្លួនឲ្យបានឆាប់។
លោក សំ ចំរើន មេធាវីការពារក្តីឲ្យកញ្ញា ឈឹម ស៊ីថរ ប្រាប់ VOA កាលពីថ្ងៃអង្គារថា លោកចង់ឲ្យតុលាការបើកសវនាការជំនុំជម្រះសំណុំរឿងកូនក្តីរបស់លោកឲ្យបានឆាប់ ដើម្បីមានឱកាសបានដេញដោលក្តី។
លោកថ្លែងថា៖ «វាល្អ វាអាចដឹងថាគាត់ខុស ឬអី ឬត្រូវអី អ៊ីចឹង។ យើងអាចបានដេញដោលគ្នា»។
លោកមេធាវី សំ ចំរើន ថ្លែងបន្ថែមថា ការបន្តឃុំខ្លួនកូនក្តីរបស់លោក ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពយ៉ាងខ្លាំង។
លោកបញ្ជាក់ថា៖ «ការឃុំខ្លួនជាធម្មតាប៉ះពាល់សិទ្ធិសេរីភាពរបស់គាត់ហើយ។ ប៉ះពាល់ដល់សិទ្ធិ ដល់សេរីភាពអីផ្សេងៗហ្នឹង»។
គិតត្រឹមថ្ងៃពុធនេះ រយៈពេលជាង ៩ សប្តាហ៍ហើយដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកញ្ញាកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ពេលកញ្ញាបានត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ។ តុលាការបានចោទកញ្ញាពីបទរំលោភលើលក្ខខណ្ឌនៃការបានស្ថិតនៅក្រៅឃុំ ប៉ុន្តែក្រុមសិទ្ធិមនុស្សលើកឡើងថា ទាំងកញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញា មិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌបម្រាមលើការធ្វើដំណើរចេញក្រៅប្រទេសពីតុលាការនោះទេ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា ក្នុងបរិបទកម្ពុជា ការឃុំខ្លួនសកម្មជនបានកើតឡើងជាញឹកញាប់ ហើយពួកគេត្រូវរង់ចាំការជំនុំជម្រះក្តីយូរខុសពីធម្មតា ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេយ៉ាងខ្លាំង។
អ្នកស្រីថ្លែងថា៖ «ជាញឹកញយ ជាពិសេសសម្រាប់ករណីដែលផ្តោតលើសកម្មជនហ្នឹង គឺករណីភាគច្រើនហ្នឹង គឺមានការឃុំខ្លួនសកម្មជន ហើយត្រូវរង់ចាំការជំនុំជម្រះហ្នឹងក្នុងរយៈពេលមួយ ពេលខ្លះយូរមែនទែន ធ្វើឲ្យសកម្មជនហ្នឹងបាត់បង់សេរីភាព ហើយបទចោទប្រកាន់អីទៀតសោតហ្នឹង ជួនកាលមិនមានភ័ស្តុតាងអីរឹងមាំទេ គឺនៅបន្តឃុំអ៊ីចឹងទៅ។ អ៊ីចឹងនេះ វាប៉ះពាល់ដល់សិទ្ធិសេរីភាព បានន័យថា សិទ្ធិមានសេរីភាពរបស់បុគ្គលដែលត្រូវបានជាប់ចោទ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នហ្នឹង»។
អ្នកស្រីបានបញ្ជាក់បន្ថែមថា សម្រាប់ករណីកញ្ញា ឈឹម ស៊ីថរ ការឃុំខ្លួនមិនមានភាពចាំបាច់ទាល់តែសោះ ដោយអ្នកស្រីថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺដោយសារកញ្ញាត្រូវបានដៅមុខសញ្ញា ព្រោះតែភាពសកម្មរបស់កញ្ញាប៉ុណ្ណោះ។
អ្នកស្រីលើកឡើងថា៖ «ការជំរុញឲ្យមានការជំនុំជម្រះក្នុងពេលវេលាមួយឆាប់រហ័សសម្រាប់ករណីលើកញ្ញា ឈឹម ស៊ីថរ នេះជារឿងចាំបាច់ណាស់។ ហើយមែនទែនដូចខ្ញុំតែងតែលើក គឺគាត់មិនគួរត្រូវបានរងបទចោទ និងមិនត្រូវបានឃុំខ្លួនតាំងពីដំបូងមកម៉្លេះ ព្រោះយើងដឹងហើយថា ការប្រឈមរបស់គាត់ គឺដោយសារតែភាពសកម្មរបស់គាត់ ក្នុងនាមជាថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដែលបច្ចុប្បន្នកំពុងមានវិវាទការងារ ហើយដែលសមាជិកជាច្រើនបានធ្វើកូដកម្មទាមទារសិទ្ធិទាំងអស់ហ្នឹង»។
ជារៀងរាល់សប្តាហ៍ គេឃើញអង្គការការពារសិទ្ធិមនុស្សមួយចំនួន ដូចជាអង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក អង្គការសង់ត្រាល់ និងសង្គមស៊ីវិលមួយចំនួនទៀត តែងបង្ហោះសារអំពីការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងទាមទារឲ្យមានការដោះលែងកញ្ញាជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ពួកគេក៏បានសរសេរសារដូចៗគ្នាថា៖ «ការដាក់ទោសពលរដ្ឋ ដោយសារមិនបានអនុវត្តនូវលក្ខខណ្ឌដែលអាជ្ញាធរមិនដែលបានប្រាប់ឲ្យដឹងមុន គឺជាភាពអយុត្តិធម៌បំផុត ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សូមដោះលែង ស៊ីថរ ជាបន្ទាន់ និងឥតលក្ខខណ្ឌ!»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលើកឡើងថា តុលាការមិនទាន់កំណត់ពីពេលវេលាបើកសវនាការជម្រះក្តីកញ្ញា ឈឹម ស៊ីថរ នៅឡើយ។
លោក អ៊ី រិន្ទ ថ្លែងបន្ថែមដោយឆ្លើយតបនឹងការលើកឡើងរបស់មេធាវីជុំវិញការបន្តឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ថា៖ «គាត់យល់ថាយ៉ាងណាហ្នឹង គាត់ចង់ជំទាស់យ៉ាងម៉េច គាត់ដាក់តាមនីតិវិធីតវ៉ាទៅ»។
កាលពីខែមករា ឆ្នាំ ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅតុលាការពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីនាងបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ទទួលយកបុគ្គលិកជាច្រើនរយនាក់ដែលត្រូវបានបណ្តេញចេញទាំងបង្ខំឲ្យចូលធ្វើការវិញនិងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក។
ទន្ទឹមនឹងការងារជាសហជីពដែលស្វែងរកអត្ថប្រយោជន៍ជូនបុគ្គលិក កញ្ញា ឈឹម ស៊ីថរ ក៏បានជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ ក្រៅតែពីរឿងក្តីក្តាំនៅតុលាការ។
កាលពីឆ្នាំ ២០១៣ កញ្ញាបានរងបណ្ដឹងពីខាងក្រុមហ៊ុនថាបានធ្វើកូដកម្មខុសច្បាប់ ដែលធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ក្រុមហ៊ុន។ បណ្តឹងនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ ហើយក្រុមហ៊ុនបានប្តឹងទាមទារសំណងមួយលានដុល្លារពីកញ្ញា។ នៅឆ្នាំដដែលនោះ អាជ្ញាធរក៏បានចាប់ខ្លួនកញ្ញាដាក់នៅក្នុងឡាន រួចបញ្ជូនទៅស្នងការក្រុងដើម្បីសួរនាំផងដែរ។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ កញ្ញាក៏ត្រូវបានក្រុមហ៊ុនព្យួរការងារ ដោយមូលហេតុនៃការទាមទារប្រាក់ខែសមរម្យជូនបុគ្គលិក។
ក្រោយមក អំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ ២០២០ មក ក្រុមហ៊ុនណាហ្គាវើលដ៍បានផ្អាកការងារ និងកាត់បុគ្គលិកមួយចំនួន ហើយនៅខែឧសភាឆ្នាំ ២០២១ ក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកជាង ១ ពាន់នាក់ពីការងារ ដោយបញ្ជាក់ថា ក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។
មូលហេតុនេះ បានធ្វើឲ្យក្រុមបុគ្គលិក និងសហជីព ដែលមានកញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំ នាំគ្នាធ្វើកូដកម្មតាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ពេល កញ្ញា ឈឹម ស៊ីថរត្រូវបានអាជ្ញាធរចាប់ខ្លួន អំឡុងពេលនៃការបន្តធ្វើកូដកម្ម។
បើទោះបីជាកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនក្តី ក៏បុគ្គលិកព្រមទាំងសហជីពក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តកូដកម្មទាមទារឲ្យមានដំណោះស្រាយជុំវិញការបញ្ឈប់បុគ្គលិកទាំងនោះ និងទាមទារឲ្យមានការដោះលែងតំណាងសហជីពរបស់ពួកគេរហូតមកដល់ពេលបច្ចុប្បន្ន៕