អាជ្ញាធររាជធានីភ្នំពេញបានហាមឃាត់មិនឲ្យក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករធ្វើពិធីសាធារណៈ អបអរទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១៣២ ហែក្បួនទៅដាក់ញត្តិនៅរដ្ឋសភា ដែលនឹងមានអ្នកចូលរួមប្រមាណ ២ពាន់នាក់។ នេះបើយោងតាមកំណត់ហេតុប្រជុំរវាងក្រុមសហជីព និងអាជ្ញាធររាជធានីភ្នំពេញ។
ការរៀបចំទិវាពលកម្មអន្តរជាតិ ដែលនឹងធ្វើឡើងដោយសហភាពការងារកម្ពុជារបស់លោក អាត់ ធន់ នៅថ្ងៃទី០១ ឧសភា ខាងមុខនេះ នឹងផ្ដោតលើប្រធានបទ «ការប្រឈមរបស់កម្មករក្នុងការអនុវត្តច្បាប់សហជីព» ដែលក្រុមសហជីពមិនរណបនឹងរដ្ឋាភិបាលយល់ថា បានរឹតត្បិតលំហសេរីភាពនៃសកម្មភាពរបស់សហជីព ដើម្បីប្រឆាំងនឹងការកេងប្រវ័ញ្ចរបស់ក្រុមនិយោជកមកលើកម្មករ។
យោងតាមកំណត់ហេតុប្រជុំរវាងក្រុមសហជីព និងអាជ្ញាធររាជធានី ធ្វើឡើងកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ឲ្យដឹងថា លោក អាត់ ធន់ ស្នើសុំសាលារាជធានី ធ្វើការជួបជុំគ្នានៅសួនច្បារ CDC ទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ រួចដង្ហែក្បួនទៅដាក់ញត្តិជូនរដ្ឋសភាតាមបណ្ដោយមហាវិថីសម្ដេចសុធារស។
តបទៅនឹងការស្នើរបស់លោក អាត់ ធន់ សុំឱ្យមានការហែក្បួន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការស្នើទៅជួបជុំនៅមុខរដ្ឋសភា គឺមិនត្រូវបានអនុញ្ញាតឡើយ ដោយហេតុថា កន្លងមករដ្ឋសភាបានណែនាំ មករដ្ឋបាលរាជធានីភ្នំពេញ មិនឲ្យមានការជួបជុំ និងសម្ដែងមតិនៅមុខរដ្ឋសភាឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់រដ្ឋសភា។
លោក មាន ចាន់យ៉ាដា ត្រូវបានដកស្រង់សម្ដី នៅក្នុងកំណត់ហេតុតាមន័យដើមថា៖
«ដូច្នេះ ខ្ញុំនឹងស្នើសុំគោលការណ៍ឯកឧត្ដម អភិបាល ឲ្យរៀបចំពិធីនៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវិញ ដោយពុំមានការដង្ហែក្បួន»។
លោក អាត់ ធន់ បានប្រាប់អាជ្ញាធររាជធានីតាមន័យដើមថា៖
«ដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការណែនាំដូចនេះ នៅមិនអនុញ្ញាត និងដោយសារបរិយាកាសបច្ចុប្បន្ន ក្នុងនាមតំណាងក្រុមការងារ និងពិភាក្សារៀបចំពិធីនៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយសំណូមពរឲ្យរដ្ឋបាល រាជធានីភ្នំពេញសម្របសម្រួលឲ្យគណៈកម្មការទី១ នៃរដ្ឋសភា មកទទួលញត្តិ នៅទីតាំងប្រារព្ធពិធី»។
អាជ្ញាធរនៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នឹងសម្របសម្រួលទៅរដ្ឋសភាជាតិ ដើម្បីចាត់តំណាងគណៈកម្មការទី១ នៃរដ្ឋសភាមកទទួលញត្តិនៅទីតាំងប្រារព្ធពិធី។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA បន្ថែមកាលពីថ្ងៃសៅរ៍ថា ការដាក់កំហិតមិនឲ្យក្រុមសហជីពហែក្បួនទៅកាន់រដ្ឋសភានេះ ស្ដែងឲ្យឃើញពីការបារម្ភហួសហេតុរបស់អាជ្ញាធរក្រុងភ្នំពេញ។
លោកបានហៅការដាក់កំហិតនេះថា ជាទង្វើបិទសិទ្ធិពលរដ្ឋក្នុងការប្រមូលផ្ដុំ និងសម្ដែងមតិ។ លោកមានប្រសាសន៍ថា៖
«ការណ៍បើបារម្ភពេកហ្នឹង គឺវាមានន័យថា វាបិទដល់សេរីភាពនៅក្នុងបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេសគឺ ដូចករណីចឹង គឺយើងសេរីភាពយើង អត់បានធ្វើទេ ហើយបើតាមច្បាប់ បាតុកម្មដោយសន្តិវិធី អាជ្ញាធរមិនត្រូវហាមឃាត់ ដោយហេតុផលធម្មតាទេ លើកលែងគេរកឃើញថា វាមានអ្វីដែលកើតឡើងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខសង្គមអ្ហូ៎! បាន បានគេអាចហាមយើងអត់ឲ្យធ្វើបាន»។
លោកថ្លែងបន្ថែមថា ក្រុមសហជីពរបស់លោកដែលធ្វើការក្នុងវិស័យចំនួន៨ផ្សេងៗគ្នា និងមានសមាជិកជាង១០ម៉ឺននាក់ មិនចង់ប្រឈមមុខជាមួយអាជ្ញាធរទើបព្រមព្រៀងជាមួយសាលារាជធានីថានឹងមិនមានការដើរហែក្បួន។
មេដឹកនាំសហជីពដែលគ្របដណ្ដប់លើខេត្តរាជធានី ចំនួន១៦ទូទាំងប្រទេស រូបនេះ បានឲ្យដឹងថា ការជ្រើសរើសប្រធានបទស្ដីពីការប្រឈមរបស់កម្មករក្នុងការអនុវត្តច្បាប់សហជីព គឺដោយហេតុថាច្បាប់នេះ មិនបានផ្ដល់ប្រយោជន៍ដល់ក្រុមកម្មករ និងសហជីពនោះទេ តែវាបែរជាបង្កើនការគាបសង្កត់សិទ្ធិអំណាចរបស់សហជីពក្នុងការតវ៉ាដោយសន្តិវិធី។ លោកបានលើកពីផលវិបាកមួយចំនួនទាក់ទិនការប្រើប្រាស់ច្បាប់សហជីព។
លោកថ្លែងថា៖
«ជាទូទៅ គឺតាមច្បាប់ការងារ គឺសហជីពមានសិទ្ធិការរៀបចំចុះបញ្ជី មានសិទ្ធិតាក់តែងលក្ខន្តិកៈ មានសិទ្ធិកំណត់រចនាសម្ព័ន្ធគ្រប់គ្រង។ ប៉ុន្តែនៅក្នុងច្បាប់សហជីពថ្មីនេះ មានន័យថា លក្ខន្តិកៈហ្នឹង គឺយើងត្រូវធ្វើតាមក្រសួងទាំងអស់។ បើក្រសួងរៀបចំឲ្យធ្វើម៉េច យើងត្រូវធ្វើអីចឹង យើងសរសេរអីដែលពាក់ព័ន្ធនឹងការងារសហជីពរបស់យើង គឺគេអត់ចុះបញ្ជីឲ្យទេ»។
លោក អាត់ ធន់ បានថ្លែងបន្ថែមទៀតថា៖
«ហើយពាក់ព័ន្ធទៅនឹងការតំណាងរបស់កម្មករនៅក្នុងការដោះស្រាយវិវាទ កន្លងមកយើងមានសហជីពយើងអាចតំណាងឲ្យកម្មករបាន ឥឡូវអត់ទេ គឺគេឲ្យយើងហ្នឹងចុះបញ្ជីសិន បើអត់ចុះបញ្ជីទេ គឺអត់ឲ្យធ្វើការងារ ឬតំណាងសហជីពទេ បើយើងធ្វើតំណាង។ ហើយបើយើងមានសហជីពហើយក៏ដោយ បើសិនយើងអត់មាន៣០ភាគរយ គឺគេមិនឲ្យយើងតំណាង ដោះស្រាយវិវាទរួមបានទេ»។
ក៏ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានការពាររដ្ឋាភិបាលក្នុងការបង្កើតច្បាប់សហជីពដដែលនេះ ដែលបានលុបបំបាត់សកម្មភាពអនាធិបតេយ្យនានានៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា។
លោកប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា សកម្មភាពរបស់សហជីពនៅតែអាចប្រព្រឹត្តទៅបានជាធម្មតា ប្រសិនបើក្រុមសហជីពទាំងនោះ ស្នើសុំការអនុញ្ញាតពីអាជ្ញាធរ។
«ឥឡូវ ឥឡូវចេះ មូលហេតុអីបានជាយើងធ្វើច្បាប់សហជីពហ្នឹង គឺទីមួយដើម្បីកុំឲ្យជនខិលខូចដែលចេះធ្វើអីបានតាមចិត្តកន្លងមក ដែលមានក្រុមបងធំជើងកាងអីតាមរោងចក្រដែលចេះតែធ្វើ តាមតែចិត្ត បង្កភាពចលាចលកន្លងមកគឺ ក្នុងចេតនា ដើម្បីទប់ស្កាត់បញ្ហាទាំងអស់ហ្នឹងទេ។ ហើយបើសិន បើយើងជាអ្នក បានន័យថា យើងមានបំណងល្អ យើងមិនមានចេតនាទុច្ចរិត ឬក៏បំណងអាក្រក់ណាមួយ នៅពីក្រោយទេ យើងធ្វើទៅតាមលក្ខខណ្ឌច្បាប់កំណត់ទៅ។ ច្បាប់គេកំណត់ច្បាស់លាស់ហើយ ពីនីតិវិធីរបៀបរបប និងចំនួនដែលត្រូវចូលរួម ហើយការស្នើសុំកន្លែងយើងធ្វើទៅតាមនីតិវិធី ដូចជាមិនមានបញ្ហាទេ»។
ច្បាប់សហជីពថ្មី មិនត្រឹមតែបានធ្វើឲ្យរួញតូចទៅនៃសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពក្នុងការតវ៉ានោះទេ តែច្បាប់នេះ បានបង្កការធ្វើទុក្ខបុកម្នេញលើក្រុមសហជីពតាមតុលាការផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
មេដឹកនាំសហជីពរូបនេះ មានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ០១ ឧសភានេះ នឹងលើកឡើងចំណុចសំខាន់ៗចំនួន១៨ក្នុងវិស័យការងារ ដែលរួមមានការប្ដឹងផ្ដល់តាមប្រព័ន្ធតុលាការប្រឆាំងមេដឹកនាំសហជីព បញ្ហាប្រាក់ឈ្នួលនៅក្រៅវិស័យកាត់ដេរ កង្វះវិធានការឆ្លើយតបរបស់រដ្ឋាភិបាលទៅដល់ការបិទទ្វាររបស់រោងចក្រសហគ្រាស ដែលមិនបានធ្វើឡើងទៅតាមនីតិវិធី និងបញ្ហាមួយចំនួនទៀត ទាក់ទិនសិទ្ធិរបស់ស្ត្រី។
ក្នុងការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោយការបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទីប្រាំនៅកម្ពុជាកាលពីខែមីនា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកពីកង្វល់ដល់រដ្ឋាភិបាលចំពោះការបន្តបិទលំហសង្គមស៊ីវិល និងការរឹតត្បិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា។
អ្នកស្រី បានថ្លែងក្នុងន័យដើមក្នុងសេចក្ដីថ្លែងការណ៍កាលពីខែមីនាថា៖
«ការរឹតត្បិតសំឡេងប្រជាពលរដ្ឋកម្ពុជា នៅទីបំផុតអាចជាការគំរាមកំហែងដល់ស្ថិរភាព ដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានធ្វើការយ៉ាងលំបាកដើម្បីកសាងវា។ សេរីភាពខាងសមាគម សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំដោយសន្តិវិធី ត្រូវបានការពារ និងត្រូវធ្វើឲ្យប្រសើរឡើងនៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស»។
ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣ ដែលកម្មករ និងកម្មការិនី ក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ ត្រូវបានគេមើលឃើញថាជាកម្លាំងចូលរួមជាមួយគណបក្សជំទាស់ ក្នុងការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ ក្រុមអ្នកសង្កេតការណ៍មើលឃើញថា រដ្ឋាភិបាលបានផ្ដល់ការគាំពារ សន្តិសុខសង្គម និងការដំឡើងប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដើម្បីបន្សាបឥទ្ធិពលរបស់បក្សប្រឆាំងមកលើក្រុមកម្មករ។ ការណ៍នេះ ត្រូវគេមើលឃើញថា បានកើតឡើង ក្រោយអាជ្ញាធរចាប់ឃុំខ្លួនក្រុមមន្ត្រីរបស់គណបក្សប្រឆាំងជាច្រើននាក់។
នាពេលថ្មីៗនេះ ក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករបានសង្កេតឃើញថា រដ្ឋាភិបាលបានផ្ដល់ការគាំទ្រខាងសង្គមកិច្ចបន្ថែមទៀតរួមមានទាំងការឧបត្ថម្ភធន ដល់ការប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈឥតគិតថ្លៃជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងក៏ត្រូវបានគេសង្កេតឃើញថា លោកបានប្រើប្រាស់ពេលវេលាជាច្រើន ក្នុងពេលជិតមួយឆ្នាំចុងក្រោយនេះ ដោយលោកបានចេញទៅជួបកម្មករកម្មការិនីតាមរោងចក្រនានា។
ក្នុងឱកាសជួបជាមួយកម្មករ លោក ហ៊ុន សែន បានក្រើនរំឭកដល់កម្មករឲ្យចូលរួមថែរក្សាស្ថិរភាព ហើយលោកក៏ថែមទាំងបានអំពាវនាវដល់កម្មករឲ្យបោះឆ្នោតឲ្យលោកបានស្ថិតក្នុងអំណាចដើម្បីរក្សាកិច្ចអភិវឌ្ឍនៅក្នុងប្រទេសផងដែរ៕