ការ​ចុះ​បញ្ជិកា​សហជីព​និង​បញ្ហា​ព្រំដែន​គ្របដណ្តប់​សវនាការ​កាត់​ទោស​លោក រ៉ុង ឈុន

រថយន្តពន្ធនាគារ ដែលដឹកលោក រ៉ុង ឈុន ចេញពីសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

តុលាការ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​សាកសួរ​មេដឹកនាំសហជីព លោក រ៉ុង ឈុន អំពី​ការចុះ​បញ្ជិកា​សហជីព​និង​សេចក្តីថ្លែង​ការណ៍​របស់​លោកអំពីភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​នាំ​ឲ្យ​អាជ្ញាធរចាប់​ខ្លួន​លោក ​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០។

លោក ​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​និង​ជាអតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោយរិះគន់​ការ​បោះ​បង្គោល​ព្រំដែនក្នុងខេត្ត​ត្បូង​ឃ្មុំ។​ ​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​ជាប់​ពន្ធនាគារ​លោក ​រ៉ុង ឈុន​ បាន​លើក​ដៃ​ដែល​ជាប់​ខ្នោះជាមួយ​អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត ដើម្បីបង្ហាញ​តំណាង​ស្ថានទូត​និង​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ មុន​នឹង​លោក​ប្រាប់​តុលាការ​ថា ​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែល​នាំ​ឲ្យ​ចលាចល​ក្នុង​សង្គម​នោះ​ទេ។ លោក​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ថ្លែងការណ៍​អំពី​ការ​បោះ​បង្គោល​ព្រំដែន ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញាក្រែក​នោះ ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូលនៃ​ការ​ជជីក​សួរ​ដេញដោល​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ គឺ​លោក​ចៅក្រម ​លិ​ សុខា​តំណាង​អយ្យការ​និង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល។​

លោក ​រ៉ុង ឈុន ​បាន​ប្រឈម​នឹង​សំណួរ​ជាច្រើន​ ហើយ​ពេល​ខ្លះ​ច្រំ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជិកា​សហជីព​របស់​លោក ​និង​ការ​ប្រើប្រាស់​ក្បាល​លិខិត​ដែល​ប្រើ​ឈ្មោះ​ថា «ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា»។

មេ​ដឹក​នាំ​សហជីព​រូប​នោះ​ជា​ច្រើន​ដង ក៏​រក្សា​សិទ្ធិ​មិន​ឆ្លើយ​នឹងសំណួរ​ពាក់ព័ន្ធ​នឹង​ដំណើរ​របស់​លោក​ ក្នុង​ការ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន ​លេខ​១១៤ និង​១១៩​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ហើយ​ថា ​លោក​ក៏​មិន​បាន​មើល​ខ្លឹមសារ​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់រដ្ឋាភិបាល​ ដែល​បដិសេធ​សេចក្តី​ថ្លែងការណ៍​របស់​លោក។

លោក រ៉ុង ឈុន ​ក៏​ត្រូវ​បាន​សួរ​អំពី​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ច្រាន​ចោល​ការ​ផ្សព្វផ្សាយរបស់​វិទ្យុ​អាស៊ីសេរី ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ឆ្នាំ​២០២០ ដែល​រាយការណ៍​ថា «យោធា​វៀតណាម​ប្រដាប់​ដោយ​អាវុធ​និង​ដំបង​ឆក់​ ជាង​៣០​នាក់ ចូល​ឈ្លានពាន និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ មិន​ឲ្យធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​តាម​បណ្ដោយ​ព្រំដែន»។​

មន្ត្រីប៉ូលិសនាំអ្នកទោសមួយក្រុមក្នុងនោះរួមមានលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ចូលក្នុងតុលាការដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

លោក​ចៅក្រម លិ សុខា បាន​តាំង​សំណួរ​ដំបូង​ទៅ​លោក​រ៉ុង ឈុន​ថា៖ «នរណា​អ្នក​បង្កើត​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា?»។

មុន​នឹងឆ្លើយ​លោក រ៉ុង ឈុន ​ប្រាប់​អ្នក​ឃ្លាំ​មើល​សវនាការ ថា​រឿង​ក្តី​របស់​លោកជា​រឿង​អយុត្តិធម៌។​បន្តិច​ក្រោយ​មក​លោក​ថា «ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២។ អ្នក​ដែល​រួមគ្នា​បង្កើត​គឺ​ខ្ញុំ​ និង​លោក​ ជា វិជ្ជា​ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់…»។

លោក​ លិ សុខា​ បន្ត​ចោទ​សួរ​ថា«នរណា​ជា​ប្រធាន?» «បង្កើត​ដើម្បី​អ្វី?»

លោក ​រ៉ុង​ ឈុន ​និយាយ​ថា៖ «អត់មាន​រចនាសម្ព័ន្ធ​ទេ» ហើយ​បង្កើត «ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​ពី​បញ្ហា​សង្គម»។

លោក​ លិ​ សុខា​ ក៏​បាន​សួរ​លោក ​រ៉ុង ឈុន ឲ្យ​បញ្ជាក់​ពី​ការ​បង្កើត​សហជីព​ដែល​មាន​ឈ្មោះ​ថា« សហភាព​សហជីព​កម្ពុជា» និង​រចនា​សម្ត័ន្ធ​របស់​សហជីព​នេះ​ដែល​លោក ​រ៉ុង ឈុន ​ថាក្រោយ​ការ​បង្កើត​សហជីព ហើយត្រៀម​ចុះ​បញ្ជិកា​តែ​ក្រសួង​ការ​ងារ​មិន​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជិកា។​

លោក​ចៅក្រម លិ សុខា បន្ត​សំណួរ​ថា៖ «ដឹង​ថា​ខុស​ច្បាប់​ទេ? អត់​ចុះ​បញ្ជី​តែ​ធ្វើ?»

លោក ​រ៉ុង ឈុន​ ឆ្លើយ​ថា៖ «អត់​ខុស​ទេ​ព្រោះ​សហជីព​អន្តរជាតិ​ក៏​ទទួល​ស្គាល់»។

លោក រ៉ុង ឈុន​ បន្ថែម​ថា សូម្បី​ក្រសួង​ការងារ​ក៏​ទទួល​ស្គាល់ ព្រោះ​អញ្ជើញ​ចូលរួម ។

នៅ​ពេល​តំណាងអយ្យការ លោក សេង ហៀង ​ចាប់ផ្តើម​តាំង​សំណួរនោះ​លោក ​រ៉ុង ឈុន​ ត្រូវ​បាន​សួរ​អំពីការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​ភស្តុតាង​ដើម្បី​គាំទ្រ​ពាក្យ​សម្តី​របស់​ពលរដ្ឋ​ ដែល​ថា​មាន​ការ​បាត់​ដី​ទៅ​ប្រទេស​វៀតណាម តើ​សហការី​លោក​ណា​មួយ​មាន​ជំនាញ​ព្រំដែន ​និង​តើ​លោកមាន​សរសេរ​លិខិត​ទៅ​គណៈកម្មាធិការ​ព្រំដែន​ ឬ​ក៏​លោក​មាន​ដឹង​ថា​តើសេចក្តី​ថ្លែង​ការណ៍របស់​លោក​បង្ក​ផលប៉ះពាល់​យ៉ាង​ណា​ទៅ​ដល់​សាធារណជន។

លោក ​សេង ហៀង ​បាន​លើក​ឡើង​ថា៖ «[លោក​]មាន​ដឹង​ថា​ប៉ះពាល់​សាធារជន​ទេ»?

លោក ​រ៉ុង ឈុន​ និយាយ​ថា៖ «ដកស្រង់​មតិ​ពលរដ្ឋ​ ដូច្នេះ​មិន​ប៉ះពាល់​សាធារណជន​ទេ»។

លោក ​រ៉ុង ឈុន​ បន្ត​ថា៖ «យើង​ចេញ[លិខិត] ថ្ងៃ​ទី​២១ ខែ​កក្កដា​ ចាប់​[ខ្លួន]​ថ្ងៃ​ទី​៣១ ក្នុង​ចន្លោះ​ពេល​ហ្នឹង​មាន​ឲ្យ​សង្គម​កម្ពុជា​ចលាចល​ទេ?»។

លោ ក​រ៉ុង ឈុ ន​ ថ្លែង​យ៉ាង​ដូច្នេះ ដោយ​ចង់​បញ្ជាក់​ថា ​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។

ប៉ុន្តែ​តំណាង​អយ្យការ​លោក​ សេង​ ហៀង​ អះអាង​ថា ​ការ​ចាប់​ខ្លួន​លោក ​រ៉ុង​ ឈុន ​គឺ​ដោយសារ​លោក រ៉ុងឈុន បាន​ប្រព្រឹត្ត​ «បទ​ល្មើស​និរន្ត» ដោយ​ការ​បង្ហោះ​ឯកសារ​ ឬ​រូបភាព​នានា​នៅ​លើ​ហ្វេសប៊ុក​គឺ​នៅ​ជាប់​រហូត។

លោ ក​រ៉ុង ឈុន​ បញ្ជាក់​ថា៖ «វា​មិន​ឆ្លុះ​បញ្ចាំង​បទល្មើស​ជាក់​ស្តែង​ទេ។ ក្នុង​ចន្លោះ​ហ្នឹង មាន​ប្រជា​ពលរដ្ឋ​ចលាចល​ទេ? មាន​តែ​យុវជន​ចេញ​ទាមទារ​ អង្គការ​អន្តរជាតិ​ចេញ​លិខិត​ទាមទារ​ឲ្យ​ដោះលែង​ខ្ញុំ»។

មួយ​ស្របក់​ក្រោយ​មក​នោះ​លោក សំ​ សុគង់​ មេធាវីការ​ពារ​ក្តី​ឲ្យ​លោក រ៉ុង​ ឈុន ​ផ្តល់​ការ​កត់​សម្គាល់​ថា «បទ​ល្មើស​និរន្ត​អត់​មាន​ទេ» នៅ​ក្នុង​ច្បាប់។

លោក​មេធាវី​អធិប្បាយ​ថា៖ «ខ្ញុំបារម្ភ​ថា​ នៅ​ពេល​អយ្យការ​លើក​ឡើង​ក្នុង​សវនាការ​នេះ​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ»។​

ដោយ​ឡែក​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​មួយ​រូប គឺ​លោក​ ឈិត​ បូរ៉ាវុធ​ កត់​សម្គាល់​ការ​ប្រើប្រាស់​ក្បាល​លិខិត​ជាមួយ​ពាក្យ​ក្រុមប្រឹក្ស​ឃ្លាំមើល​កម្ពុជា ​ទោះ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។

លោក​មេធាវី​ក៏បាន​លើក​ជា​ចម្ងល់​នៃ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន​ ដូចជា​ពាក្យ​ថា «យួន» ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក រ៉ុង​ ឈុន។

លោក​ បូរ៉ាវុធ ​និយាយ​ថា៖ «លោក​ប្រើ​ពាក្យ​ក្នុង​សេចក្តី​ថ្លែងការណ៍​អាជ្ញាធរ​យួន​ ភាគី​យួន​លោក​ចង់​បង្កប់​អត្ថន័យ​ស្អី?»។

លោក ​រ៉ុង​ ឈុន​ ឆ្លើយ​ថា៖ «មិន​មាន​បង្កប់​អត្ថន័យ​អី​ទេ»។​

លោក​បន្ថែម​ថា ​សូម្បី​វចនានុក្រម​សម្តេច ជួន ណាត​ ក៏​មាន​ពាក្យ​នេះ​ដែរ។

លោក បូរ៉ាវុធ​ លើក​ឡើង​ទៀត​ថា៖ «គណៈកម្មការ​ព្រំដែន​យួន​មាន​ន័យ​យ៉ាង​ម៉េច?»។

លោក ​រ៉ុង​ ឈុន​ សុំ​សិទ្ធិ​មិន​បក​ស្រាយ។

រូបឯកសារ៖ លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

នៅ​ចុង​សវនាការ​ដែល​ប្រើ​ពេល​ ជាង​៣​ម៉ោង​នោះ​ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​បង្ហាញ​វីដេអូ​ឃ្លីប​មួយ​ចំនួន ​ដែល​ជា​សេចក្តី​រាយការណ៍​របស់​អាស៊ី​សេរី​ ពាក់​ព័ន្ធ​បញ្ហា​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំនិងសកម្មភាព ក៏​ដូចជា​រូបភាព​លោក ​រ៉ុង ឈុន​ ជិះ​ម៉ូតូ​ជាមួយ​ពលរដ្ឋ​ពិនិត្យ​ព្រំដែន​និង​ការ​ពិភាក្សា​ជាមួយ​ប្រជា​ពលរដ្ឋ​អំពី​បញ្ហា​ដី​ធ្លី។

លោក ​រ៉ុង ឈុន​ បាន​ប្រាប់​តុលាការ​ថា​ លោក​បាន​ចុះ​ជួប​តំណាង​ប្រជា​ពលរដ្ឋ​ដែល​អះអាង​ថា​មាន​វិវាទ​ដីធ្លី​ក្នុង​ស្រុក​ពញា​ក្រែក​ នៅ​ពេល​លោក​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន។ ប៉ុន្តែ​លោក​ប្រកែក​មិន​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​ ដែល​មក​ជួប​លោក ​ឬ​ក៏​នាំ​លោក​ទៅ​មើល​ស្ថានភាព​តាម​ព្រំដែន​នោះ​ទេ។​

ក្រុម​មេធាវី​របស់​លោក រ៉ុង​ ឈុន​ ក៏​បាន​បង្អាក់​ការ​សួរ​ដេញដោល​នៅ​ពេល​ខ្លះ​ ខណៈ​ការ​សួរ​សំណួរ​មាន​ភាព​ច្រំដែល។​

មេធាវី​មួយ​រូប​ទៀត​របស់​លោក រ៉ុង ឈុន​ គឺ​លោក ​ជួង ជូងី ​ក៏​ប្រតិកម្ម​ទៅ​នឹង​ការ​សួរ​ដេញ​ដោល​លោក​ចៅក្រម លិ សុខា។

លោក​ ជួង ជូងី លើកឡើង​ថា៖ «លោក​ចៅក្រម​បាន​ធ្វើ​បុរេ​សុភ​វិនិច្ឆ័យ​ មុន​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៃ​ការ​សួរ​ដេញដោល»។

ការ​លើក​ឡើង​របស់​លោក ​ជួង ជូងី​ យ៉ាង​ដូច្នេះ ​ក្រោយ​ពេល​លោក ​លិ សុខា​ សួរ​លោក ​រ៉ុង ឈុន​ ថា​តើ​ប្រជា​ពលរដ្ឋ​មាន​ឯកសារ​អ្វី​ខ្លះ​ នៅ​ពេល​ពួកគេ​អះអាង​អំពី​ការ​មាន​ជម្លោះ​ដីធ្លី​នៅ​ទីតាំង​ដែល​លោក រ៉ុង​ ឈុន ​ចុះ​ទៅ​ពិនិត្យ។

យ៉ាង​ណា​ក៏​ដោយ​ តុលាការ​សម្រេច​លើក​ពេល​បន្ត​ទៅជំនុំជម្រះ​ នៅថ្ងៃ​ទី​៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​ក្រោម​ហេតុ​ផល​ថា​ តុលាការ​មាន​ភាព​មមាញឹក​ជាមួយ​សំណុំ​រឿង​ផ្សេង​ទៀត។

​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​វិធានការ​របស់​រដ្ឋាភិបាល​មក​លើ​លោក ​រ៉ុង​ ឈុន​ គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដោយ​មេដឹកនាំ​សហជីព​រូប​នេះ បាន​ត្រឹមតែ​បញ្ចេញ​មតិ​និង​សម្តែង​កង្វល់​ពី​បញ្ហាជាតិ​តែ​ប៉ុណ្ណោះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​ការ​សង្វេគ​មែនទែន​ ដោយសារ​យើង​ឃើញ​ថា ​វា​ទៅ​ជា​ពលរដ្ឋ​ម្នាក់​គាត់​ខ្វាយខ្វល់​យើង​បែរ​ជា​នាំ​គ្នា​ចំណាយ​ធនធាន​រដ្ឋ​ តាមរយៈ​មាន​មេធាវី​តំណាង​ប្តឹង​ផ្តល់​ពលរដ្ឋ​ខ្លួន​ឯង​ ដោយសារ​ពលរដ្ឋ​ខ្វាយខ្វល់​ពី​ទឹកដី»។​

លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និយាយជាមួយក្រុមអ្នកកាសែតនៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

ចំណែក​លោក​ ស៊ឹង សែនករុណា​ អ្នកនាំ​ពាក្យ​សមាគម​អាដហុក​យល់​ថា ​រដ្ឋាភិបាល​មិន​គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​លោក រ៉ុង​ ឈុន​ ចំពោះ​ការសម្តែង​មតិ​នោះ​ទេ។ លោក​ថា​ រដ្ឋាភិបាល​អាច​គ្រាន់​តែ​បដិសេធ​អ្វី​ដែល​លោក រ៉ុង​ ឈុន​ លើកឡើង​គឺ​វា​គ្រប់គ្រាន់​ទៅ​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «បើសិន​ជា​ករណី​ហ្នឹង​លោក​ រ៉ុង​ ឈុន​ បាន​ធ្វើ​ខុស​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​គឺ​មុខមាត់​និង​កិត្តិ​យស​របស់​លោក ​រ៉ុង​ ឈុន ​ហ្នឹង​ហើយ។ ហើយ​យើង​ឆ្លើយ​តប​ប៉ុណ្ណឹង​ ក៏​យើង​បញ្ចប់​ទៅ។ មិន​ចាំបាច់​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​លោក ​រ៉ុង​ ឈុន ​ទេ​បាទ»។

កាល​ពីចុង​ឆ្នាំ​២០២០ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក ​រ៉ុង ឈុន គឺ​ជា ​«ការ​មួល​បង្កាច់» ​មិន​មែន​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។

​លោក​បន្ត​ថា ​បើ​សិន​ជា​លោក រ៉ុង ឈុន​ ចោទ​សួរ​មក​រដ្ឋាភិបាល​អំពី​ការ​បោះ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល «គ្មាន​ហេតុ​ផល​ចាប់​ខ្លួន [លោក]​ រ៉ុង ឈុន ​ទេ»។​

ប្រសិន​បើ​រក​ឃើញ​កំហុស លោក រ៉ុង ឈុន អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ២ ​ឆ្នាំ។ ក្រោយការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ​ការ​តវ៉ា​អហិង្សា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ហើយ​សកម្មជនមួយ​ចំនួន​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ៕