ក្រោយពីបិទបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ អ្នកស្រី Jutta Urpilainen បានលើកឡើងថា កម្ពុជាទំនងនឹងមិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» EBA បន្តទៀតនោះទេ ដោយសារតែកម្ពុជាត្រៀមនឹងចាកចេញពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម។
ទោះជាយ៉ាងណាក្តី ក្រុមមេដឹកនាំសហជីពមើលឃើញថា កម្ពុជានៅតែត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA បន្តទៀត ដើម្បីធ្វើឱ្យវិស័យការងារក្នុងប្រទេសមានភាពល្អប្រសើរ និងទ្រទ្រង់ដល់សិទ្ធិកម្មករនិយោជិត។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយសម្រាលបន្ទុកជាច្រើនសម្រាប់ទីផ្សារការងារនៅកម្ពុជា និងលើកកម្ពស់ការគោរពសិទ្ធិកម្មករ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងយើងក្រឡេកមើលថា ប្រសិនបើស្រុកយើងអត់មានប្រព័ន្ធនៅក្នុងការអនុគ្រោះពន្ធទេ ខ្ញុំគិតថាជាផ្នែកដែលធ្វើឱ្យប្រទេសកម្ពុជាយើងនឹងធ្លាក់ដុនដាបកាន់តែខ្លាំងចំពោះបញ្ហាស្ថានភាពនៃសិទ្ធិការងាររបស់កម្មករនិយោជិត និងស្ថានភាពនៃការងារ ព្រោះខ្ញុំគិតថា យើងអត់ទាន់អាចមានអីទៅប្រកួតប្រជែងទៅនឹងបណ្តាប្រទេសនៅតំបន់អាស៊ាន ក៏ដូចជាបណ្តាប្រទេសអីផ្សេងៗទេ យើងនៅពឹងទៅលើប្រទេសផ្សេងៗនៅក្នុងការជួយទៅលើកត្តានៃការងារហ្នឹង»។
ក្រោយដំណើរទស្សនកិច្ចរបស់អ្នកស្រី Jutta Urpilainen នៅកម្ពុជា មេដឹកនាំសហជីពដែលវីអូអេបានសម្ភាសរំពឹងថា ការវាយតម្លៃរបស់អ្នកស្រីលើស្ថានការណ៍នៅប្រទេសកម្ពុជា នឹងធ្វើឱ្យមានលទ្ធផលវិជ្ជមាន នៅក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ក៏ដូចជាបន្តកិច្ចសហប្រត្តិបត្តិការជាមួយកម្ពុជាផងដែរ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យ បន្តមើលឃើញពីសារៈសំខាន់របស់ប្រព័ន្ធអនុគ្រោះពន្ធ EBAក្នុងវិស័យការងារនៅកម្ពុជាដែលកម្រិតចំណូលរបស់កម្មករបច្ចុប្បន្ននៅមានកម្រិតទាប។ ប៉ុន្តែលោកថា សហភាពអឺរ៉ុបអាចសម្លឹងមើលជម្រើសផ្សេងដែលអាចជួយទ្រទ្រង់កម្មករកម្ពុជាឱ្យបានរស់នៅសមរម្យ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់កម្មករ នៅពេលប្រទេសនេះ ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោកថ្លែងថា៖ «យើងបានព្យាយាមដោះស្រាយកន្លងមកហើយវាអត់មាន ហើយប្រសិនបើយើងនៅបន្តប្រើយន្តការដាក់សម្ពាធតទៅមុខទៀតខ្ញុំគិតថាវានៅតែដដែល។ អ៊ីចឹងសម្រាប់អ្វីដែលយើងចង់ធ្វើឱ្យល្អដូចជាយើងរកចក្រណាដើម្បីបើកចក្រមួយឱ្យមានការរីកចម្រើនផ្នែកសិទ្ធិមនុស្សចរចាក្នុងកម្រិតៗរហូតទៅដល់ភាគីទាំងសងខាងអាចចរចាគ្នាអាចទុកចិត្តគ្នាបាន»។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចផ្លូវការរបស់អ្នកស្រីស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានផ្លាស់រដ្ឋាភិបាលថ្មីបានជាង៦ខែ ដោយវត្តមានរបស់អ្នកស្រី Jutta Urpilainen បានផ្តោតសំខាន់លើការបន្តកិច្ចសហការទ្វេភាគីជាមួយប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកស្រី Urpilainen បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានទំនាក់ទំនងល្អ និងយូរអង្វែងជាមួយនឹងសហភាពអឺរ៉ុបបានអភិវឌ្ឍខ្លួនឱ្យចាកចេញពីភាពក្រីក្រក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយសហភាពអឺរ៉ុបពិតជាអបអរចំពោះវឌ្ឍនភាពនេះ។
អ្នកស្រីថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «ប្រសិនបើខ្ញុំក្រឡេកមើលទាំងអស់អំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងអំឡុង ២០ ឆ្នាំកន្លងមកនេះ យើងបានគាំទ្រជាពិសេសដល់ប្រព័ន្ធអប់រំរបស់កម្ពុជាដែលពួកយើងបានផ្តល់ជាង ២០០ លានអឺរ៉ូដល់ប្រទេសកម្ពុជាដើម្បីអភិវឌ្ឍវិស័យអប់រំជាចម្បង»។
អ្នកស្រីបន្តថា អ្នកស្រីបានជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែមីនា ហើយនៅក្នុងជំនួបនោះអ្នកស្រី និងលោកនាយករដ្ឋមន្រ្តីបានពិភាក្សាលើបញ្ហាជាច្រើនរួមមាន ប្រព័ន្ធអនុគ្រោះពន្ធ EBA បញ្ហានយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា កម្ពុជាកំពុងវិវឌ្ឍខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម ដូច្នេះកម្ពុជាអាចនឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយទៀតហៅថា GSP Plus ប៉ុន្តែតម្រូវឱ្យកម្ពុជាត្រូវគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងលក្ខខណ្ឌការងារអន្តរជាតិជាមុនសិន។
អ្នកស្រីថ្លែងថា៖ «នោះហើយជាមូលហេតុដែលខ្ញុំគិតថា វាមានសារៈសំខាន់ ហើយយើងក៏ធ្វើការយ៉ាងជិតស្និទ្ធផងដែរក្នុងអំឡុងពេលអន្តរកាលជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីយើងអាចផ្តល់ជំនួយបច្ចេកទេសផងដែរប្រសិនបើត្រូវការ ប៉ុន្តែកម្ពុជាក៏ត្រូវយល់ និងចាំបាច់ត្រូវបំពេញកាតព្វកិច្ចអន្តរជាតិជាក់លាក់មួយ ប្រសិនបើប្រទេសនេះក្លាយជាប្រទេសមានចំណូលមធ្យមចង់ទទួលបានអត្ថប្រយោជន៍ពី GSP Plus»។
ប្រព័ន្ធអនុគ្រោះពន្ធ GSP Plus តម្រូវឱ្យប្រទេសដែលស្នើសុំ គោរពទៅតាមលក្ខខណ្ឌគោល៤ ពាក់ព័ន្ធរួមមាន សិទ្ធិមនុស្ស សិទ្ធិការងារ បរិស្ថាន និងអភិបាលកិច្ចល្អ។ បច្ចុប្បន្នមានប្រទេសចំនួន៨ដែលកំពុងទទួលបានប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលមានដូចជាប៉ាគីស្ថាន ស្រីលង្កា និងហ្វីលីពីនជាដើម។ នេះបើតាមគេហទំព័ររបស់គណៈកម្មការអឺរ៉ុប។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែមានការកែទម្រង់ប្រព័ន្ធនយោបាយ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP Plus។
លោកថ្លែងថា៖ «ខណៈពេលដែលយើងកំពុងស្ថិតនៅក្នុងលក្ខខណ្ឌដែលស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យនូវអនុសាសន៍របស់សហភាពអឺរ៉ុបនៅពេលកន្លងមក ហើយយើងកំពុងតែត្រៀមខ្លួននៅក្នុងការទទួលនូវលក្ខខណ្ឌថ្មីមួយបន្ថែមទៀតនោះ ខ្ញុំគិតថា ប្រសិនជាលក្ខខណ្ឌចាស់នៅក្នុងឋានានុក្រាមប្រព័ន្ធអនុគ្រោះពន្ធ EBA មិនទាន់បានធ្វើប្រសើរឡើង អ៊ីចឹងពិបាកសម្រាប់រាជរដ្ឋាភិបាលនៅក្នុងការទទួលបាននូវឱកាសដើម្បីទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ GSP Plus របស់សហភាពអឺរ៉ុប»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ប្រាប់វីអូអេថា ទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់មិនថា ក្នុងតំបន់ និងបណ្តាប្រទេសផ្សេងក៏ដោយ។
លោកបន្តថា ក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣២គម្រោង ដែលគិតជាទឹកប្រាក់ប្រមាណជាង ១.២ពាន់លានដុល្លារ ហើយចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ដែលមានរយៈពេល៦ខែ កម្ពុជាបានអនុម័តគម្រោងជាង៤ពាន់លានដុល្លារ និងការនាំចេញផលិតផលវាយនភ័ណ្ឌប្រមាណ ១.៦ ពាន់លានដុលា្លរក្នុងរយៈពេល២ខែក្នុង២០២៤នេះ។
បើតាមកំណើននៃ គម្រោងវិនិយោគ និងការនាំចេញនេះ លោកយល់ថា សេដ្ឋកិច្ចកម្ពុជាកំពុងមានការកើនឡើងក្នុងឆ្នាំ២០២៤ បើទោះបីជាកម្ពុជារងការកាត់បន្ថយ២០%នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។
លោកថ្លែងថា៖ «បើយើងប្រៀបធៀបនឹងបណ្តាប្រទេសនានានៅក្នុងតំបន់ឃើញថាកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចបានល្អប្រសើរជាងគេ ដូច្នេះហើយបានជាមានការវាយតម្លៃជារួមថានៅក្នុងឆ្នាំ២០២៤នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចកើនឡើងជាង៦% ហើយកម្ពុជានឹងក្លាយជាដែលមានចំណូលកម្រិតមធ្យមនាពេលខាងមុខ ដូច្នេះកម្ពុជាបានត្រៀមខ្លួនស្រេចហើយទោះបីជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងណាក៏ដោយ»។
សហភាពអឺរ៉ុបនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។ នេះបើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អំឡុងពេលដែលអ្នកស្រីស្នងការ Jutta Urpilainenមានវត្តមាននៅកម្ពុជា រដ្ឋាភិបាលទីក្រុងភ្នំពេញ និងសហភាពអឺរ៉ុប ក៏បានចាប់ផ្តើមយុទ្ធនាការនៃគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបចំនួនពីរសម្រាប់កម្ពុជា ដោយមួយផ្នែកផ្តោតលើ «កសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ» ដែលមានទឹកប្រាក់ប៉ាន់ស្មានប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក និងមួយផ្នែកទៀតផ្តោតលើ«រោងចក្របៃតង និងការងារសមរម្យ» ដែលមានទឹកប្រាក់ប៉ាន់ស្មានប្រមាណ ៤៣០ លានដុល្លារអាមេរិក៕