ទោះបីច្បាប់ស្តីពីការងារបានចែងពីការការពារការបង្កើតសហជីព ដើម្បីបម្រើប្រយោជន៍កម្មករក៏ដោយ ក៏ការរើសអើង ឬរឹតត្បិតសិទ្ធិសហជីពនៅបន្តកើតមានជាបន្តបន្ទាប់ ជាពិសេសគឺក្រោយពេលដាក់ឱ្យ ប្រើ ប្រាស់ច្បាប់ស្តីពីសហជីព។ នេះបើតាមក្រុមសហជីពឯករាជ្យ។
មេដឹកនាំសហជីពអះអាងថា មានចំណុចខ្លះបង្កការរាំងស្ទះដល់ការបង្កើតសហជីពដែលមិនរណបនឹងថៅកែរោងចក្រ។
នៅក្នុងករណីរើសអើងលើការបង្កើតសហជីពឯករាជ្យក្នុងរោងចក្រមួយស្ថិតនៅជាយរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងសមាជិកសហជីព ៣នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយម្ចាស់រោងចក្រនិយាយថា រោងចក្រមានសហជីពមួយរួចទៅហើយ ហើយសហជីពនោះមានមេដឹកនាំជាសមាជិករបស់គណបក្សកាន់អំណាច។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខេមបូចា។
លោក យឿន យឹម ដែលជាអនុប្រធានសហជីពឯករាជ្យដែលទើបតែត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ ត្រូវបានបណ្តេញចេញពីការងារ ដោយអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) លោក Enjoy Ho ដែលជាម្ចាស់ក្រុមហ៊ុន អេសវ៉ាយអេសជី ហ្គាម៉ិន (SYSG Garment Company Limited) ដែលមានទីតាំងស្ថិតនៅកំណាត់ផ្លូវជាតិលេខ៤។ នេះបើតាមក្រុមសហជីពដែលតាមដានករណីបណ្តេញចេញនេះ។
លោក យឿន យឹម ប្រាប់វីអូអេកាលពីថ្ងៃពុធថា មកដល់ពេលនេះ សមាជិកសហជីព ២នាក់បានត្រឡប់ចូលធ្វើការវិញ ដោយពួកគេព្រមលាឈប់ពីសហជីពរបស់លោក ហើយម្នាក់ទៀតត្រូវបានបញ្ឈប់ដោយមិនដឹងមូលហេតុ។
លោកបន្ថែមថា ការបញ្ឈប់លោកពីការងារនៅរោងចក្រ អេសវ៉ាយអេសជី ហ្គាម៉ិន នោះ ជាប់ទាក់ទងនឹងការបង្កើតសហជីពឯករាជ្យរបស់លោក។
លោកថ្លែងថា៖ «គេដឹងផែនការយើងថា យើងបង្កើតសហជីពអ៊ីចឹង។ អ៊ីចឹង គេបញ្ចប់កុងត្រាយើងទៅ។ ការបញ្ចប់កុងត្រា វាអត់ត្រូវច្បាប់ការងារដែរ»។
ច្បាប់ស្តីពីការងាររបស់កម្ពុជាចែងថា កម្មករមានសិទ្ធិបង្កើតសហជីព ហើយនិយោជកមិនត្រូវរើសអើងលើកម្មករដោយសារតែពួកគេពាក់ព័ន្ធនឹងសហជីព ឬជាមេដឹកនាំសហជីព ឬក៏ចូលរួមក្នុងសកម្មភាពរបស់សហជីព។
មាត្រា ២៦៦ នៃច្បាប់ស្តីពីការងារបានចែងថា៖ «ដោយគ្មានការប្រកាន់អ្វីទាំងអស់និងដោយពុំចាំបាច់មានការអនុញ្ញាតជាមុនកម្មករនិយោជិត និងនិយោជក មានសិទ្ធិបង្កើតអង្គការវិជ្ជាជីវៈតាមការជ្រើសរើសរបស់ខ្លួន ក្នុងគោលបំណងសម្រាប់តែការសិក្សាលើកតម្កើងផលប្រយោជន៍ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសម្ភារៈជាសមូហភាព និងជាឯកត្តជនចំពោះបុគ្គលិកដែលលក្ខន្តិកៈរបស់អង្គការនោះបានកំណត់»។
រីឯមាត្រា ២៧៩ នៃច្បាប់ដដែលបានចែងថា៖ «ត្រូវហាមឃាត់ចំពោះនិយោជកគ្រប់រូប មិនឱ្យយកការចូលរួមជាសមាជិករបស់សហជីព ឬការចូលរួមក្នុងសកម្មភាពរបស់សហជីពនៃកម្មករនិយោជិត ដើម្បីសម្រេចចិត្តក្នុងការជ្រើសរើសឱ្យចូលធ្វើការងារ ការដឹកនាំនិងបែងចែកការងារ ការដំឡើងថ្នាក់ ការផ្តល់ប្រាក់ឈ្នួល និងការផ្តល់ផលប្រយោជន៍ វិធានការដាក់វិន័យ និងការបណ្តេញចេញ»។
ការបាត់បង់ការងាររបស់លោក យឿន យឹម ជាប់ទាក់ទងនឹងការរើសអើងសហជីពរបស់ថៅកែរោងចក្រ ច្រើនជាងការគោរពទៅតាមមាត្រាច្បាប់មួយចំនួនដែលចែងពីការគោរពសិទ្ធិបង្កើតសហជីព ព្រោះការមិនបន្តកិច្ចសន្យាការងាររបស់ លោក យឹម ដោយសារតែសកម្មភាពសហជីពរបស់លោកនោះ មិនត្រូវបានលើកទឹកចិត្តឱ្យអនុវត្ត បើមើលទៅលើបទដ្ឋានអន្តរជាតិ ពាក់ព័ន្ធនឹងការងារ។ នេះបើតាមអ្នកការពារសិទ្ធិការងារ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ការបញ្ឈប់សមាជិកសហជីពនៅរោងចក្រ អេសវ៉ាយអេសជី ហ្គាម៉ិន ស្ថិតនៅក្នុងទម្រង់នៃការដាក់សម្ពាធរបស់ថៅកែដែលមិនចង់ឃើញវត្តមានសហជីពដែលគិតគូរពីប្រយោជន៍កម្មករ។
លោកថ្លែងថា៖ «ផ្អែកតាមស៊ើបអង្កេត និងព័ត៌មានដែលយើងទទួលបាន យើងឃើញថា ទម្រង់នៃការធ្វើទុក្ខបុកម្នេញ ចំពោះថ្នាក់់ដឹកនាំសហជីព នៅថ្នាក់មូលដ្ឋាននេះ គឺមានច្រើនទម្រង់ណាស់ ដូចជាការបញ្ឈប់ ការផ្តាច់កិច្ចសន្យាការងារដោយខុសនីតិវិធី ទម្រង់នៃការដាក់សម្ពាធទៅដល់ថ្នាក់ដឹកនាំស្ថាបនិកសហជីពឱ្យមានការលាលែងពីសហជីព រួមមានការទិញទឹកចិត្ត ការសម្លុត ការគំរាមកំហែង ការយកហេតុផលពីសំណាក់និយោជក អំពីបញ្ហានៃការធ្លាក់ចុះនៃការបញ្ជាទិញដែលជាកម្មវត្ថុនៅក្នុងការព្យួរការងារដោយកំណត់គោលដៅក្នុងការព្យួរការងារទៅដល់ថ្នាក់ដឹកនាំ សកម្មជនសហជីព»។
លោកបន្ថែមថា យន្តការដោះស្រាយវិវាទការងារដែលមានទំនាក់ទំនងនឹងការអនុវត្តសិទ្ធិសហជីពក៏កាន់តែមានភាពស្មុគស្មាញ នៅពេលអធិការការងារញែកវិវាទនោះ ចេញពីវិវាទរួមទៅជាវិវាទបុគ្គល។
លោកលើកឡើងថា៖ «ដោយឡែកយើងឃើញថា បញ្ហាមួយដែលមានលក្ខណៈស្មុគស្មាញគឺការញែកវិវាទការងារពីសំណាក់ អធិការកិច្ចការងារ ពីវិវាទរួមទៅជាវិវាទបុគ្គល ដែលអាចបើកផ្លូវឱ្យនិយោជកអាចបញ្ឈប់ថ្នាក់ដឹកនាំ ឬក៏ស្ថាបនិកសហជីពដែលមានការការពារពិសេសពីច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព»។
មាត្រា ៦២ នៃច្បាប់ស្តីពីសហជីព បានចែងថា៖ «និយោជកមិនត្រូវរើសអើងដោយយកលេសអំពីការជាប់ទាក់ទងនឹងការកាន់តំណែងជាថ្នាក់ដឹកនាំរបស់សហជីព ឬការចូលរួមរបស់កម្មករនយោជិតក្នុងសកម្មភាពសហជីព ដើម្បីធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសឱ្យចូលធ្វើ ការដឹកនាំ ការបែងចែកការងារ ការដំឡើងតួនាទី មុខតំណែង ការផ្តល់ប្រាក់ឈ្នួល ការផ្តល់អត្ថប្រយោជន៍ វិធានការដាក់វិន័យ និងការបញ្ចប់កិច្ចសន្យាការងារដែលរួមបញ្ចូលទាំងការបញ្ឈប់ ឬការមិនបន្តកិច្ចសន្យាការងារដែលមានជាបន្តគ្នាដោយខុសនីតិវិធី»។
បើតាមគម្រោងរោងចក្រកាន់តែប្រសើរដែលគាំទ្រដោយអង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO របស់អង្គការសហប្រជាជាតិ កម្មករមានសិទ្ធិបង្កើត និងចូលរួមសហជីពដោយសេរី គ្មានការគ្រប់គ្រងសហជីពដោយនិយោជក ការងារមិនត្រូវផ្អែកលើភាពជាសមាជិករបស់សហជីព គ្មានការជ្រៀតជ្រែកផ្នែកគ្រប់គ្រងជាមួយសហជីព កម្មករក៏មានសិទ្ធិសេរីភាពមិនចូលរួមសហជីព ហើយការបណ្តេញមេដឹកនាំ ឬក៏បេក្ខជនសហជីព ត្រូវធ្វើទៅបានតែតាមការអនុញ្ញាតពីក្រសួងការងារ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បញ្ជាក់ឱ្យដឹងទៀតថា កម្សោយអនុវត្តច្បាប់ ឬការបង្កើតច្បាប់ថ្មីដែលមានលក្ខណៈរឹតត្បិត និងមានទំនាក់ទំនងនឹងសិទ្ធិការងារ ជាមូលហេតុនាំឱ្យមានការបញ្ឈប់កម្មកររោងចក្រដែលចូលរួមចលនាសហជីពឯករាជ្យ។
លោកថ្លែងថា៖«រាល់ការប្រើប្រាស់យន្តការនៃការដោះស្រាយវិវាទ ឬក៏កម្សោយនៃយន្តការដោះស្រាយវិវាទការងារនេះ គឺវាធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់សហជីព ដែលសិទ្ធិនេះត្រូវបានធានាដោយច្បាប់។ ហើយបញ្ហានេះ វានឹងបង្កឱ្យមាននូវភាពអយុត្តិធម៌នៅកន្លែងការងារ។ ហើយករណីនេះ វានឹងក្លាយទៅជាគំរូអាក្រក់មួយ ហើយនិងបង្កឱ្យមានការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ពីសំណាក់និយោជកដែលមានឥទ្ធិពលមានអំណាច នៅតាមបណ្តាសហគ្រាសផ្សេងៗទៀត នៅពេលដែលកម្មករនិយោជិតគាត់រៀបចំនៅក្នុងការបង្កើតសហជីពឯករាជ្យក្នុងការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិតនៅកន្លែងការងារ»។
ស្ថិតិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា នៅឆ្នាំ២០២២ មានសហជីពមូលដ្ឋានដែលបានចុះបញ្ជីការចំនួន ៥.៥៩១ គឺច្រើនជាងចំនួនសហជីពមូលដ្ឋានដែលបានចុះបញ្ជីការមានចំនួន ៥.៤៤២កាលពីឆ្នាំ២០២១។
បើទោះបីមានចំនួនសហជីពមូលដ្ឋានចុះបញ្ជីច្រើនក្តី ក៏ការអនុវត្តសិទ្ធិសហជីព ជាពិសេសសហជីពឯករាជ្យបាននិងកំពុងបន្តប្រឈមបញ្ហាជាច្រើន ដោយសារការបង្កើតច្បាប់សហជីព ដែលមានចំណុចខ្លះរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព ក្នុងនោះគឺភាពជាតំណាងរបស់កម្មករដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលបានកើតឡើងនៅកន្លែងធ្វើការរបស់ពួកគេ។ នេះបើតាមមេដឹកនាំសហជីព។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានមើលឃើញផងដែរ នូវការរឹតត្បិតសហជីពឯករាជ្យ ហើយករណីរើសអើងនេះ ត្រូវបានអ្នកស្រីកត់ចំណាំថាជាញឹកញាប់កើតមាននៅតាមរោងចក្រដែលមានថៅកែភាគច្រើនជាជនជាតិចិន។
អ្នកស្រីថ្លែងថា៖ «ករណីការរើសអើងទៅលើសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ដែលចូលរួមក្នុងការបង្កើតសហជីពហ្នឹង វាមានស្ទើរតែគ្រប់សហជីពហ្នឹង សហជីពខ្ញុំក៏មានដែរ។ ហើយជាទូទៅ ក្រុមហ៊ុនទាំងអស់ហ្នឹង គេសុទ្ធតែជាក្រុមហ៊ុនដែលមានថៅកែជនជាតិចិន ជនជាតិចិន ចិនដែរ ប៉ុន្តែចិនប្រភេទចិន គេហៅចិនដីគោក ឬក៏ចិនកុកងឺ»។
អ្នកស្រីបន្ថែមថា ថៅកែជនជាតិចិនភាគច្រើន រមែងមិនខ្វល់ពីសិទ្ធិការងារ ឬក៏ការបង្កើតសហជីពនោះទេ។
អ្នកស្រីលើកឡើងថា៖ «ពួកហ្នឹង គឺភាគច្រើននៅពេលដែលកម្មករនិយោជិតចូលរួមក្នុងការបង្កើតសហជីពឯករាជ្យ គឺពួកវាអត់សប្បាយចិត្តទេ។ អ៊ីចឹង វាតែងតែបញ្ឈប់ បណ្តេញពួកគាត់ចេញ ឬក៏ព្យួរការងារ ឬក៏ធ្វើទុក្ខបុកម្នេញ ទៅលើពួកគាត់សព្វបែបយ៉ាងទាំងអស់ រហូតដល់ពេលខ្លះ បង្ខំគំរាមកំហែង...រហូតដល់ពេលខ្លះ គាត់ស្ម័គចិត្តនៅក្នុងការលាឈប់ ឬក៏អ្នកខ្លះបង្ខំចិត្តនៅក្នុងការយកលុយក្រុមហ៊ុន»។
ស្រដៀងគ្នានេះដែរ ប្រធានសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែងថាថៅកែរោងចក្រមិនចង់បានសហជីពណាមួយ ដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍របស់ពួកគេនោះទេ។
លោកលើកឡើងថា៖ «គាត់យល់ថា ប្រសិនបើមានវត្តមានសហជីពឯករាជ្យនៅក្នុងរោងចក្ររបស់ពួកគេ ច្បាស់ណាស់ការដាក់សម្ពាធការងារ ការបង្ខិតបង្ខំ ការកេងប្រវ័ញ្ច ការរំលោភសិទ្ធិផ្សេងៗ គឺនិយោជកពិបាកធ្វើវា។ ដូច្នេះ ចំណុចនេះហើយ ដែលយើងបានជួបប្រទះ»។
មេដឹកនាំសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូអេថា ក្រោយឆ្នាំ២០១៧ និងនៅពេលមានការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីសហជីពនោះ កម្មករបានប្រឈមនឹងផលវិបាកច្រើន នៅពេលដែលពួកគេចង់បង្កើតសហជីពឯករាជ្យ ហើយសេរីភាពរបស់សហជីពក្នុងការតវ៉ាជំទាស់នឹងការរំលោភបំពានណាមួយនោះក៏ត្រូវបានរឹតត្បិត។
លោកថ្លែងថា៖«យើងស៊ឹងថា ឥឡូវនេះ គឺសហជីពស៊ឹងថាដូចអង្គការទៅហើយ បណ្តុះបណ្តាលអីចឹង លែងហ៊ានទៅ គេធ្វើការតវ៉ាអី កម្មករប្តឹងមកយើងអី យើងទៅ គេចេញលិខិតព្រមានមិនឱ្យយើងទៅចូលរួម ហើយអាចប្រឈមនឹងគេបិទបញ្ជីការ ច្រើនណាស់ រឿងបញ្ហាហ្នឹង»។
លោកបន្ថែមថាច្បាប់ស្តីពីសហជីព ក៏ជាកត្តារាំងស្ទះ សម្រាប់កម្មករក្នុងការរកតំណាងសហជីពដែលមិនស្ថិតនៅមូលដ្ឋានមកការពារ ឬដោះស្រាយវិវាទរបស់ខ្លួន ដូច្នេះសហជីព ឬសហព័ន្ធសហជីពឯករាជ្យធំៗ បានត្រឹមផ្តល់ជំនួយច្បាប់ និងប្រឹក្សាដល់កម្មករដែលមានបំណងរៀបចំសហជីពនៅមូលដ្ឋានតែប៉ុណ្ណោះ។
នៅក្នុងសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំសហជីពឯករាជ្យនៅរោងចក្រ អេសវ៉ាយអេសជី ហ្គាម៉ិន (SYSG Garment Company Limited) វីអូអេព្យាយាមសុំការអត្ថាធិប្បាយពី លោក Enjoy Ho ដែលជាអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) និងជាម្ចាស់ក្រុមហ៊ុន SYSG Garment Company Limitedតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែគ្មានការឆ្លើយតប។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិក (វីអូអេ) តាមប្រព័ន្ធទំនាក់ទំនង WhatsApp តាំងពីថ្ងៃពុធ។
ការបញ្ឈប់កម្មករដោយសារហេតុផលសហជីពនេះ ក៏បានកើតឡើងនៅរោងចក្រផ្សេងទៀតផងដែរ តួយ៉ាង រោងចក្ររបស់ក្រុមហ៊ុន អ៊ីស្តក្រោនហ្វូតវែរអ៊ីនដាសស្ទ្រី ឯ.ក (Eastcrown Footwear Industries) ដែលបានបញ្ឈប់ថ្នាក់ដឹកនាំ និងសមាជិកសហជីពជាង ១០នាក់។ រោងចក្រនេះផ្គត់ផ្គង់ផលិតផលស្បែកជើងកីឡាឱ្យក្រុមហ៊ុន Puma ហើយមានកម្មករសរុបជាង ២ពាន់នាក់។
អ្នកស្រី ស៊ឹង វទុម ដែលជាប្រធានជាប់ឆ្នោតនៃសហជីពកម្មករនិយោជិតនៃក្រុមហ៊ុន អ៊ីស្តក្រោនហ្វូតវែរអ៊ីនដាសស្ទ្រី ឯ.ក (Eastcrown Footwear Industries) ដែលមានម្ចាស់ជាជនជាតិចិន បញ្ជាក់ប្រាប់វីអូអេឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រោងចក្រមិនទាន់ទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពនៅឡើយទេ។
អ្នកស្រីបន្ថែមថា សហជីពរបស់អ្នកស្រីកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅក្រសួងការងារ នៅសប្តាហ៍ក្រោយនេះ។
អ្នកស្រីថ្លែងថា៖ «ឥឡូវហ្នឹង ពួកខ្ញុំកំពុងរៀបចំពាក្យបណ្តឹង ដាក់ទៅក្រសួង សម្រាប់អ្នកដែលនៅមិនទាន់បានផ្សះផ្សាជាមួយខាងក្រុមហ៊ុន។ ហើយផលវិបាកដែលពួកខ្ញុំកំពុងតែជួបប្រទះរាល់ថ្ងៃនេះគឺ ពួកខ្ញុំអ្នកខ្លះ គឺគាត់អត់ទាន់បានរកការងារធ្វើបានទេ ដោយសារឥឡូវហ្នឹងក៏ពិបាករកការងារធ្វើ ហើយការចំណាយផ្សេងៗទៀតគឺ ពួកខ្ញុំពិបាក»។
ចំណែក លោក យឿន យឹម អនុប្រធានសហជីពឯករាជ្យនៃរោងចក្រ អេសវ៉ាយអេសជី ហ្គាម៉ិន ក៏នៅបន្តតវ៉ារឿងបង្កើតសហជីព ដែលមានបំណងទាមទារឱ្យម្ចាស់រោងចក្រឈប់កេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ និងស្នើឱ្យប្រធានក្រុម ឬផ្នែកក្នុងរោងចក្រឈប់ប្រើពាក្យអសុរោះមកលើកម្មករ។ សហជីពរបស់លោកក៏បានទាមទារឱ្យមានការបន្ថែមបុគ្គលិកសុខាភិបាល ដើម្បីត្រៀមជួយកម្មករផងដែរ។
លោកថ្លែងថា៖ «ឱ្យមានពេទ្យគ្រប់គ្រាននៅកន្លែងធ្វើការ ព្រោះខាងរោងចក្រ អត់មានពេទ្យ អត់មានសង្គ្រោះបឋមអីឱ្យយើងគ្រប់គ្រាន់អីទេ»។
បើតាមទិន្នន័យដែលកត់ត្រាទុកដោយអង្គការសង់ត្រាល់ ចាប់ពីខែមករា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ មានករណីបណ្តេញកម្មករនិយោជិតចេញពីការងារនៅមុន និងក្នុងអំឡុងពេល ឬក្រោយពេលបង្កើតសហជីពចំនួន ១៥ករណី ដែលស្មើនឹងជាង ៧០នាក់ដែលជាថ្នាក់ដឹកនាំ និងសកម្មជនសហជីព៕