ភ្នំពេញ —
មេដឹកនាំសហជីព ដែលមាននិន្នាការទាមទារដំឡើងប្រាក់បៀរវត្សរ៍ឱ្យកម្មករ បានដាក់ផែនការធ្វើកូដកម្មជាស៊ីរីមួយរបស់ខ្លួន ស្របពេលដែលកម្មករជាច្រើនម៉ឺននាក់នៅទូទាំងប្រទេសកំពុងធ្វើកូដកម្មដោយមិនធ្វើការថែមម៉ោង។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) ថ្លែងថា នេះជាជំហានដំបូងក្នុងការទាមទារដំឡើងប្រាក់ខែអប្បបរមាដល់កម្មករ១៦០ដុល្លារក្នុងមួយខែ និងទាមទារឱ្យមានការដោះលែងមនុស្សទាំង២១នាក់ដែលចាប់ខ្លួនក្នុងខែមករា។
លោកបន្ថែមថា សម្ព័ន្ធសហជីពរបស់ពួកលោក ដែលមានសមាជិកចំនួន១៨សហជីព បានចែកខិត្តប័ណ្ណអំពាវនាវឱ្យកម្មកររោងចក្រ ដោយសុំឲ្យពួកគេធ្វើកូដកម្មដោយមិនធ្វើការថែមម៉ោងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកុម្ភៈ។ ហើយចាប់ពីថ្ងៃម្សិលមិញមក មានកម្មករជាង២០ម៉ឺននាក់នៅតាមរោងចក្រជាង២០០ក្នុងចំណោម៦០០រោងចក្រនៅទូទាំងប្រទេសបានចូលរួមក្នុងយុទ្ធនាការនេះ។
«កម្មករចូលរួមច្រើន។ អ្វីដែលគេចូលរួមនោះគឺមានន័យថា ដល់ម៉ោង៤រសៀល គេនាំគ្នាចេញទៅផ្ទះ ដោយមិនធ្វើការថែមម៉ោង ដើម្បីជាសម្ពាធមួយដាក់ទៅខាងក្រុមហ៊ុន ដើម្បីធ្វើការពិចារណាដំឡើងប្រាក់ឈ្នួលបន្ថែមទៀត និងដើម្បីជាសារដាក់ទៅខាងរដ្ឋាភិបាលដើម្បីឲ្យដោះលែងអ្នកទាំង២១នាក់»។
លោកអាត់ ធនឲ្យដឹងថា ប្រសិនបើខាងភាគីរោងចក្រ និងរដ្ឋាភិបាលនៅតែមិនឆ្លើយតបនឹងការទាមទារនេះទេ នោះខាងសម្ព័ន្ធសហជីពពួកលោកនឹងរៀបចំវេទិកាសាធារណៈមួយនៅថ្ងៃទី៨ខែមិនានៅទីលានប្រជាធិបតេយ្យដែលមានកម្មករចូលរួមពី៣ទៅ៤ម៉ឺននាក់ បន្ទាប់មកនឹងអំពាវនាវឱ្យកម្មករធ្វើពហិកាមិនចូលធ្វើការរយៈពេល៤ថ្ងៃគឺពីថ្ងៃទី១២ដល់ទី១៥ខែមិនា។
ហើយពីថ្ងៃទី១៦ដល់ទី១៩ខែមិនា កម្មករនឹងមករោងចក្រដូចធម្មតា ប៉ុន្តែធ្វើពហិកាមិនធ្វើការ ហើយប្រសិនបើកូដកម្មជាស៊ីរីនេះនៅតែមិនបានជោគជ័យ ពួកលោកគ្រោងនឹងធ្វើមហាកូដកម្ម និងបាតុកម្មនៅទូទាំងប្រទេសដោយមានការដើរហែក្បួន។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ឱ្យដឹងថា ដូចគ្នានេះដែរ។ លោកអះអាងថា នៅថ្ងៃម្សិលមិញ កម្មករចំនួន៨០ភាគរយនៃកម្មករសរុបប្រមាណ៧ពាន់នាក់ដែលជាសមាជិកសហជីពរបស់លោកបានចូលរួមកូដកម្មនេះ ហើយពួកគេត្រៀមខ្លួនចូលរួមកូដកម្មជាមួយសហជីពលោកបន្តទៀត។
អ្នកស្រីពឹង សុខណា អាយុ២៨ឆ្នាំ ជាកម្មការិនីម្នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលជាទីតាំងមានការបង្ក្រាបដ៏ហិង្សាលើបាតុកម្មកាលពីខែមករា។ ពេលកំពុងដើរចេញពីខ្លោងទ្វាររោងចក្រនៅម៉ោង៤រសៀល អ្នកស្រីថ្លែងថា អ្នកស្រីនិងកម្មករជាច្រើននាក់ទៀតក្នុងរោងចក្រជាមួយគ្នាបានចូលរួមកូដកម្មនេះដែរ។
«ចូលរួមដែរ គឺចេញម៉ោង៤រសៀល។ ចូលរួមដើម្បីដំឡើងប្រាក់ខែនិងទាមទារឲ្យដោះលែងអ្នកដែលគេចាប់បានពេលមុន»។
វីអូអេសំឡេងសហរដ្ឋអាមេរិចបានព្យាយាមទាក់ទងលោកកេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា (GMAC) ដើម្បីស្នើសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។ប៉ុន្តែលោកកេន លូបានថ្លែងនៅថ្ងៃម្សិលមិញថា មានកម្មករក្នុងរោងចក្រតិចតួចបំផុតដែលធ្វើកូដកម្មមិនធ្វើការថែមម៉ោងកាលពីថ្ងៃម្សិលមិញ ពោលគឺមិនដូចការអះអាងរបស់ក្រុមសហជីពទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ក្រសួងនេះកំពុងរងចាំការវាយតម្លៃរបស់អ្នកជំនាញការអង្គការពលកម្មអន្តរជាតិអំពីយន្តការនិងរូបមន្តកំណត់ប្រាក់ខែអប្បបរមាដល់កម្មករ មុននឹងខ្លួនរៀបចំឱ្យមានការចរចាអំពីប្រាក់ឈ្មួលនេះបន្ថែមទៀត។
«ការប្រកាន់យកគោលការណ៍ដែលជំរុញឱ្យបងប្អូនកម្មករយើងទាំងអស់បាត់បង់ប្រយោជន៍គឺមិនមែនជាយន្តការល្អនោះទេ។ តាមការណ៍ពិត ទោះបីជាគាត់មិនអំពាវនាវឱ្យបងប្អូនធ្វើកូដកម្មថ្វី រដ្ឋាភិបាលអត់ដែលមានគោលជំហរថា យើងបញ្ចប់ការចរចាប្រាក់ឈ្នួលអប្បបរមា គឺអត់ទេគឺការចរចាប្រាក់ខែអប្បបរមានេះគឺនៅមានបន្ត»។
លោកហេង សួរអត្ថាធិប្បាយបន្ថែមថា ការធ្វើបាតុកម្មនិងកូដកម្មជាបន្តបន្ទាប់នេះមិនមែនជាដំណោះស្រាយល្អទេ ប៉ុន្តែអាចនឹងធ្វើឱ្យម្ចាស់រោងចក្រងាកចេញពីកម្ពុជាទៅវិនិយោគនៅប្រទេសផ្សេងវិញ។
ក្រុមកម្មកររោងចក្របានចាប់ផ្តើមតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារក្នុងមួយខែ ចាប់តាំងពីខែធ្នូឆ្នាំ២០១៣មកម្ល៉េះ។ ការតវ៉ាបានរីករាលដាលដោយសាររដ្ឋាភិបាល និងថៅកែរោងចក្រមិនយល់ព្រមតាមសំណើរបស់ពួកគេ។ ហើយនៅទីបំផុតរដ្ឋាភិបាលបានសម្រេចចិត្តបាញ់បង្រ្កាបហ្វូងបាតុករ។
មនុស្សចំនួនបួនទៅ៥នាក់យ៉ាងតិចបានស្លាប់នៅក្នុងការបាញ់ប្រហារនោះ៕