កុមារកម្ពុជានៅតែរងគ្រោះដោយសារអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងប្រឈមនឹងកង្វះអាហារូបត្ថម្ភ ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ដោះស្រាយពីរដ្ឋាភិបាល សហគមន៍ និងគ្រួសារ។
ក្នុងកម្មវិធីប្រារព្ធខួបទី៣០នៃការបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅរាជធានីភ្នំពេញ នាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះ អ្នកស្រីគ្រីស្ទៀន ម៉ុនឌ័រតេ តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា ប្រាប់ VOA ថាក្នុងពេលបច្ចុប្បន្ន បើទោះបីជាស្ថានភាពសិទ្ធិនិងការរស់នៅរបស់កុមារកម្ពុជាមានភាពប្រសើរជាងមុន ប៉ុន្តែពួកគេនៅតែប្រឈមនឹងបញ្ហាទាំងនេះ។ អ្នកស្រីបន្ថែមថា បញ្ហាពីរដែលរដ្ឋាភិបាល សង្គម និង ឪពុកម្តាយគួរយកទុកដាក់ខ្លាំងនោះគឺការអប់រំនិងការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កុមារមានអាយុក្រោមប្រាំពីរឆ្នាំ ដែលជាអាយុសំខាន់ក្នុងការលូតលាស់។
«មានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ ឧទាហរណ៍ដូចជា អាហារូបត្ថម្ភ។ បច្ចុប្បន្ននេះពី៣៥ទៅ៤០ភាគរយនៃកុមារនៅមានជំងឺក្រិន[…]។ បច្ចុប្បន្ននេះយើងមានចំនួនម្តាយបំបៅកូនដោយទឹកដោះតិចជាងមុន។ បញ្ហានេះធ្វើឲ្យកុមារមានជំងឺក្រិន ពីព្រោះអ្នកម្តាយទាំងនោះមិនបានផ្តល់ជីវជាតិសំខាន់គ្រប់គ្រាន់ដល់កុមារ»។
អ្នកស្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន ត្រូវមានការចូលរួមពីរដ្ឋាភិបាល សហគមន៍ និងក្រុមគ្រួសារ។ ក្នុងនោះ ការបញ្ជូនកុមារទៅចូលរៀនថ្នាក់មត្តេយ្យសិក្សាគឺជាសារៈសំខាន់ដែលនាំឲ្យកុមារមានឱកាសទទួលភាពជោគជ័យក្នុងជីវិត។
«យើងត្រូវការសាលាមត្តេយ្យច្រើនទៀតនៅក្នុងប្រទេសនេះ។ ដូច្នេះកុមារអាចទៅសាលាបានពីអាយុបួនឆ្នាំឡើងទៅ។ ហើយពួកគាត់អាចអភិវឌ្ឍខួរក្បាលសមត្ថភាពនិងជំនាញផ្សេងៗ។ មានការសិក្សាដែលខ្ញុំអាចបង្ហាញអ្នក។ ប្រសិនបើកុមារតូចៗចូលសាលាមត្តេយ្យ ពួកគេមានឱកាសជោគជ័យនៅពេលពួកគេបញ្ចប់មធ្យមសិក្សា និងមហាវិទ្យាល័យ»។
នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធខួបទី៣០នៃការបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារពិភពលោក នៅរាជធានីភ្នំពេញ ដោយមានកុមារជាង៣០០នាក់ចូលរួម ព្រមទាំងតំណាងក្រសួង និងអង្គការជាតិ អន្តរជាតិមួយចំនួនផង។
កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ១៩៩២។ អនុសញ្ញានេះមានគោលបំណងធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ ការកម្សាន្ត ការការពារ ការចូលរួមផ្នែកសង្គមនិងនយោបាយ។
អ្នកស្រីញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យល់ស្របថា បើទោះបីជាកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើកុមារក្តី ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែកើតមានលើកុមារ។
«កត្តាគ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក ការទុកកូនចោល ការជាប់ពន្ធនាគាររបស់ឳពុកម្តាយ ជាហេតុធ្វើឲ្យកុមារទទួលរងបញ្ហាប្រឈមនានា រួមមានកុមារបែកចេញពីគ្រូសារ ការជួញដូរ ការរងអំពើហិង្សា ការគំរាមកំហែង ការរំលោភបំពានទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ឬការកេងប្រវ័ញ្ចគ្រប់រូបភាព»។
យ៉ាងណាក្តី អ្នកស្រីលើកឡើងថា រដ្ឋាភិបាលកម្ពុជាតែងបែងចែកថវិកាជាតិ សម្រាប់គាំទ្រដល់សុខុមាលភាពសាធារណៈរបស់កុមារនៅទូទាំងប្រទេសជារៀងរាល់ឆ្នាំ។
នៅកម្ពុជា កុមារម្នាក់ក្នុងចំណោមកុមារពីរនាក់បានទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរ។ កុមារម្នាក់ក្នុងចំណោមបួននាក់ រងនូវការរំលោភបំពានខាងផ្លូវចិត្ត ហើយក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី-ប្រុស២០នាក់ត្រូវបានគេបំពានផ្លូវភេទ។ នេះបើតាមរបាយការណ៍របស់អង្គការយូនីសេហ្វ ចេញកាលពីខែមិថុនាឆ្នាំ២០១៩។ ក្នុងរបាយការណ៍នោះ កុមារជាច្រើនត្រូវបានគេជួញដូរ ត្រូវបានបង្ខំឱ្យធ្វើការ រួមទាំងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្ម៕