តាមរយៈយុទ្ធនាការឌីជីថលស្ដីពីការការពារកុមារ និងក្មេងជំទង់ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ អង្គការយូនីសេហ្វកម្ពុជា (UNICEF Cambodia) បង្ហាញក្តីសង្ឃឹមថា យុទ្ធនាការនេះនឹងចូលរួមចំណែក ដើម្បីការពារកុមារពីការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។
អង្គការយូនីសេហ្វកម្ពុជាដែលធ្វើការទាក់ទងនឹងបញ្ហាកុមារបានចេញសេចក្ដីប្រកាសព័ត៌មានមួយ នាថ្ងៃព្រហស្បត្តិ៍នេះថាយោងតាមរបាយការណ៍នៅឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ១១% នៃកុមារដែលប្រើអ៊ីនធឺណិត អាយុ ១២ឆ្នាំ ទៅ ១៧ឆ្នាំ នៅកម្ពុជាទទួលរងការកេងប្រវ័ញ្ចនិងការបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។
សេចក្ដីប្រកាសនេះបន្ថែមថា កុមារប្រមាណ ១៦ម៉ឺននាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ ការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត។ សេចក្ដីប្រកាសនេះបន្តថា កុមារចំនួន ១៦% បានទទួលសារយោបល់ទាក់ទងផ្លូវភេទ ឬត្រូវបានគេផ្ញើរូបភាពផ្លូវភេទមកពួកគេ ដែលពួកគេមិនចង់ឃើញ ដោយក្នុងនោះពួកគេទទួលបានរូបភាពនិងសារទាំងនោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
យុទ្ធនាការឌីជីថលដែលអង្គការយូនីសេហ្វកម្ពុជាធ្វើសកម្មភាព ដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមមានវីដេអូអប់រំពាក់ព័ន្ធនឹងបញ្ហាការកេងប្រវ័ញ្ចនិងការបំពានផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិតលើកុមារផ្សព្វផ្សាយលើវេទិកាបណ្ដាញសង្គម ដើម្បីអាចឱ្យកុមារនិងអាណាព្យាបាលអាចការពារខ្លួននិងស្វែងរកជំនួយ។
លោក វីល ផាកស៍ (Will Parks) នាយកអង្គការយូនីសេហ្វកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «មាតិកាឌីជីថលនិងយុទ្ធនាការផ្សព្វផ្សាយរួមគ្នា អាចជួយកសាងកម្ពុជាឱ្យកាន់តែមានសុវត្ថិភាពបន្ថែមទៀតសម្រាប់កុមារ និងក្មេងវ័យជំទង់ ដោយកាត់បន្ថយនូវហានិភ័យនៃការកេងប្រវ័ញ្ចចំពោះពួកគេ»។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់វីអូអេថាកន្លងមកក្រសួងធ្លាប់អនុវត្តយន្ដការចុះអប់រំណែនាំអំពីបញ្ហាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញចំពោះកុមារនិងក្មេងជំទង់ទៅកាន់អាណាព្យាបាល។ លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមើលឃើញថា បញ្ហាការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញចំពោះកុមារនិងក្មេងជំទង់មានការថយចុះ។ អ្នកនាំពាក្យរូបនោះលើកឡើងថាបញ្ហានេះពិតជាអាចបង្កផលប៉ះពាល់ដល់កុមារ និងគ្រួសាររបស់ពួកគេ។
លោក តូច ចាន់នី ថ្លែងថា៖ «យន្ដការដែលយើងបានធ្វើមិនមានតួលេខណាដែលបញ្ជាក់ថាមានការកើនទេ វាមានតែមិនកើនឡើងច្រើនទេ តែវាមិនទាន់អាចលុបបំបាត់ទាំងស្រុងបានតែកាត់បន្ថយខ្លះ។ អំពើហិង្សារំលោភបំពានលើកុមារ គឺក្រសួងសង្គមកិច្ចមានយន្ដការរចនាសម្ពន្ធបានរៀបចំធ្វើច្រើន»។
គួរបញ្ជាក់ថាក្នុងឆ្នាំ ២០២៣ អង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ចបានអនុវត្តយុទ្ធនាការដែលមានឈ្មោះថា «តោះឆាតលេង» ស្ដីអំពីការទប់ស្កាត់ការលួងលោមតាម អនឡាញដែលបានផ្សាយទៅដល់ប្រជាជនចំនួន២លាននាក់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើតាមអង្គការយូនីសេហ្វកម្ពុជា៕