បេសកជន​យូណេស្កូ​នឹង​ទៅ​មើល​ការ​ខូតខាត​ប្រាសាទ​ព្រះវិហារ​នៅ​ចុង​សប្តាហ៍​នេះ

លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ា (Koichiro Matsuura) ប្រេសិត​ពិសេស​របស់​អង្គការ​យូនេសក្កូ​ទទួល​បន្ទុក​ប្រាសាទ​ព្រះវិហារ​ ​នឹង​ធ្វើ​ដំណើរទៅ​ទី​ក្រុង​បាងកក​និង​ភ្នំពេញ​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​០១​ខែ​មិនា​ឆ្នាំ​២០១១ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​

កិច្ចពិភាក្សា​អំពី​វិធានការ​ការពារ​ប្រាសាទ​ព្រះវិហារ​និង​ការ​ត្រួត​ពិនិត្យ​មើល​ពី​ការ​ខូចខាត​ដោយសារ​ការវាយ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​នឹង​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​នេះ​នៅពេល​ដែល​បេសកជន​ពិសេស​អង្គការ​យូណេស្កូ (UNESCO) ​លោក​ កូអិជីរ៉ូ ម៉ាសឹយូរ៉ាមាន​គម្រោង​ជួប​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត​ វីចាជីវ៉ា ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​ទាំងពីរ​ចំនួន​៥ថ្ងៃ​ចាប់​ពីចុង​សប្តាហ៍​នេះ។ នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​កម្ពុជា​និង​អង្គការ​យូណេស្កូ។

ដោយ​បាន​បញ្ជាក់​ពី​កិច្ច​ស្វាគន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ ពិសេស​នៃ​អង្គការ​យូណេស្កូ​មកកាន់​ប្រទេស​កម្ពុជា​ លោក ​ផៃ ​ស៊ីផាន​អ្នកនាំពាក្យ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​និង​ជា​រដ្ឋលេខាធិការ​បាន​ចាត់ទុក​ថា៖ ​ទស្សនកិច្ច​នេះ​ស្រប​តាម​កាតព្វកិច្ច​នឹង​ច្បាប់​អន្តរជាតិ​ក្នុង​កិច្ច​ការពារ​បេតិកភណ្ឌ​ពិភពលោក​ដើម្បី​កុំ​ឲ្យ​មាន​ការ​រងគ្រោះ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ។​ លោក​បញ្ជាក់​ថា​ទស្សនកិច្ច​របស់​លោក​កូអិជីរ៉ូ ​ម៉ាសឹយូរ៉ា​នេះ​ មិនមែន​ពាក់ព័ន្ធ​នឹង​ផ្នែក​នយោបាយ​ទេ​តែ​ជា​ទស្សនកិច្ច​ផ្តោត​លើ​ការងារ​បច្ចេកទេស​សុទ្ធសាធ​ដើម្បី​វាយតម្លៃ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។

«ការវាយ​តម្លៃ​នេះ​មិន​មែន​បាន​សេចក្តី​ថា​ជា​ការកាត់​ទោស​ដល់​អ្នកណា​ដែល​ធ្វើ​ខុស​ឬ​យ៉ាង​ម៉េច​ទេ​គ្រាន់តែ​មកមើល​ថា​តើ​ខូច​ប៉ុណ្ណា​ហើយ​ចាត់​វិធានការ​របៀប​ណា​ដើម្បី​ប្រសិទ្ធ​ភាព​ក្នុង​កិច្ច​ការពារ​កុំ​ឲ្យ​កិច្ចការ​កើត​ឡើងធំដុំ​តទៅទៀត​ហើយ​នឹង​រក​វិធាន​គ្រប់​យ៉ាង​ក្នុង​កិច្ច​ការពារ​ហើយ​នឹង​កិច្ចអភិរក្ស​ឬ​ក៏​ជួសជុល​ហ្នឹង​ឯង»។

ប្រាសាទ​ព្រះវិហារ​ដែល​កម្ពុជា​បាន​ដាក់​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨​បាន​រង​ការខូចខាត​ដោយសារ​ការវាយ​ប្រយុទ្ធ​គ្នា​ចន្លោះ​ពីថ្ងៃទី​៤​ដល់​ថ្ងៃទី​៧​ខែកុម្ភៈរវាង​កងទ័ព​ថៃ​និង​កម្ពុជា​ នៅ​ពេល​ដែល​ប្រទេស​ទាំង ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ពី​ការរំលោភ​បំពាន​បូរណភាព​ដែនដី​ទៅវិញ​ទៅ​មក។​ យូណេស្កូ​បាន​ប្រកាស​ពី​បំណង​ទៅ​វាយតម្លៃ​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​ស្ថានការណ៍​យោធា​វិល​ត្រឡប់​ទៅ​កាន់​ស្ថានភាព​ធម្មតា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​យូណេស្កូ​ចុង​ក្រោយ​មួយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «បេសកជន​ពិសេស​ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ​របស់​លោកស្រី ​អ៊ីរីណា បូកូវ៉ា (Irina ​Bokova) ​អគ្គនាយក​អង្គការ​យូណេស្កូ​ គឺ​លោក ​កូអិជីរ៉ូ ​ម៉ាសឹយូរ៉ា​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​បាងកក​និង​ទីក្រុង​ភ្នំពេញ​ចន្លោះ​ថ្ងៃ​ទី២៥ ​ខែកុម្ភៈ ​ដល់​ថ្ងៃទី ​១ ខែមិនា​ ដើម្បី​ពិភាក្សា​អំពី​កិច្ចការពារ​រម្មណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ថៃនិង​នាយក​រដ្ឋមន្ត្រី​កម្ពុជា»។

លោក ​កូអិជីរ៉ូ ​ម៉ាសឹយូរ៉ា​ (Koichiro ​Matsuura)​ ជា​អតីត​អគ្គនាយក​យូណេស្កូ​ ចន្លោះ​ឆ្នាំ​១៩៩៩​ ដល់​ឆ្នាំ​២០០៩។ហើយ​លោក​ជា​អតីត​ប្រធាន​គណៈ​កម្មាធិការ បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​យូណេស្កូ​បាន​បញ្ជាក់​ទៀត​ថា៖ ​លោក ​កូអិជីរ៉ូ ​ម៉ាសឹយូរ៉ា​ «នឹង​ត្រួតពិនិត្យ​ជាមួយ​នឹង​ភាគីទាំង​ពីរ​អំពី​វិធី​នានា​ដើម្បី​កាត់បន្ថយ​ភាពតាន​តឹង​ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ការពិភាក្សា​ជុំវិញ​ការអភិរក្ស​នៃ​ប្រាសាទ​(ព្រះវិហារ)»។

នៅ​ពេល​ព្យាយាម​សុំ​សេចក្តី​អត្ថា​ធិប្បាយ​អំពី​ដំណើរ​ទស្សនកិច្ច​លម្អិត​របស់ លោក ​កូអិជីរ៉ូ ​ម៉ាសឹយូរ៉ា​ លោកស្រី ​ស៊ូ វីលៀម (Sue​ William) ​អ្នកនាំពាក្យ​យូណេស្កូ ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លម្អិត។​ មន្ត្រី​ខ្មែរ​វិញ​បាន​អះអាង​ថា​ការចុះ​ទៅកាន់​ប្រាសាទ​ព្រះវិហារ​របស់​បេសកជន​យូណេស្កូ​ឬ​យ៉ាងណា​និង​ពេល​ណា​ គឺ​មិនអាច​បញ្ជាក់​ឲ្យ​ដឹង​ជា​សាធារណៈ​បាន​ទេ​ដោយ​ឈរ​លើ​ហេតុផល​សន្តិសុខ។​ ប្រទេស​ថៃ​កាល​ពី​សប្តាហ៍​ថ្មីៗ​ធ្លាប់​ជំទាស់​នឹង​បេសកកម្ម​របស់​យូណេស្កូ​ទៅ​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​ដោយ​និយាយ​ថា​ការវាយតម្លៃ​របស់​យូណេស្កូត្រូវ​មាន​ការយល់​ព្រម​ពី​ប្រទេស​ថៃ​ជា​មុនក្រៅពី​ព្រមាន​ឲ្យ​ដឹង​ថា​តំបន់​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ភាពតានតឹង។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត​ វីចាជីវ៉ា​កាលពី​ថ្ងៃអង្គារ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​របស់ ​យូណេស្កូ ​ទៅ​កាន់​ប្រទេស​ថៃ​និង​កម្ពុជា​ជាមួយ​នឹង​ការបញ្ជាក់​ថា​ទស្សនកិច្ច​នោះ​គឺ​ដើម្បី​នឹង​ស្តាប់​ការបកស្រាយ​របស់​គួ​ភាគី​ទាំងពីរ។

ទស្សនកិច្ច​នៃ​បេសកជន​ពិសេស​របស់​យូណេស្កូ​នេះ​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា និង​ថៃ​បាន​យល់ព្រម​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​សមាគម​អាស៊ាន​ថា​នឹង​ធ្វើ​ឲ្យមាន​កិច្ចឈប់បាញ់​គ្នា​ហើយ​នឹង​យល់ព្រម​ទទួលយក​អ្នកសង្កេតការណ៍​ប្រមាណ៤០​នាក់​ដោយដាក់​នៅ​ម្ខាងៗ​ពាក់​កណ្តាល​មក​កាន់​តំបន់​ជម្លោះ​ក្នុង​បំណង​ជួយ​ត្រួត​ពិនិត្យ​និង​បញ្ជៀស​កុំ​ឲ្យ​មាន​ការវាយ​ប្រយុទ្ធ​ដោយ​អាវុធ​តទៅទៀត៕