អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅអាស៊ីបានពឹងផ្អែកលើអ្វីដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថាជាប្រព័ន្ធ «មជ្ឈមណ្ឌលរួម និងកាំព័ទ្ធជុំវិញ» (hub and spokes) នៃសម្ពន្ធភាពទ្វេភាគី។ ប៉ុន្តែថ្មីៗនេះ មន្ត្រីសហរដ្ឋអាមេរិកបានប្រើន័យធៀបមួយផ្សេងទៀតដើម្បីពិពណ៌នាអំពីចក្ខុវិស័យរបស់ពួកគេសម្រាប់តំបន់នេះនោះគឺ៖ របងប្រទាក់ក្រឡា (lattice fence)។
វាអាចស្តាប់ទៅដូចជាគ្រាន់តែជាការកែប្រែគំរូមួយប៉ុណ្ណោះ ប៉ុន្តែមន្ត្រីនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា វាអាចមានផលប៉ះពាល់ធំ ខណៈដែលពួកគេព្យាយាមបង្កើតផែនការយូរអង្វែងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចរបស់ប្រទេសចិន។
ក្រោមក្របខណ្ឌចាស់ សហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាពិភពលោកបានដើរតួជាមជ្ឈមណ្ឌលរួម និងសម្ពន្ធមិត្តអាស៊ីរបស់ខ្លួន ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន បានធ្វើជាកាំព័ទ្ធជុំវិញ។
កាំព័ទ្ធជុំវិញមិនត្រូវបានភ្ជាប់គ្នាទៅវិញទៅមកទេ។ ប៉ុន្តែថាមវន្តនោះកំពុងផ្លាស់ប្តូរ ដោយសារសម្ពន្ធមិត្ត និងដៃគូសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិកបានរួមដៃគ្នាជុំវិញអ្វីដែលពួកគេហៅថា គោលនយោបាយ«ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
អ្វីដែលមន្ត្រីអាមេរិកស្រមៃចង់បានគឺមិនមែនជាសម្ព័ន្ធសន្ធិសញ្ញាពហុភាគីដូចអង្គការអូតង់ទេ។ អ្នកវិភាគបាននិយាយជាយូរមកហើយថា ក្របខណ្ឌសន្តិសុខបែបនេះគឺមិនអាចទៅរួចទេនៅអាស៊ី ដោយសារផលប្រយោជន៍ប្រកួតប្រជែង និងជម្លោះប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ សូម្បីតែក្នុងចំណោមសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ។
ផ្ទុយទៅវិញ គោលដៅគឺដើម្បីជួយបង្កើតខ្សែទំនាក់ទំនងគ្នាដែលជួយពង្រឹងគ្នាទៅវិញទៅមកកាន់តែកើនឡើងរវាងប្រទេសដែលមានគំនិតដូចគ្នា ដែលរួមគ្នាបង្កើតជារនាំង ឬនិយាយម្យ៉ាងទៀត ថាជារបងប្រទាក់ក្រឡា។
កិច្ចប្រជុំកំពូលត្រីភាគី
យុទ្ធសាស្ត្ររបងប្រទាក់ក្រឡានេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី១១ ខែមេសា នៅពេលដែលលោក Biden ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. សម្រាប់កិច្ចប្រជុំត្រីភាគីជាលើកដំបូងដែលមិនធ្លាប់មាន។
ការប្រជុំមានតម្លៃជានិមិត្តរូបដ៏សំខាន់។ សេចក្តីថ្លែងការណ៍រួមមួយបានបង្ហាញពី«ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីអាកប្បកិរិយារបស់ចិននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដែលចិនកំពុងព្យាយាមជំរុញការទាមទារទឹកដីរបស់ខ្លួនលើប្រទេសជប៉ុន និងហ្វីលីពីន។
សហរដ្ឋអាមេរិក និងជប៉ុនក៏បានសន្យាផ្តល់ជំនួយបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មផ្នែកយោធារបស់ប្រទេសហ្វីលីពីន និងបានប្តេជ្ញាបន្តពង្រីកសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់ ដែលបានចូលរួមដោយដៃគូកាន់តែច្រើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយរវាងលោក Biden និង Kishida សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសកិច្ចព្រមព្រៀងទ្វេភាគីរាប់សិបដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងផែនការអនុញ្ញាតឱ្យកងកម្លាំងអាមេរិក និងជប៉ុនធ្វើការកាន់តែជិតស្និទ្ធក្នុងអំឡុងពេលជម្លោះដែលអាចកើតមាន។
យោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដើម្បីឱ្យដឹងកិច្ចការស៊ីជម្រៅបានចាត់ទុកថា កិច្ចប្រជុំនេះគឺជាភស្តុតាងដែលបង្ហាញថា ផែនការអាស៊ីរបស់លោក Biden កំពុងដំណើរការ។
មន្ត្រីនោះបានថ្លែងថា៖ «ទ្រឹស្តីរបស់លោក Biden គឺថា ប្រសិនបើសហរដ្ឋអាមេរិកបានវិនិយោគឡើងវិញនៅក្នុងសម្ពន្ធភាព និងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ... សម្ពន្ធមិត្ត និងដៃគូទាំងនោះនឹងឈានទៅមុខទន្ទឹមគ្នាដែលធ្វើឱ្យពួកយើងមានភាពប្រសើរឡើងច្រើនក្នុងការសម្រេចគោលបំណងរបស់យើង»។
មន្ត្រីរូបនេះបានបន្ថែមថា គ្មានកន្លែងណាដែលទ្រឹស្ដីនេះបញ្ជាក់ថា បានផលប្រសើរជាងនៅក្នុងសម្ពន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ជាងការណ៍ដែលលោក Kishida «បានបង្កើនជំហរ និងឈានជើងចូលទៅក្នុងពិភពលោកលើសពីអ្វីដែលគ្រប់គ្នាអាចស្រមៃចង់បាន»។
ជប៉ុនជាតួអង្គដ៏សំខាន់
នៅពេលដែលជប៉ុនបន្ធូរបន្ថយការរឹតត្បិតតាមគោលនយោបាយសន្តិភាពនិយមដែលដាក់កំហិតដោយខ្លួនឯង ប្រទេសនេះបានក្លាយទៅជាតួអង្គសំខាន់ក្នុងសន្តិសុខក្នុងតំបន់។ ប្រទេសជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ទិញមីស៊ីលដែលអាចវាយប្រហារប្រទេសផ្សេងទៀត និងបានអនុម័តវិសោធនកម្មច្បាប់ដែលអនុញ្ញាតឱ្យប្រទេសនេះនាំចេញអាវុធបានកាន់តែងាយស្រួល។
ឥឡូវនេះប្រទេសជប៉ុនបានចូលរួមយ៉ាងខ្លាំងនៅក្នុងវេទិកាជាច្រើនដែលដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំងកិច្ចសន្ទនាសន្តិសុខ ចតុភាគី (Quadrilateral) ដែលជាសម្ព័ន្ធក្រៅផ្លូវការដែលរួមមានអូស្ត្រាលី និងឥណ្ឌា និងក្រុមនៃសេដ្ឋកិច្ចជឿនលឿនចំនួនប្រាំពីរ ដែលបានផ្តោតកាន់តែខ្លាំងលើប្រទេសចិន។
នៅដើមខែមេសា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីបានប្រកាសថា ពួកគេកំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន តាមរយៈកិច្ចព្រមព្រៀងសន្តិសុខ AUKUS របស់ពួកគេ។ អង្គការអូតង់ ដែលជាសម្ពន្ធមិត្តយោធាអឺរ៉ុប ក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។
លោក Daniel Russel អនុប្រធាននៃសមាគមអាស៊ី (Asia Society) និងជាអតីតមន្ត្រីកំពូលសម្រាប់កិច្ចការអាស៊ីនៅក្រសួងការបរទេសបាននិយាយថា៖ «ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ លែងជាប្រទេសដែលអៀនប្រៀន និងមើលតែខាងក្នុងទៀតហើយ ដែលពឹងផ្អែកលើការឱបក្រសោបសន្តិភាពនិយម និងពឹងលើសាច់ដុំរបស់អាមេរិក ដើម្បីការពារខ្លួនពីការគំរាមកំហែងពីខាងក្រៅ» ។
ការអភិវឌ្ឍក្នុងតំបន់ដ៏សំខាន់បំផុតមួយគឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង ដែលមានភាពតានតឹងជាយូរយារណាស់មកហើយ ដោយសារបញ្ហាទាក់ទងនឹងការកាន់កាប់អាណានិគមរបស់ជប៉ុនលើកូរ៉េ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រទេសទាំងពីរឥឡូវនេះតែងតែចូលរួមនៅក្នុងសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ប្រទេសទាំងបីបានបង្ហាញប្រព័ន្ធថ្មីមួយសម្រាប់ការចែករំលែកទិន្នន័យព្រមានមីស៊ីលកូរ៉េខាងជើងតាមពេលវេលាជាក់ស្តែង។
ប៉ុន្តែតើយុទ្ធសាស្ត្រនឹងដំណើរការទេ?
អ្នកសង្កេតការណ៍ភាគច្រើនថា មានការផ្លាស់ប្តូរធំកំពុងកើតឡើង នៅពេលដែលប្រទេសនានាឆ្លើយតបទៅនឹងប្រទេសចិនដែលមានអំណាចខ្លាំងឡើង។ ប៉ុន្តែការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកសហរដ្ឋអាមេរិកគឺទាន់ដល់កម្រិតជាឯកច្ឆន្ទទេ។
លោក Van Jackson ដែលបង្រៀននៅសាកលវិទ្យាល័យ Victoria University of Wellington របស់ប្រទេសនូវែលសេឡង់បាននិយាយថា៖ «រដ្ឋាភិបាលភាគច្រើននៅក្នុងតំបន់កំពុងប្រើយុទ្ធសាស្ត្រការពារខ្លួនដោយបង្កើតជម្រើសច្រើន (hedging) ដោយការទទួលស្គាល់ការពិតថា ប្រទេសចិនគឺជាមានលក្ខណៈអចិន្ត្រៃយ៍ និងនៅចំណុចកណ្តាលនៃសេដ្ឋកិច្ចនយោបាយអាស៊ី»។
យោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅដើមខែមេសានេះដោយវិទ្យាស្ថាន ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនៈនៅអាស៊ីអាគ្នេយ៍ចំពោះសហរដ្ឋអាមេរិកកាន់តែអាក្រក់ជាងឆ្នាំមុន។
ការស្ទង់មតិ«ស្ថានភាពរបស់អាស៊ីអាគ្នេយ៍» (State of Southeast Asia) សួរសំណួរដដែលៗជារៀងរាល់ឆ្នាំទៅកាន់ក្រុមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាល។
ជាងពាក់កណ្តាលគឺមានចំនួន៥១% នៃអ្នកឆ្លើយតបនៅអាស៊ីអាគ្នេយ៍បាននិយាយថា ពួកគេនឹងចូលខាងចិនជាងសហរដ្ឋអាមេរិក ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យជ្រើសរើស។ វាជាលើកទីមួយហើយដែលការស្ទង់មតិបានបង្ហាញពីចំណូលចិត្តលើប្រទេសចិនច្រើនជាង។
បើយោងទៅតាមការស្ទង់មតិ បញ្ហាដ៏សំខាន់មួយ គឺការសង្ស័យអំពីការចូលរួមផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីការដកខ្លួនរបស់អតីតប្រធានាធិបតីលោក Donald Trump នៅឆ្នាំ២០១៧ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) មនុស្សជាច្រើននៅអាស៊ីបានចោទសួរថា តើសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តដូចដែលខ្លួនធ្លាប់បានធ្វើចំពោះពាណិជ្ជកម្មសេរីដែរឬទេ។
មន្ត្រី Biden ជំទាស់នឹងការយល់ឃើញនោះ ដោយលើកឡើងពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬ IPEF ថា ជាការប្រឆាំងទៅនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន។ ប៉ុន្តែ IPEF ខុសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបប្រពៃណី ដោយសារវាមិនផ្តល់សិទ្ធិឱ្យនាំទំនិញទៅកាន់ទីផ្សារដ៏ទូលំទូលាយ ឬកាត់បន្ថយពន្ធ ដែលផ្នែកនេះលែងត្រូវបានគេមើលឃើញថាមានសុវត្ថិភាពទៀតឡើយដោយសារតែបរិបទនយោបាយក្នុងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានប្តេជ្ញាថានឹងសម្លាប់កិច្ចព្រមព្រៀង IPEF ចោល ប្រសិនបើលោកឈ្នះលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។
តាមគំនិតរបស់លោក Philip Turner អតីតអ្នកការទូតនូវែលសេឡង់ គឺកិច្ចព្រមព្រៀង IPEF ហាក់ដូចជាបរាជ័យហើយ។
លោក Turner ដែលទើបតែបានបម្រើការជាឯកអគ្គរដ្ឋទូតរបស់ប្រទេសនូវែលសេឡង់ប្រចាំកូរ៉េខាងត្បូងបាននិយាយថា៖ «បណ្តាប្រទេសនៅអាស៊ីជាច្រើន និងតួអង្គក្នុងតំបន់ដូចជាអូស្ត្រាលី និងនូវែលសេឡង់បានចង្អុលបង្ហាញថា ការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់កាត់បន្ថយតំណែងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងតំបន់» ។
លោក Turner បានបន្ថែមថា ខណៈពេលដែលមានការកើនឡើងនៃការព្រួយបារម្ភក្នុងតំបន់អំពីការកើនឡើងអំណាច និងអាកប្បកិរិយារបស់ប្រទេសចិន មានប្រទេសតិចណាស់នៅអាស៊ីនៅគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កំណើនរបស់ប្រទេសចិននោះ។
លោកបាននិយាយថា៖ «ពួកគេចង់ឱ្យសហរដ្ឋអាមេរិកបន្ថយការបង្ខិតបង្ខំសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសចិន និងស្វែងរកវិធីបន្តទំនាក់ទំនងគ្នាជាជាងជម្លោះ»៕
ប្រែសម្រួលដោយ លោក ម៉ែន គឹមសេង