ប្រាក់ផ្ញើ​ពីបរទេស​អាចជួយ​សេដ្ឋកិច្ច​​របស់​ប្រទេស​ក្រីក្រ​បំផុត​ឲ្យ​រីក​លូតលាស់

  • Lisa Schlein

ប្រាក់​ផ្ញើ​មកពីបរទេស​បាន​នាំមក​​នូវ​លំហូរចូល​​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពីបរទេស​​ទៅ​កាន់​​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​បំផុត។

ប្រែសម្រួល​ដោយ ឌី ខាំបូលី
របាយការណ៍ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ ​អះអាង​ថា ប្រទេស​ក្រីក្រ​បំផុតរបស់​ពិភពលោក អាច​សម្រាល​ភាពក្រីក្រ​របស់​ប្រជាជនខ្លួន​បាន ប្រសិនបើ​ប្រទេស​ទាំងនេះ​ប្រើប្រាស់​ប្រាក់ផ្ញើ​មក​ពីបរទេស ដើម្បី​ធ្វើឱ្យប្រសើរ​ឡើង​នូវ​សមត្ថភាព​ផលិតភាព​របស់​ខ្លួន។ របាយការណ៍​ឆ្នាំ២០១២​ស្តីអំពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ដែល​ត្រូវបាន​បោះពុម្ពផ្សាយដោយ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីអំពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ (United Nations Conference on Trade and Development) ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា UNCTAD ក៏បាន​ពិនិត្យមើលអំពី​វិធី​ដើម្បី​ធ្វើ​ឲ្យ​បញ្ច្រាស់​មកវិញ​នូវ​អ្វី​ដែលត្រូវបាន​គេហៅថា​«លំហូរនៃ​អ្នកចេះដឹង​ចេញពី​ប្រទេស»។
ប្រាក់ផ្ញើមកពីបរទេស គឺ​ជា​ទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់។ សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីអំពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ រាយការ​មកថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ក្រីក្រ​បំផុត​នៅលើ​ពិភពលោក ដែល​ធ្វើការ​នៅបរទេស បានបញ្ជូនប្រាក់​មកផ្ទះ​ក្នុង​ទឹក​ប្រាក់​ប្រហែល២៧ពាន់​លាន​ដុល្លា​នៅក្នុង​ឆ្នាំ​២០១១។ តាមពិត​ របាយការណ៍​នេះ​បញ្ជាក់ថា កាល​ពី​ទសវត្សរ៍​កន្លងទៅនេះ ប្រាក់​ផ្ញើ​មកពីបរទេស​បាន​នាំមកនូវ​លំហូរចូលនៃ​ការវិនិយោគ​ដោយផ្ទាល់​ពីបរទេសទៅ​កាន់ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​បំផុត។
ការស្រាវជ្រាវ​បង្ហាញ​ថា ទឹក​ប្រាក់ភាគច្រើនបំផុតដែល​ត្រូវបាន​ផ្ញើ​មកផ្ទះ ត្រូវបាន​ក្រុមគ្រួសារ​ចំណាយ​ដោយផ្ទាល់ ទៅលើ​តម្រូវការ​ចាំបាច់​នានា មានដូចជា​ម្ហូបអាហារ​និង​កន្លែង​ស្នាក់​នៅ។ ទោះបីជា​ការចំណាយ​របៀបនេះ​មាន​សារសំខាន់​យ៉ាងក៏ដោយ ក៏​ក្រុមសេដ្ឋវិទូ​របស់​អង្គការ​សហប្រជាជាតិ​អះអាង​ថា វានឹងផ្តល់ប្រយោជន៍ ប្រសិន​បើ​ប្រាក់ផ្ញើ​មកពីបរទេស​ភាគច្រើន អាចត្រូវបាន​បង្វែរទៅលើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន គម្រោង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គម្រោង​ប្រហាក់​ប្រហែល​គ្នា​ដទៃទៀត។
របាយការណ៍​នេះ បាន​ផ្តល់​អនុសាសន៍ថា លំហូរ​ថវិការ​ដ៏សំខាន់​ទាំងនេះ គួរ​ត្រូវ​បាន​ប្រើប្រាស់ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវ​សមត្ថភាព​ផ្នែក​ផលិតភាព​នៅក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា LDCs ដើម្បី​បង្ក​លទ្ធភាព​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនេះ អាចផលិត​ទំនិញ​និងសេវាកម្ម​ផ្សេងៗ​ក្នុង​ទ្រង់ទ្រាយ​ធំជាងមុន​ និង​ទំនិញ​ដែល​សមស្រប​ជាងមុនសម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក​និង​ការនាំចេញ។
អគ្គលេខាធិការ​នៃ UNCTAD លោក ស៊ូផាចៃ ប៉ានីតប៉ាកឌី (Supachai Panitchpakdi) ថ្លែងថា មូលហេតុ​ចម្បង​មួយស្តីពី​ថាតើ​ហេតុ​អ្វី​បាន​ជាប្រាក់​ផ្ញើពីបរទេស​ មិនត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​ការវិនិយោគ​នៅក្នុង​ប្រទេស​កំណើតទាំងនោះ​ គឺ​ដោយសារតែ​សោហ៊ុយនៃ​ការ​ផ្ទេរប្រាក់​ មាន​កម្រិត​ខ្ពស់ខ្លាំងពេក។
«ជាមធ្យម​គឺមាន​តម្លៃ​ប្រហែលជា​២០ភាគរយ។ តម្លៃ​មាន​ចាប់ពី​៤​ទៅ​២៥​ភាគរយ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ តម្លៃនេះបានបង្ខំឱ្យ​ប្រជា​ពលរដ្ឋផ្ញើ​ប្រាក់​ក្រៅផ្លូវការវិញ។ ដូច្នេះ គោលបំណងនៃអនុវត្ត​បែប​នេះ គឺចង់​ផ្តល់​ដំបូន្មាន​ដល់​ប្រទេស​ទាំងនេះ​ថា ប្រសិនបើ​ប្រាក់​ត្រូវបាន​ផ្ញើ​ក្រៅផ្លូវការ អ្នក​មិនសូវ​ទទួលបាន​ផលប្រយោជន៍​ច្រើនទេ។ បុគ្គល​ទាំងឡាយ​ប្រហែលជា​ទទួល​បាន​ប្រាក់​ទាំងនេះ ហើយ​ជាការពិត​ណាស់ ក្រុមគ្រួសារ​ទាំងឡាយ​នឹង​ប្រើប្រាស់​ប្រាក់​ទាំង​នោះ​សម្រាប់​ការចំណាយ​ផ្សេងៗ។ ប៉ុន្តែ ប្រសិនបើ​អ្នក​បង្កើត​ស្ថានភាព​ណាមួយ ដែល​ប្រជាពលរដ្ឋ​អាច​ផ្ញើ​ប្រាក់​តាម​របៀប​ផ្លូវការ ពេលនោះ​ប្រទេស​ទាំងមូល​នឹង​ទទួលបាន​ផលចំណេញ ពីព្រោះប្រការ​នោះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យមាន​ការប្តូ​រប្រាក់​បរទេស​តាមរយៈ​ធនាគារ សម្រាប់​រដ្ឋាភិបាល​ដើម្បី​ប្រើប្រាស់​សម្រាប់​ការនាំចូលបច្ចេកវិជ្ជា​និង​របស់​របបរ​ផ្សេងៗទៀត»។
UNCTAD ប៉ាន់ស្មានថា នៅក្នុង​ឆ្នាំ​២០១០ ការផ្ញើ​ប្រាក់​ពីបរទេស ដែល​ត្រូវបាន​ផ្ញើទៅកាន់​តំបន់​សាហារ៉ា នៃ​ទ្វីប​អាហ្រ្វិក ​អាចបង្កើតជា​សាច់​ប្រាក់ចំនួន​៦​ពាន់​លាន​បន្ថែម​ទៀត​សម្រាប់​អ្នក​ទទួល ប្រសិនបើ​តម្លៃ​នៃ​ការផ្ទេរ​ប្រាក់ សមមាត្រ​ទៅនឹង​តម្លៃ​មធ្យម​ជាសាកល ដែល​មាន​តម្លៃ​ប្រហែលជា​៩ភាគរយប៉ុណ្ណោះ។
របាយការណ៍​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ប្រៃសណីយ៍ ក្រុមហ៊ុន​ប្រាក់សន្សំ​និង​ឥណទាន ក៏ដូចជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អាច​ដើរតួនាទី​យ៉ាងសំខាន់​មួយ ក្នុងការពង្រីក​លទ្ធភាព ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ ដើម្បី​ទទួលបាន​ប្រាក់ផ្ញើ​ពីបរទេស និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទាំងឡាយ នៅក្នុងប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត។
គុណវិបត្តិ​ដ៏ចម្បង​មួយ ដែល​ជាប់ទាក់ទង​ទៅនឹងប្រាក់ផ្ញើ​ពី​បរទេស គឺជាអ្វី​ដែល​ត្រូវបាន​គេហៅថា លំហូរ​នៃ​អ្នកចេះដឹង​ចេញពី​ប្រទេស។
UNCTAD រាយការថា ប្រជាពលរដ្ឋ​ដែលមាន​ការអប់រំ​និង​គុណសម្បត្តិ​ខ្ពស់​ជាង​ពីរលាននាក់ បាន​ធ្វើចំណាកស្រុក​ទៅបរទេស។
របាយការណ៍​រកឃើញ​ថា ជាមធ្យម​ប្រជាពលរដ្ឋ​ដែលមាន​ជំនាញ​ខ្ពស់​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត​ចំនួន​១៨,៤​ភាគរយ បានចាកចេញ​ពីប្រទេស​កំណើតដើម្បី​ស្វែងរក​ការងារ​ដែលទទួលបាន​ប្រាក់​ចំណូល​ច្រើនជាង​នៅបរទេស។ ក្រុម​សេដ្ឋវិទូរបស់​អង្គការ​សហ​ប្រជាជាតិ​អះអាង​ថា ផលប៉ះពាល់​អវិជ្ជមាន​នៃចំណាកស្រុក​កម្រិត​ខ្ពស់​ទាំងនេះ ទៅលើ​ប្រទេស​ដែល​ក្រីក្រ​បំផុត មានទម្ងន់​ធ្ងន់​ជាង​ផលប្រយោជន៍​ពី​ប្រាក់ផ្ញើ​ពីបរទេស​ទៅទៀត។
លោក តាហ្វៀ តេសហ្វាឈូ (Taffere Tesfachew) គឺជា​នាយក​អង្គភាព​សម្រាប់​ទ្វីប​អាហ្រ្វិក ក្រុមប្រទេស LDCs និង​កម្មវិធីពិសេស របស់ UNCTAD។ លោក​ថ្លែងថា UNCTAD កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស LDCs ឱ្យ​បង្កើត​វិធានការ​អន្តរជាតិ​ថ្មីៗ ដើម្បី​ជួយធ្វើ​ឲ្យបញ្រ្ចាស់មក​វិញ​នូវការ​ហូរ​ចេញនៃ​អ្នកចេះដឹង​ទាំងនេះ ហើយ​ប្រែក្លាយ​វា​ឱ្យទៅជាការទទួលបាន​អ្នកចេះដឹង​មក​វិញ។
«ដូច្នេះ យើង​មានគំនិត​ផ្តួចផ្តើមខ្លះ​ដែរ​ ដែល​យើង​កំពុង​ស្នើ ដោយ​ផ្អែក​ទៅលើ​ផែនការ​ដែល​ត្រូវបាន​សាកល្បង​និង​ពិសោធន៍ពី​ប្រទេស​ដទៃ​ផ្សេងៗទៀត។ គំនិត​ផ្តួចផ្តើម​នោះ​គឺថា មាន​បុគ្គល​ដែលមាន​ចំណេះ​ដឹងនិង​ជំនាញ​ខ្ពស់​ជាច្រើន ពី​ក្រុម​ប្រទេស LDCs ដែលមាន​បំណងវិល​ត្រឡប់​ទៅវិញ ហើយ​ផ្តួចផ្តើម​សកម្មភាព​ដែលមាន​មូលដ្ឋាន​លើ​ចំណេះដឹង។ ប៉ុន្តែ បញ្ហា​ក្រៅពី​ការពិត​ដែល​ថា​បរិស្ថាន​នយោបាយ​ក្នុងស្រុក ​ប្រហែលជា​នឹងមិនមាន​ភាព​អនុគ្រោះ​ ហើយ​ក៏​មាន​បញ្ហា​ ​ផ្សេងទៀតផងដែរ។ បញ្ហានៃ​ការទទួល​យក​នូវ​ហនិភ័យ គឺតែងតែ​ក្លាយ​ទៅ​ជាបញ្ហា​មួយ។ ពួកគេ​មាន​ចំណេះដឹង។ ពួកគេ​មាន​គំនិត ប៉ុន្តែ ប្រភពធនធាន​ហិរញ្ញវត្ថុ បង្ក​ការលំបាក»។
លោក តេសហ្វាឈូ និយាយ​ថា UNCTAD កំពុង​ស្នើសុំ​ផែនការ​មួយនៃ​ភាព​ជាដៃគូរវាង​ឯកជន​និង​រដ្ឋ ដើម្បី​លើក​ទឹកចិត្ត​អ្នក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​នៅ​បរទេស ឱ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ។
លោក​និយាយ​ថា ផែនការ​បែបនេះ​ប្រហែលជា​ផ្តល់ឱ្យ​មនុស្ស​ទាំងនេះ នូវ​លទ្ធភាព​ជាទីពេញ​ចិត្ត​មួយ ​ក្នុង​ការដាក់​ទុន​សាច់ប្រាក់​សម្រាប់​ការវិនិយោគ​នៅឯ​ប្រទេស​កំណើត។ វា​ក៏នឹងបង្កលទ្ធភាព​ក្នុងការផ្តល់​ហិរញ្ញវត្ថុ នៅក្នុង​អត្រា​ការប្រាក់​ជាទីពេញចិត្ត​ដែរ។
លោក​បន្ថែម​ទៀតថា ចំណេះដឹង​ដែល​ត្រូវបានផ្ទេរ​ដោយ​ជនជាតិ​ដែល​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន​វិញ នឹង​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល៕