ការកាត់ក្តី​លើ​​តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាមរបស់​​អង្គការ​សហប្រជាជាតិ ទៅលើ​អតីត​មេដឹកនាំ​ស៊ែបប៊ី ហាដហ្សីក ចាប់ផ្តើម​ឡើងវិញ

  • Stefan Bos

ហ្គូរ៉ាន ហាដហ្សីក (Goran Hadzic)

ដោយ​ Stefan Bos
ប្រែសម្រួលដោយ ឌី ខាំបូលី
ការកាត់ក្តី​អតីត​មេដឹកនាំ ក្រូអាតស៊ែបប៊ី (Croatian Serb) ហ្គូរ៉ាន ហាដហ្សីក (Goran Hadzic) ដែលជា​ជនរត់គេចខ្លួន​ចុងក្រោយ បង្អស់​ដែល​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវីរបស់​អង្គការ​សហប្រជាជាតិ​ បានបន្តឡើងវិញហើយ នៅឯ​ទីក្រុងឡាអេ (Hague) កាលពីថ្ងៃច័ន្ទ ទី៧ ខែមករា។ ហាដហ្សីក គឺជាមន្រ្តី​មួយរូប​នៅក្នុង​ចំណោម​មន្រ្តី​សំខាន់ៗ​ជាច្រើនរូប ដែល​ត្រូវប្រឈមមុខ​នឹង​ការកាត់ទោស នៅឯ​តុលាការ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស ហូឡង់ (Netherlands) ចំពោះ​ ​ការជាប់ពាក់ព័ន្ធ​តាម​ការចោទប្រកាន់​ នៅក្នុងបទ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ ក្នុង​កំឡុងពេលសង្រ្គាមនៅតំបន់ បាល់កង់ (Balkan)។
«អ្នកទាំងអស់​គ្នា​សូមក្រោកឈរឡើង... សូមអង្គុយចុះ»។
ជាមួយនឹង​ពាក្យ​ទាំងនេះ តុលាការ​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅឯ​ទីក្រុង​ឡាអេ បានចាប់ផ្តើម​ការកាត់ក្តី​ជនសង្ស័យ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ហ្គូរាន ហាដហ្សីក ដែល​បាន​ដឹកនាំ​ក្រុម​ឧទ្ទាម ក្រូអាតស៊ែបប៊ី នៅពេល​ដែល​រដ្ឋាភិបាល​ក្រូអាត បាន​បំបែកខ្លួន​ចេញ​ពី​សហព័ន្ធ​យូហ្គោស្លាវី កាល​ពី​ឆ្នាំ១៩៩១។
ក្នុងឋានៈជា​ប្រធានាធិបតី នៃរដ្ឋ​ស៊ែបប៊ី​តូចមួយ​តាម​របៀប​របស់​ខ្លួន​នៅក្នុងប្រទេសក្រូអាត គឺ​សាធារណរដ្ឋ ស៊ែបប៊ី​ក្រាជីណា (Republic of Serbian Krajina) លោក​ ហាដហ្សីក ត្រូវបាន​ចោទប្រកាន់ថា បានមើលការខុសត្រូវ​លើ​អំពើឃោរឃៅ​ មាន​ដូចជា​ការសម្លាប់ និង​ការ​ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​ប្រជាពលរដ្ឋ​ដែលមិនមែន​ជាជនជាតិ ស៊ែបប៊ី។ លោកក៏ត្រូវបានចោទប្រកាន់​ផងដែរពី​បទ​បាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ឃុំឃាំង​ទាំងឡាយ ដែល​នៅទីនោះ ការធ្វើទារុណកម្ម ការវាយដំ និង​ការសម្លាប់​ជនស៊ីវិល និង​អ្នកជាប់ឃុំឃាំង​ដទៃទៀត ត្រូវបាន​ធ្វើ​ឡើង។
លោក ហាដហ្សីក ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការដឹកនាំ​ការជម្លៀស​ដោយ​បង្ខំ នូវប្រជាពលរដ្ឋ​ដែលមិនមែន​ជាជនជាតិ​ស៊ែបប៊ី​រាប់ម៉ឺននាក់ នៅ​ទូទាំង​តំបន់ ក្រោមការគ្រប់គ្រង​របស់​លោក​នៅក្នុង​កំឡុង​ពេល​នៃ​ជម្លោះឆ្នាំ​១៩៩១-១៩៩៥។ លោក​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឆ្នាំ២០១១ ក្បែរ​ទីក្រុងប៊ែលក្រាដ (Belgrade) បន្ទាប់ពីរត់គេចខ្លួន​អស់​រយៈពេល​៨ឆ្នាំ។
ទោះបីជា លោក ហាដហ្សីក ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន​១៤ ករណី​ទាក់ទងនឹង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការចោទប្រកាន់​ ក្រុម​រដ្ឋអជ្ញារ​បាន​ថ្លែងយ៉ាង​ច្បាស់អំពី​ការ​សម្លាប់អ្នកជំងឺ ដែល​ជា​ការសម្លាប់​រង្គាលដ៏អាក្រក់បំផុត​មួយ នៅ​ក្នុង​ជម្លោះរបស់ប្រទេស​ក្រូអាត។ កងកម្លាំង​ស៊ែបប៊ី នៅក្រោម​ការបញ្ជា​របស់លោក​ហាដហ្សីក ត្រូវបាន​អះអាងថា បាននាំយក​អ្នក​ជំងឺ​ដែល​មិនមែន​ជាជនជាតិស៊ែបប៊ីចំនួន​២៦០​នាក់​ពីមន្ទីរ​ពេទ្យ វុកូវ៉ារ៍ (Vukovar Hospital) បន្ទាប់​ពី​ការឡោមព័ទ្ធ​ទីក្រុង​នេះអស់រយៈពេល​បីខែរួច​មក។
រដ្ឋអាជ្ញា​តុលាការ​ក្រុងឡាអេ លោក ម៉ាតធូ ហ្គីលលែត (Matthew Gillett) បាន​និយាយ​ថា បុរស​និង​កុមារា​ភាគច្រើន ត្រូវបាន​សម្លាប់​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ១៩៩១ នៅលើ​ដីចំការ​មួយ​នៅក្នុង​តំបន់ អូវការ៉ា (Ovcara) នៅក្បែរ វុកូវ៉ារ៍។
«មានការយល់ស្រប​គ្នា​ជាពិសេស ដូចដែល​ខ្ញុំ​កំពុង​សង្ខេបនេះ ថា​ជនរង​គ្រោះ​ចំនួន​១៩៤នាក់ ដែលត្រូវមានរាយ​ឈ្មោះនៅក្នុងសេចក្តី​បន្ថែម ដែល​មានចែង​ក្នុង​កថាខណ្ឌ៣២​នៃសាលដីកា ត្រូវបាន​សម្លាប់​នៅក្នុង​តំប់អូវការ៉ា។ ជនរងគ្រោះទាំងនេះ​ត្រូវបាន​ឃុំខ្លួន នៅពេល​ដែល​ពួកគេ​ត្រូវបាន​សម្លាប់។ ពួកគេ​ត្រូវបាន​កប់​នៅក្នុង​រណ្តៅ​សាកសព​រួម​មួយ​នៅក្នុង​តំបន់ អូវការ៉ា។ រណ្តៅសាកសព​រួម​នោះ​ត្រូវបាន​ការពារ​ដោយ​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ហើយ​ការ​គាស់​រណ្តៅ​និង​ការពិនិត្យ​សាកសព ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ​ក្នុងស្រុក​និង​អន្តរជាតិ ហើយ​តំណាង​របស់​អាជ្ញាធរ ក្រូអាត និង យូហ្គោស្លាវី មាន​វត្តមាន​នៅទីនោះដែរ»។
អ្នកវិភាគ​រោគសាស្រ្ត​ផ្នែកកោសល្យវិច័្ចយជាតិ​ក្រូអាត លោក​វេជ្ជបណ្ឌិត ដាវូរ៍ ស្រ្ទីណូវីក (Davor Strinovic) បាន​ស៊ើបអង្កេត​ការ​សម្លាប់រង្គាល​នេះ។ ដោយ​ថ្លែងក្នុង​នាម​ជា​សាក្សី​មួយរូប​នៅឯ​ការកាត់ក្តីនោះ​ លោក​វេជ្ជបណ្ឌិត ស្រ្ទីណូវីក បាន​និយាយ​ថា ជនរងគ្រោះ​ដែល​មានវ័យក្មេងបំផុត ដែល​ត្រូវបាន​រកឃើញ​កន្លងមក​គឺមាន​អាយុ​១៦ឆ្នាំ ហើយ​ចាស់បំផុត​មាន​អាយុ​៧២ឆ្នាំ។
ថ្លែង​តាមរយៈ​អ្នកបកប្រែភាសា​ លោក​វេជ្ជបណ្ឌិត ស្រ្ទីណូវីក បាន​និយាយ​ថា វា​មាន​ការពិបាក​នៅក្នុង​ការស្វែងរក​និង​កំណត់​អត្តសញ្ញាណ ជនរង​គ្រោះ​ជាង​២០០នាក់ នៃ​ការសម្លាប់​រង្គាល​នៅក្នុង​មន្ទីរពេទ្យ វុកូវ៉ារ៍។
«ជាការពិតណាស់ យើងកំពុង​ព្យាយាម និង​បាន​ព្យាយាម​តាំងពី​ការចាប់ផ្តើមដំបូងមកម៉្លេះ ដើម្បី​ស្វែងរកអ្នក​ទាំងអស់​ដែលមាន​នៅក្នុង​បញ្ជីនេះ។ យើង​នឹងមិនបញ្ឈប់​ការស្វែងរក​ប្រជាពលរដ្ឋ​ទាំងនោះទេ។ រហូតមកដល់ថ្ងៃនេះ យើង​មិនទាន់​បាន​ទទួល​ជោគជ័យ​ទាំងស្រុង​នៅឡើយទេ​ ក្នុង​ការស្វែងរក​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុងបញ្ជី។ អ្នកពិនិត្យ​រោគសាស្រ្ត​ផ្នែកកោសល្យវិច័្ចយ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់នៅក្នុង​ករណី​មួយ វាមាន​អារម្មណ៍រំជួលចិត្ត​ខ្លាំងណាស់​សម្រាប់​អ្នក​ដែល​នៅរស់រាន​មានជីវិត ក្នុងការ​ទទួលស្គាល់​ឈ្មោះ​របស់​ជនរង​គ្រោះ»។
ការពន្យាពេល​នៅក្នុង​ការគាស់​យកឆ្អឹង ក៏បាន​បង្កឱ្យមាន​ការពិបាកក្នុងការកំណត់​អត្តសញ្ញាណអ្នកទាំងឡាយ ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការសម្លាប់រង្គាល ហើយ​ជនរងគ្រោះ​ដែលត្រូវបាន​សង្ស័យ​ចំនួន​១២នាក់ នៅតែបន្តបាត់ខ្លួន​នៅឡើយ។
ប្រសិនបើ​ត្រូវបាន​កាត់ទោស​លើ​បទ​ចោទប្រកាន់​មួយ​ចំនួន​ប្រឆាំងនឹង​រូបលោកក៏ដោយ លោក ហាដហ្សីក អាច​ប្រឈមមុខ​នឹង​ការជាប់គុក​អស់មួយជីវិត។ ដំណើរការជំនុំ​ជម្រះកាលពី​ថ្ងៃច័ន្ទ ត្រូវបាន​ធ្វើឡើង​តែប៉ុន្មានថ្ងៃ មុនពេល​ការកាត់ក្តី​មេដឹកនាំ​ស៊ែបប៊ី​ដ៏ល្បីល្បាញ​មួយរូប​ទៀត គឺ រ៉ាតកូ ម្លាឌីក (Ratko Mladic)។ អតីត​ឧត្តមសេនីយ​ជាតិ បូស្នៀ-ស៊ែបប៊ី រូបនេះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​រួមទាំង​ការជាប់ពាក់ព័ន្ធ​នៅក្នុង​ការសម្លាប់​រង្គាល​ទៅលើ​បុរស​និង​កុមារាម៉ូស្លីម​ប្រមាណ​៨ពាន់នាក់ ដោយ​កង​កម្លាំង​របស់​លោក នៅក្នុង​ទីក្រុង ស្រ៊ីប្រីនីកា (Srebrenica) របស់បូស្នៀ នៅក្នុង​ឆ្នាំ​១៩៩៥។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី ស្ថិត​នៅក្រោម​សម្ពាធ​ដើម្បី​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន។ តុលាការ​នេះ​បាន​បិទ ការិយាល័យ​តាមតំបន់​ធំៗ​របស់​ខ្លួន នៅក្នុង​ប្រទេសក្រូអាត និង កូសូវ៉ូ (Kosovo) ប៉ុន្តែតុលាការ​នេះ​កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​នៅក្នុង​ប្រទេស ស៊ែបប៊ី និង បូស្នៀ។
ប្រទេស រុស្សី និងស៊ែបប៊ី បានរិះគន់​តុលាការ​នេះ​យ៉ាងខ្លាំងក្លាទៅលើ​អ្វី​ដែល​ពួកគេ​និយាយ​ថា គឺជា​ការលម្អៀង​របស់​តុលាការចំពោះ​ជនជាតិស៊ែបប៊ី បន្ទាប់ពី​ការសម្រេចសេចក្តី​ទាំងឡាយ ដើម្បីដោះលែង​ឧត្តមសេនីយ៍​ក្រូអាត​ចំនួន​ពីររូប និង​អតីត​មេបញ្ជាការ​កងឧទ្ទាមកូសូវ៉ូ-អាល់បានីមួយរូប។
ចាប់តាំងពី​តុលាការនេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៣ តុលាការនេះ​បាន​កាត់ទោសមនុស្ស​ចំនួន​១៦១​នាក់ ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាមនៅក្នុង​តំបន់បាល់កង់ ដែល​នៅក្នុង​នោះ​មនុស្ស​ចំនួន​១៥​នាក់​ត្រូវបាន​កាត់​ឲ្យ​រួច​ទោស។ ដំណើរការ​នៃ​ការកាត់ក្តី​កំពុង​ត្រូវបាន​បន្ត​សម្រាប់​ជនសង្ស័យ​ចំនួន​៣១​នាក់​ទៀត។
កាលពីខែមុន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បន្ត​ការងារ​របស់​តុលាការ ប៉ុន្តែ រុស្សី បាន​បោះឆ្នោត​អនុបវាទ ពីព្រោះ​ខ្លួន​បាន​និយាយ​ថា សេចក្តីសម្រេចចិត្ត​មិនបាន​ដោះស្រាយអំពី​ភាព​«គ្មាន​ប្រសិទ្ធភាព»​របស់​តុលាការ​បានទេ។
តុលាការ​រំពឹង​ថា​នឹង​សម្រេច​ទៅលើ​បណ្តឹង​ឧទ្ធរ​ចុងក្រោយ​របស់​ខ្លួន​នៅត្រឹមឆ្នាំ​២០១៦។ បន្ទាប់មក រាល់​ករណីបន្ថែម​ទាំងឡាយ​ណា ដែល​កើតចេញមក​អំពី​សង្រ្គាម​នៅក្នុងតំបន់បាល់កង់ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ត្រូវតែ​ធ្វើការកាត់​សេចក្តី​នៅក្នុង​ប្រទេស ដែល​ឧក្រិដ្ឋកម្ម​ទាំងនោះ​ ត្រូវបានប្រព្រឹត្ត​ឡើង តាមការ​ចោទ​ប្រកាន់៕