អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំងនិងរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងខណៈពេលដែលលំហរសេរីភាពនៃការបញ្ជេញមតិកាន់តែរួមតូច។
លោក វិធិត មុនថាប៊ន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងនៅឯសម័យប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវនាដើមសប្តាហ៍នេះដោយបានលើកចំណុចសំខាន់ចំនួន១០ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិនៅកម្ពុជាដែលក្នុងនោះមានសិទ្ធិស្រ្តី ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាដើម។
នៅក្នុងសារបង្ហោះតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សានេះលោកមុនថាប៊នបានថ្លែងថា៖
«ស្មារតីនៃការបោះឆ្នោតទាមទារឲ្យបញ្ចប់ការបង្ក្រាបលើសំឡេងប្រឆាំងនិងចាត់វិធានការចាំបាច់ដើម្បីធានាឲ្យមានការបោះឆ្នោតពិតប្រាកដដែលមានគណបក្សជាច្រើនចូលរួម»។
លោកមុនថាប៊នក៏បានរិះគន់ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ថាធ្វើឡើងតែនៅក្នុងក្រុមគ្រួសារដែលនេះគឺជាការបន្តក្តោបក្តាបអំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាពទេ។
រីឯអ្នកតំណាងរបស់សហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងក្តីបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជារួមទាំងការប្រើប្រាស់ច្បាប់អង្គការដើម្បីរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល។
អ្នកស្រី Tania Ghazar ភារៈធារីនៃស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានថ្លែងនៅក្នុងការសន្ទនាដែលបានធ្វើឡើងកាលពីថ្ងៃចន្ទជាមួយនឹងលោកវិធិត មុនថាប៊ន អំពីការបន្តធ្វើទុក្ខបុកម្នេញសកម្មជនសង្គមនិងអ្នកនយោបាយប្រឆាំង។
អ្នកស្រី Tania Ghazar បានថ្លែងបន្ថែមថា៖
«យើងនៅតែព្រួយបារម្ភអំពីការបន្តរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះមានការបន្តឃុំឃាំងអ្នកនយោបាយប្រឆាំងនិងការកាត់ទោសសកម្មជនសិទ្ធិមនុស្សនិងអ្នកការពារបរិស្ថានពីបទញុះញង់និងបទល្មើសផ្សេងៗទៀត»។
អ្នកស្រី Ghazar បានលើកឡើងពីករណីកាត់ទោសសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិដែលក្នុងនោះពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពី៦ទៅ ១០ឆ្នាំពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ។
លោក OIKE Atsuyuki ឯកអគ្គរាជទូតជប៉ុននៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានអំពាវនាវដល់កម្ពុជាឲ្យធានាដល់ការការពារនិងលើកកម្ពស់សិទ្ធិនយោបាយនិងស៊ីវិលដោយរួមទាំងសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន ការជួបជុំនិងសមាគម។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ខ្លួនក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកលោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានរិះគន់ផែនការ១០ចំណុចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា«មិនបានឆ្លុះបញ្ចាំងការរីកចម្រើនជាក់ស្តែង»ដែលមាននៅលើផ្នែកកំណែទម្រង់ច្បាប់និងស្ថាប័ន វិធានការប្រឆាំងឧក្រិដ្ឋកម្ម និងសិទ្ធិជនជាតិដើមភាគតិច។
លោក អ៊ិន តារា ក៏បានឆ្លើយតបការរិះគន់ដល់ការផ្ទេរអំណាចក្នុងក្រុមគ្រួសារផងដែរថា៖
«ការត្អូញត្អែរអំពី«ការផ្ទេរអំណាចនៅក្នុងក្រុមគ្រួសារ»គឺជាការមើលមិនឃើញការពិតដែលថាអំណាចនៅក្នុងប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋតាមលទ្ធិប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញ។ ការផ្ទេរអំណាចគឺធ្វើឡើងតាមដំណើរការប្រជាធិបតេយ្យយ៉ាងមធ្យ័តតាមកម្រិតបក្ស ការបោះឆ្នោតនិងសភាដែលការពារដោយរដ្ឋធម្មនុញ្ញ»។
ក្រុមសកម្មជននយោបាយនិងសិទ្ធិមនុស្សនៅក្រៅប្រទេសយល់ស្របនឹងអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនិងទាមទារឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់បន្ថែមដល់បញ្ហាកម្ពុជា។
អ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលបានដឹកនាំប្រតិភូទៅទីក្រុងហ្សឺណែវដើម្បីតាមដានការវាយតម្លៃស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងតាមសារហ្វេសប៊ុកទាមទារឲ្យមានការបោះឆ្នោតដោយសេរីនៅក្នុងប្រទេសកម្ពុជា៖
«ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នេះគឺមានភាពចាំបាច់ណាស់ហើយគឺជាចំណុចដ៏សំខាន់ដែលយើងជាចលនាខ្មែរដើម្បីប្រជាធិបតេយ្យនឹងជំរុញនៅក្នុងរយៈពេល៣ឆ្នាំទៅមុខនេះ»។
អ្នកស្រី មូរ សុខហួរ ក៏បានប្តេជ្ញាបន្តធ្វើបេសកកម្មផ្តល់ព័ត៌មានអំពីការលំបាករបស់ពលរដ្ឋខ្មែរ ការភិតភ័យ និងការចាប់ចង ដែលអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលកម្ពុជាជួបប្រទះបើទោះបីជាពួកគេបានទៅដល់ក្រៅប្រទេសហើយក៏ដោយ។
ករណីថ្មីចុងក្រោយនេះគឺកម្ពុជាបានសហការជាមួយនឹងអាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនកញ្ញា នួន តឿនដែលជាពលករខ្មែរនៅប្រទេសម៉ាឡេស៊ីឲ្យមកប្រឈមមុខនឹងផ្លូវច្បាប់នៅកម្ពុជាដោយសារតែការរិះគន់រដ្ឋាភិបាលកម្ពុជា។ រីឯលោក ម៉ិច តារា អ្នកសារព័ត៌មានឯករាជ្យត្រូវបានចាប់ខ្លួននៅដើមចុងខែកញ្ញាដោយសារតែលោកបានរិះគន់ការអភិវឌ្ឍនៅខេត្តព្រៃវែង។
អ្នកស្រី មូរ សុខហួរ ស្នើឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយអ្នកស្រីថ្លែងថា៖
«នៅថ្ងៃទី២៣តុលានេះគឺជាខួបទី៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សន្តិភាពអត់មានទេនៅក្នុងប្រទេសកម្ពុជា។ សន្តិភាពអត់មានទេនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូន»។
បន្ថែមពីនោះទៀតអ្នកស្រីនិងក្រុមការងារស្នើឲ្យពលរដ្ឋធ្វើសកម្មភាពបន្តទៀតដើម្បីរៀបចំឲ្យមានក្រុមប្រឹក្សាជាតិមួយដែលនឹងតំណាងឲ្យខ្មែរនៅទូទាំងសកលលោក។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលទ្ធផលនៃការត្រួតពិនិត្យជាសាកលលើកទី៤របស់កម្ពុជាហើយប្រទេសកម្ពុជាបានទទួលយកអនុសាសន៍ចំនួន២៣២ក្នុងចំណោម២៧៥របស់អង្គការសហប្រជាជាតិដោយបានចាត់ទុកថាអនុសាសន៍ទាំង៤៣នោះ«មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងរបស់ប្រទេសកម្ពុជា មានចរិតនយោបាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានិងមានលក្ខណៈមិនស្របរដ្ឋធម្មនុញ្ញនិងច្បាប់របស់កម្ពុជា»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានចេញផ្សាយកាលពីទី២ខែតុលា៕