យោធាអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃអង្គារនេះអំពីការប្រយុទ្ធគ្នាខ្លាំងក្លានៅក្នុងតំបន់ទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា (Gaza) ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រៀមបោះឆ្នោតលើសេចក្ដីសម្រេចមួយដែលព្រាងឡើងដោយប្រទេសអាល់ហ្សេរីដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ការបង្កើនលទ្ធភាពទទួលបានជំនួយ និងការប្រឆាំងនឹងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសេចក្ដីសម្រេចនេះ។ អ្នកស្រីថា សេចក្ដីសម្រេចនេះអាចប៉ះពាល់ដល់កិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះ។
នៅមុនការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ សហរដ្ឋអាមេរិកបានចែកចាយសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ខ្លួនផ្ទាល់ទៅកាន់សមាជិកក្រុមប្រឹក្សានេះ។ សេចក្ដីព្រាងសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិកនេះដែល VOA ទទួលបាន បានសង្កត់ធ្ងន់លើការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ (Hamas) ចាប់ឃុំ និងបានបញ្ជាក់អំពី «តម្រូវការបន្ទាន់នូវផែនការដែលអាចធ្វើបានមួយ» ដើម្បីការពារជនស៊ីវិលពីការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
សំណើរបស់សហរដ្ឋអាមេរិកនេះ «គូសបញ្ជាក់ថា ការវាយប្រហារតាមផ្លូវគោកទ្រង់ទ្រាយធំដូចនេះមិនគួរធ្វើឡើងនៅក្រោមស្ថានការណ៍បច្ចុប្បន្ននេះទេ» និង «ច្រានចោលកិច្ចប្រឹងប្រែងផ្សេងទៀតណាមួយដែលបង្ខំជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាឱ្យផ្លាស់ទី»។
សហរដ្ឋអាមេរិកមិនមានផែនការថានឹងស្នើសេចក្ដីសម្រេចរបស់ខ្លួនដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលណានោះទេ។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកនឹងទុកពេលឱ្យក្រុមប្រឹក្សាសន្តិសុខនេះចរចាលើអត្ថបទនៃសេចក្ដីសម្រេចនេះសិន ហើយគ្មានផែនការស្នើឱ្យមានការបោះឆ្នោតបន្ទាន់ណាមួយឡើយ។
ការចរចារាប់សប្ដាហ៍កន្លងមករវាងសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា មិនបានសម្រេចបានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សានិងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងនោះទេ។
អ៊ីស្រាអែលបានព្រមានថា ខ្លួនមានផែនការវាយប្រហារលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សាជាប់ព្រំដែនប្រទេសអេហ្ស៊ីប។ នៅក្នុងទីក្រុងនេះ ជនជាតិប៉ាឡេស្ទីនប្រហែល ១ លាន ៥ សែននាក់កំពុងជ្រកកោនដើម្បីសុវត្ថិភាព។
មន្ត្រីអ៊ីស្រាអែលថា ប្រតិបត្តិការក្នុងទីក្រុង Rafah គឺចាំបាច់ដើម្បីដៅគោលដៅវាយប្រហារលើសមាជិកក្រុមហាម៉ាស់នៅទីនោះ។
មន្ត្រីអង្គការសហប្រជាជាតិបានបញ្ជាក់ម្ដងហើយម្ដងទៀតថា គ្មានកន្លែងណាមានសុវត្ថិភាពសម្រាប់ជនស៊ីវិលទៅនៅក្នុងតំបន់ហ្កាហ្សានោះទេ។
អេហ្ស៊ីបបានជំទាស់ទៅនឹងការជម្លៀសជនជាតិប៉ាឡេស្ទីនចូលទឹកដីរបស់ខ្លួន ដោយនិយាយថា វាស្មើនឹងការបង្ខំជម្លៀសជនជាតិប៉ាឡេស្ទីនទាំងនោះដូច្នេះដែរ៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។