ការិយាល័យអ.ស.ប.៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឲ្យប្រទេសកម្ពុជា និងថៃដោះស្រាយជម្លោះព្រំដែនដែលកំពុងកើតមានឡើងនេះ ហើយឲ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍។
ការប្រយុទ្ធគ្នានាពេលថ្មីៗនេះ បានបញ្ឆេះជម្លោះដែលមានរាប់ទសវត្សរ៍ និងបាននាំឲ្យស្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ដែរ ក្នុងពេលប៉ះទង្គិចរវាងទាហានរបស់ប្រទេសជាតិអាស៊ីអាគ្នេយ៍ទាំង២នេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងថៃបានជួបគ្នាយ៉ាងសម្ងាត់ជាមួយសមាជិកទាំង១៥របស់ក្រុមប្រឹក្សានេះ ហើយនិងរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអង្គការតំបន់ASEANនេះ។
បន្ទាប់ពីជំនួបនោះ ប្រធានក្រុមប្រឹក្សាសម្រាប់ខែកុម្ភៈនេះគឺលោកស្រី Marai Luiza Ribeiro Viotti ឯកអគ្គរដ្ឋទូតប្រទេសប្រេស៊ីល បានអានសេចក្តីថ្លែងការណ៍ ដែលសម្តែងនូវការព្រួយកង្វល់យ៉ាងខ្លាំងរបស់ក្រុមប្រឹក្សាសន្តិសុខ អំពីការប្រយុទ្ធគ្នានាពេលថ្មីៗនេះក្នុងតំបន់ដាច់ស្រយាលមួយនៅជិតប្រាសាទហិណ្ឌូរបស់ខ្មែរគឺប្រាសាទព្រះវិហារ ដែលមានអាយុជាង៩០០ឆ្នាំ។
«សមាជិកក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឲ្យភាគីទាំង២សម្តែងនូវការអត់ធ្មត់ជាអតិបរមា ហើយឲ្យបញ្ចៀសសកម្មភាពដែលអាចធ្វើឲ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើង។ សមាជិកក្រុមប្រឹក្សាសន្តិសុខបានជំរុញបន្ថែមទៀតឲ្យភាគីទាំងពីរឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ហើយនិងអនុវត្តបទឈប់បាញ់គ្នានេះឲ្យបានពេញលេញនិងដោះស្រាយស្ថានភាពនេះដោយសន្តិវិធី និងតាមរយៈការសន្ទនាដ៏មានប្រសិទ្ធិភាព។ សមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការគាំទ្រដល់ការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ASEAN នៅក្នុងបញ្ហានេះ ហើយបានលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការនេះក្នុងបញ្ហានេះ»។
ថ្លែងតាងនាមឲ្យសមាគម ASEAN លោក Marty Natalagawa រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី បានប្រាប់ពួកអ្នកយកព័ត៌មានថា លោកមានសុទិដ្ឋិនិយមកាន់តែច្រើនឡើងអំពីស្ថានការណ៍នោះ បន្ទាប់ពីជំនួបរបស់អង្គការសហប្រជាជាតិ។
«នៅថ្ងៃនេះក្នុងអំឡុងពេលនៃការពិភាក្សារបស់ក្រុមប្រឹក្សា ខ្ញុំបានឮយ៉ាងខ្លាំង ហើយយ៉ាងច្បាស់នូវបំណងប្រាថ្នារបស់សមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលពិតជាចង់ឲ្យបញ្ហានោះត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងការចរចាគ្នា ហើយនេះជាចំណុចមួយដែលប្រទេសឥណ្ឌូណេស៊ី ជាប្រធាន ASEAN បានបញ្ជាក់ជាច្រើនដង និងជាច្រើនលើក។ ហើយក៏មានការទទួលស្គាល់ដែរថា ត្រូវតែមានការឈប់បាញ់គ្នា ហើយថា ត្រូវតែមានប្រភេទគំរូខ្លះ ឬបង្កើតប្រព័ន្ធទាក់ទងគ្នាដើម្បីធ្វើឲ្យប្រាកដថា មានការឈប់បាញ់គ្នា»។
លោកមានប្រសាសន៍បន្តទៀតថា រដ្ឋមន្រ្តីក្រសួងការបរទេសASEAN នឹងពិភាក្សាបញ្ហានេះនៅសប្តាហ៍ក្រោយក្នុងរដ្ឋធានី Jarkarta។
ភាគីទាំង២បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្តើមអរិភាពនេះ។ កម្ពុជាក៏បានចោទប្រកាន់ថា ប្រទេសថៃប្រើប្រាស់គ្រាប់មីនចង្កោម។
ការចោទប្រកាន់នេះបានត្រូវលោក Kasit Piromya រដ្ឋមន្រ្តីការបរទេសថៃ បដិសេធយ៉ាងដាច់អហង្ការ។
លោកបានប្រាប់ពួកអ្នកយកព័ត៌មានថា មិនមានហេតុផលដែលថា ជម្លោះព្រំដែនគួរបន្តទៀតទេ ក៏ប៉ុន្តែលោកនិយាយទៀតថា ជម្លោះបែបនេះត្រូវការពេលវេលា និងឆន្ទៈនយោបាយ ទើបដោះស្រាយបាន។
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋន្រ្តីក្រសួងការបទេសកម្ពុជា លោក ហោ ណាំហុង បាននិយាយសង្កត់ធ្ងន់ប្រាប់ពួកអ្នកយកព័ត៌មានអំពីការប្រើប្រាស់គ្រាប់មីនចង្កោម ដោយលោកមានប្រសាសន៍ថា អ្នកជំនាញការ២នាក់បានកំណត់ថា ភាគីថៃបានប្រើប្រាស់គ្រាប់មីនចង្កោម។ លោកក៏បានសម្តែងនូវការអាក់អន់ចិត្តរបស់លោកដែរ ពីព្រោះក្រុមប្រឹក្សាសន្តិសុខមិនមានផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ ឬបេសកកម្មស្វែងរកការណ៍ពិតនៅតំបន់នោះ ដើម្បីធានាឲ្យមានការអនុវត្តបទឈប់បាញ់គ្នានេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន