ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​ស្ដី​ពី​ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង

ទាហាន​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដើរ​កាត់​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​បង្ហាញ​រូបភាព​នៃ​ការ​បាញ់បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​ស្អែក ស្ដី​ពី​ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ស្នើ​ឲ្យ​បើក​កិច្ច​ប្រជុំ​បន្ទាន់​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ក្នុង​រយៈ​កម្ពស់​ដ៏​ខ្ពស់​មិន​ធម្មតា​មួយ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រាប់​មីស៊ីល​នេះ​អាច​ជា​គ្រាប់​រ៉ុក្កែត​ដែល​ប្រើ​សារធាតុ​រាវ​ជា​កម្លាំង​ជំរុញ​យ៉ាង​ហោច​ណាស់​ពីរ​ប្រភេទ​បញ្ចូល​គ្នា ដែល​មាន​សមត្ថភាព​អាច​ហោះ​បាន​រហូត​ដល់ ៤ ពាន់ ៥ រយ គីឡូម៉ែត្រ។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​ប្រធានាធិបតី Moon Jae-In កំពុង​បញ្ជូន​បេសកជន​ពិសេស​របស់​កូរ៉េ​ខាង​ត្បូង​ទៅ​ជុំវិញ​ពិភពលោក ស្រប​ពេល​ដែល​កូរ៉េ​ខាង​ត្បូង​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​នៅ​លើ​ពិភពលោក បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​មីស៊ីល​ដ៏​គគ្លើន​នេះ​រួច​មក។

វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា បេសកជន​ពិសេស​ទាំង​នោះ​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នានា ដើម្បី​ពន្យល់​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ថ្មី និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​យោបល់​ផ្សេងៗ​ផង​ដែរ។

អតីត​អគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​សហរដ្ឋ​អាមេរិក លោក Hong Seok Hyun នឹង​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក។ រី​ឯ​អតីត​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង លោក Lee Hae Chan នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន។ សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​សព្វថ្ងៃ នឹង​ទៅ​ប្រទេស​ជប៉ុន និង​រុស្ស៊ី ហើយ​ទីប្រឹក្សា​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មួយ​រូប នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់៕