អគ្គលេខាធិការ អ.ស.ប ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ទាហាន​មួក​ខៀវ​កម្ពុជា​៤រូប

មន្ត្រី​យោធាកម្ពុជាលើក​មឈូសសាកសពកងយោធា​កម្ពុជាបួនរូប ដែលបាន​បាត់បង់​ជីវិត​នៅ​អាហ្វ្រិក នៅ​ក្នុង​ពិធីបញ្ជូន​សព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។

នៅ​ក្នុង​លិខិត​ដដែល​នោះ លោក Antonio Guterres ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​រួម​ចំណែក​របស់​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ទាំង​៤រូប​ ក្នុង​ការ​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

អគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ លោក Antonio Guterres ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​គ្រួសារ​សព​ទាហាន​មួក​ខៀវ​៤រូប ​ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល កាល​ពី​ដើម​ខែ​ឧសភា។

សារ​រំលែក​ទុក្ខ​របស់​អគ្គលេខាធិការ​ អ.ស.ប.នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ផ្ញើ​ជូន​ឯក​អគ្គ​រាជទូត​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឱ្យ​ដឹង​ថា ​ នៅ​ក្នុង​លិខិត​រំលែក​ទុក្ខ​នោះ លោក Antonio Guterres បាន​សម្ដែង​ការ​សោកស្ដាយ​ក្រៃលែង នៅ​ពេល​លោក​ទទួល​បាន​ដំណឹង​ថា ទាហាន​មួក​ខៀវ​របស់​កម្ពុជា​ចំនួន​៤​រូប ​បាន​ពលី​ជីវិត​ក្នុង​ពេល​បំពេញ​ការងារ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

នៅ​ក្នុង​លិខិត​ដដែល​នោះ លោក Antonio Guterres ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​រួម​ចំណែក​របស់​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ទាំង​៤រូប​ ក្នុង​ការ​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

កន្លង​ទៅ ស្ថានទូត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​យុទ្ធជន​របស់​កម្ពុជា​ទាំង​៤រូប​ផង​ដែរ។យុទ្ធជន​ពលី​ទាំង​បួន​រូប​រួមមាន​លោក​ ម៉ៅ អេង លោក​ ស៊ាង នរិន្ទ លោក​ អ៊ឹម សំ និង​លោក ​មុំ តុលា។ អ្នក​ទាំង​៤​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា។

សព​របស់​អ្នក​ទាំង​៤​ ត្រូវ​បាន​ដឹក​មក​ដល់ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​សាច់​ញាតិ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ៕