បន្ទាប់ពីមានភាពស្ងប់ស្ងាត់ផ្នែកវោហាស័ព្ទ និងភាពធូរស្រាលផ្នែកនយោបាយនៅក្រុងភ្នំពេញ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា គ្រោងនឹងបំពេញទស្សនកិច្ចការងារជាលើកទីបីរបស់លោកស្រី មកកាន់ប្រទេសកម្ពុជានៅក្នុងខែតុលានេះ។ នេះបើតាមការបញ្ជាក់ពីសំណាក់ការិយាល័យអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញ។
លោកស្រី រ៉ូណា ស្មីត ដែលចូលមកកាន់តំណែងជាប្រេសិតពិសេសអ.ស.ប. កាលពីខែមីនា ឆ្នាំ២០១៥ ធ្លាប់បានបំពេញទស្សនកិច្ចលើកដំបូងកាលពីខែកញ្ញាឆ្នាំទៅ និងទស្សនកិច្ចលើកទីពីរ កាលពីខែមីនាដើមឆ្នាំនេះ។
នៅពេលទទួលសំណួរពី VOA តាមរយៈសារអេឡិចត្រូនិច អំពីគម្រោងទស្សនកិច្ចនាពេលខាងមុខរបស់លោកស្រី ស្មីត ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំរាជធានីភ្នំពេញ បានឆ្លើយតបថា៖
«ពិតមែនហើយ លោកស្រី [ស្មីត] នឹងអញ្ជើញមក[កម្ពុជា] នៅក្នុងខែនេះ»។
ទោះជាយ៉ាងណាក្ដី ការិយាល័យអ.ស.ប.ដដែលនេះមិនបានបញ្ជាក់អំពីគម្រោង និងរបៀបវារៈលម្អិតនៃដំណើរទស្សនកិច្ចខែតុលារបស់លោកស្រី ស្មីត ដែលជាបេសកកម្មលើកទី៣របស់លោកស្រីនៅកម្ពុជាឡើយ តែថា ព័ត៌មានលម្អិតនឹងត្រូវបានជម្រាបជូនសាធារណជននាពេលក្រោយ។
ជាទម្លាប់របស់ប្រេសិតសិទ្ធិមនុស្សអ.ស.ប. និងក៏ដូចជាកាលពីដំណើរទស្សនកិច្ចលើកមុនៗរបស់ លោកស្រី ស្មីត តែងតែមានជំនួបរវាងអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សអ.ស.ប. ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា មេដឹកនាំគណបក្សជំទាស់ មន្ត្រីអង្គការសង្គមស៊ីវិល និងសហគមន៍ដែលរងការប៉ះពាល់ពី«ការរំលោភសិទ្ធិ»។
ក្នុងដំណើរទស្សនកិច្ចកាលពីខែមីនាដើមឆ្នាំនេះ លោកស្រី ស្មីត បានធ្វើដំណើរមកជួបមេដឹកនាំនយោបាយ និងសង្គមស៊ីវិលនៅភ្នំពេញ មុននឹងចេញទៅជួបសហគមន៍ជនជាតិភាគតិចនៅខេត្តព្រះវិហារ ទីដែលលោកស្រីត្រូវបានក្រុមនគរបាលរាំងឃាត់ដំណើរ។
កាលពីខែកក្កដា ក្រោយពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតនៅភ្នំពេញ លោកស្រី ស្មីត បានទទួលការរិះគន់ពីសំណាក់អ្នកជំនាញការផ្នែកសិទ្ធិមនុស្ស អំពីភាពស្ងាត់ស្ងៀមរបស់លោកស្រី ហើយលោកស្រីត្រូវបានស្នើឱ្យបញ្ចេញសំឡេងឱ្យបានច្រើន បូកជាមួយនឹងសកម្មភាពជាដុំកំភួនឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា ដែលចេះតែអាប់អួរនាគ្រានោះ។
កន្លងទៅមួយឆ្នាំនៃការប្រទាំងប្រទើស និងការប្រឈមមុខផ្នែកនយោបាយនៅក្រុងភ្នំពេញ លោកស្រី ស្មីត បានចេញសារព្រមានមួយដងជាពីរដង តាំងពីខែវិច្ឆិកាឆ្នាំមុនមកថា កម្ពុជាកំពុងដើរដល់«របត់ដំណើរដ៏គ្រោះថ្នាក់»។
បុគ្គលិកជាន់ខ្ពស់បួនរូបនៃអង្គការសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅតុលាការក្នុងសំណុំរឿងក្ដីដែលគេអះអាងថា ជាប់ពាក់ព័ន្ធនឹងបញ្ហាស្នេហាលួចលាក់របស់អនុប្រធានគណបក្សជំទាស់គឺលោក កឹម សុខា។
លោក កឹម សុខា ខ្លួនឯងត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារប្រាំខែ ក្រោមបទចោទថា លោកបានគេចវេសមិនចូលខ្លួនទៅបំភ្លឺចំពោះមុខតុលាការ ហើយលោកកំពុងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះ។ រីឯប្រធានគណបក្សរបស់លោក គឺលោក សម រង្ស៊ី បាននឹងកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការអនុវត្តសាលដីកាដែលមានចំណាស់ច្រើនឆ្នាំមួយពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ ដែលត្រូវបានសើរើភ្លាមៗកាលពីខែវិច្ឆិកាឆ្នាំទៅ។
នៅឯមហាសន្និបាតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប. កាលពីខែកញ្ញា លោកស្រី ស្មីត បានប្រើប្រាស់វេទិកាដើម្បីនិយាយរិះគន់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បូករួមទាំងក្ដីក្ដាំនៅតុលាការដែលមានលក្ខណៈនយោបាយប្រឆាំង អ្នកជំទាស់ និងសង្គមស៊ីវិល ការប្រើប្រាស់អំពើហិង្សានយោបាយ និងសង្គ្រាមវោហាស័ព្ទរវាងមេដឹកនាំនយោបាយ។
យ៉ាងណាក្ដី ដំណើរទស្សនកិច្ចលើកទី៣របស់បេសកជនផ្នែកសិទ្ធិមនុស្សអ.ស.ប.រូបនេះ ធ្វើឡើងនៅចំពេលដែលមានការអំពាវនាវឱ្យមានការស្ងៀមស្ងាត់ និង«បទឈប់បាញ់»ផ្នែកនយោបាយរវាងគណបក្សធំៗនៅកម្ពុជា ដែលនាំឱ្យមជ្ឈដ្ឋាននានាមើលឃើញថា កម្តៅនយោបាយបាននឹងកំពុងថមថយ និងធូរស្រាល៕