ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ការ​សម្លាប់​រង្គាល​នៅ​​តំបន់​ Tigray ប្រទេស​អេត្យូពី

  • Lisa Schlein

ជនភៀសខ្លួនអេត្យូពីប្រមូលផ្តុំគ្នានៅតំបន់ Qadarif ភាគខាងកើតប្រទេសស៊ូដង់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនជាតិអេត្យូពីរាប់ពាន់នាក់បានភៀសខ្លួនដោយសារតែសង្គ្រាមកើតឡើងក្នុងតំបន់ Tigray។

ការ​ប្រយុទ្ធគ្នា​ចាប់​ផ្តើម​តាំងពី​ដើម​ខែវិច្ឆិកា​រវាង​កងទ័ព​ប្រទេស​អេត្យូពី​ និង​កងកម្លាំងរដ្ឋាភិបាល​ក្នុង​តំបន់ Tigray បានបណ្តាលឲ្យជនស៊ីវិល​ស្លាប់​ និង​បង្ក​ការ​ខូចខាត​ផ្ទះសម្បែងនិង​ហេដ្ឋារចនា​សម្ព័ន្ធ​កាន់​តែ​ច្រើន​ឡើង។ សេចក្តីរាយការណ៍​អំពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ទ្រង់ទ្រាយ​ធំ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​រត់​ភៀស​ខ្លួន​ដើម្បី​សុវត្ថិភាព។

ជនជាតិ​អេត្យូពីជិត ៣ ​ម៉ឺន​នាក់​ បាន​រត់គេច​ទៅប្រទេស​ស៊ូដង់ ​ហើយ​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ មនុស្ស​កាន់​តែច្រើន​កំពុង​ធ្វើ​ដំណើរ។ ការ​ប្រយុទ្ធ​គ្នា​នេះ​កំពុង​កើតឡើង​នៅ​ភាគ​ខាងកើត​នៃ​ទ្វីប​អាហ្វ្រិក​ក្នុង​តំបន់​មួយ ​ដែល​ត្រូវបាន​ស្គាល់​ថា «តំបន់​ជ្រោយ​ខាង​កើត​ទ្វីបអាហ្វ្រិក ឬ horn of Africa»។​

ឧត្តម​ស្នង​ការ​ទទួល​បន្ទុកសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិអ្នកស្រី Michelle Bachelet រៀបរាប់​ពី​ស្ថានភាព​ដែលកាន់តែ​យ៉ាប់យឺន​ខ្លាំង​ក្នុង​តំបន់ Tigray។ អ្នកនាំពាក្យ​របស់​អ្នក​ស្រី គឺលោក Rupert Colville និយាយ​ថា ​អ្នក​ស្រី​មាន​ការ​រំខាន​ចិត្ត​ដោយ​របាយការណ៍​មួយ​របស់​អង្គការ Amnesty International ដែល​រាយការណ៍​ពី​ការ​សម្លាប់​រង្គាល​ក្នុង​ទីក្រុង​ Mai-Kadra ភាគនិរតី​នៃ​តំបន់ Tigray។​

លោក​និយាយ​ថា ​របាយការណ៍​នេះ​មិន​ទាន់ត្រូវបានផ្ទៀង​ផ្ទាត់​នៅ​ឡើយ​ទេ ហើយ​អ្នកស្រី​ឧត្តម​ស្នង​ការ​កំពុង​ស្នើ​ឲ្យ​មាន​ការ​សាកសួរ​ឲ្យ​បាន​ពេញ​លេញ​ ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​បាន​កើត​ឡើង។​

លោក Colville ថ្លែងថា៖ «បើសិន​ជាត្រូវបាន​បញ្ជាក់​ថា​ ការ​សម្លាប់​រង្គាល​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ចេតនា​ដោយ​ក្រុម​មួយ​ក្នុងការ​ប្រយុទ្ធ​បច្ចុប្បន្ន ការ​សម្លាប់​ជន​ស៊ីវិលទាំង​នេះ​ពិត​ណាស់នឹង​ត្រូវបាន​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយនិង​ការ​ទទួល​ខុសត្រូវ​ពេញ​ទំហឹង​នឹង​ត្រូវធ្វើ​ឡើង។ ទោះ​យ៉ាង​នេះ​ក្តី អាទិភាព​ដំបូង​ពេល​នេះ​ គឺត្រូវ​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​និង​ទប់​ស្កាត់​អំពើ​ឃោរឃៅ​ណាមួយ ​មិន​ឲ្យកើត​ឡើង​ទៀត»។​

ផែនទីបង្ហាញតំបន់ប្រយុទ្ធគ្នារវាងរដ្ឋាភិបាលអេត្យូពីនិងកងយោធាក្នុងតំបន់ Tigray

អង្គការ Amnesty បាននិយាយ​ថា រូបថត​និង​វីដេអូ​នៅ​ទីតាំង​នោះ​បង្ហាញមនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាក់ ​ឬ​កាប់​ដល់​ស្លាប់។ អង្គការ​នោះ​និយាយ​ថា ​ជនរងគ្រោះហាក់​ដូចជា​កម្ម​ករ​ធ្វើការ​ពេល​ថ្ងៃ​ ហើយ​មិន​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រតិបត្តិការ​របស់​យោធាទេ។​

លោក Colville និយាយ​ថា អ្នកស្រី​ឧត្តម​ស្នងការ​ក៏​ទទួល​បាន​របាយការណ៍​ពី​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​តាម​អាកាស​ ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​ប្រទេស​អេត្យូពី​ និង​ការ​ប្រយុទ្ធយ៉ាង​សាហាវ​រវាង​កងកម្លាំង​យោធា។ លោក​និយាយ​ថា អ្នក​ស្រី​ Bachelet ក៏​ភ្ញាក់ផ្អើល​នឹង​របាយការណ៍​ស្តីពី​កាត់ផ្តាច់​ទឹក អគ្គិសនី ​ក៏​ដូចជា​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្សេងៗ​ទៀត​ផង​ដែរ។

លោក​និយាយ​ថា ​អ្នក​ស្រី​ Bachelet កំពុង​ស្នើ​សុំ​ជាថ្មី​ឲ្យ​ភាគី​ទាំង​សង​ខាង​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​និង​ចាប់ផ្តើម​ធ្វើ​ការ​ចរចា។

លោក Colville ថ្លែង​ថា៖ «អ្នក​ស្រី​ឧត្តម​ស្នងការ​កំពុង​អំពាវនាវ​យ៉ាង​ខ្លាំង​ក្លា​ ទៅ​កាន់​ភាគីទាំង​សងខាង​ ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ​វា​នឹង​មិន​មាន​អ្នក​ឈ្នះ​ទេ​ក្នុង​ស្ថានភាព​បែប​នេះ ហើយ​អ្នកស្រី​ស្នើ​ឲ្យ​ពួកគេ​ចាប់​ផ្តើម​ការ​សន្ទនា​ឲ្យ​បាន​ច្បាស់​លាស់​មួយ ដោយ​គ្មាន​ការ​អូស​បន្លាយ​ពេល​វេលា។ ​អ្នកស្រី​ឧត្តម​ស្នងការក៏​បាន​ព្រមាន​ថា​ ជម្លោះ​ផ្ទៃក្នុង​ដែល​អូសបន្លាយ​នឹង​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ភាគីទាំងពីរ ទាំង​រដ្ឋាភិបាល​នៅ​តំបន់ Tigray និង​រដ្ឋាភិបាល​អេត្យូពី​ទាំងមូល ហើយ​ថែមទាំងបំផ្លាញ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដ៏​សំខាន់​ជា​ច្រើន​ឆ្នាំ​មក​នេះ»។​

លោក Colville និយាយ​ថា ​អ្នកស្រី​ឧត្តម​ស្នងការ​ភ័យខ្លាច​ពី​ផលប៉ះពាល់ ​ប្រសិនបើ​រដ្ឋាភិបាល​តំបន់ Tigray​ និង​រដ្ឋាភិបាល​អេត្យូពីមិន​យកចិត្ត​ទុក​ដាក់​ទៅលើ​ការ​ព្រមាន​របស់​អ្នក​ស្រី។ បើសិនជា​ការប្រយុទ្ធ​នៅតែ​បន្ត លោក​និយាយ​ថា ​អ្នក​ស្រី​ឧត្តមស្នងការ​ខ្លាច​ថា ​ជម្លោះ​នោះ​រីករាលដាល​ចេញ​ហួស​ព្រំដែន​ប្រទេស​ និង​អាច​បង្ក​អស្ថិរភាព​នៅ​តំបន់​អាហ្វ្រិក​ខាងកើត៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ