កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និយាយថា ប្រទេស Egypt បានរារាំងយុវជនរបស់ខ្លួនមិនឲ្យចូលរួមក្នុងដំណើរ ការនយោបាយ ដូច្នេះបានផ្តាច់ចោលមនុស្សមួយចំនួនធំនៃប្រជាពលរដ្ឋ។ សេចក្ដីរាយការណ៍ប្រចាំឆ្នាំរបស់ UNDP អំពីប្រទេស Egypt បានធ្វើឡើង ចំពេលដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងការតវ៉ាកាន់តែច្រើន អំពីមរណភាពនៃក្មេងជំទង់ម្នាក់ដែលគេចោទថា ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប៉ូលិសសម្ងាត់។
សេចក្ដីរាយការណ៍របស់ អសប និយាយថា រដ្ឋាភិបាល Egypt ឋិតនៅលើផ្លូវបំបែកមួយ ឬមួយបែរទៅរកការបញ្ចូលយុវជនក្នុងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ច ហើយដើរទៅមុខ ឬមួយមិនផ្លាស់ប្ដូរមាគ៌ាបច្ចុប្បន្ន ដែលសង្កត់សង្កិនមកលើយុវជន ហើយរុញច្រានក្មេងជំនាន់នោះ ឲ្យចូលទៅក្នុងស្ថានភាពមិនរវីរវល់ ឬក្នុងលទ្ធិជ្រុលនិយម។
ជម្រើសនោះ មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់រដ្ឋាភិបាលទេ ដែលបានជួយរៀបចំសរសេរសេចក្ដីរាយការណ៍ប្រចាំឆ្នាំ ដែលផ្សព្វផ្សាយក្នុងសប្ដាហ៍នេះ។ តែវាកើតឡើងចំពេលដែលមានបាតុកម្មមួយឈុតទៀត ដោយអាជ្ងាធរប្រើដៃធ្ងន់លើកនេះទៅលើករណីយុវជន ខាលីដ សាអ៊ិឌ អាយុ ២៨ ឆ្នាំដែលស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសនៅដើមខែនេះ ក្នុងទីក្រុង Alexandria ។
សេចក្ដីរាយការណ៍របស់រដ្ឋាភិបាលបានសន្និដ្ឋានថា សាអីឌ បានស្លាប់ដោយសារព្យាយាមលេបកញ្ឆាមួយកញ្ចប់ធំ។ តែរូបថតបានបង្ហាញយុវជននេះមានមុខជាំខ្លាំងនឹងបាក់ធ្មេញ ដែលជាភ័ស្ដុតាងគាំទ្រដល់ពាក្យសំដីរបស់សាក្សីនឹងសមាជិកគ្រួសារដែលនិយាយថា យុជននោះបានត្រូវប៉ូលិស វាយដំរហូតដល់ស្លាប់។
លោក Havez Abu Saada អគ្គលេខាធិការរបស់អង្គការសិទ្ឋិមនុស្សប្រទេស Egypt និយាយថា ការណ៍ដែលមរណភាពរបស់ សាអ៊ិឌ បានកើតឡើងក្នុងពេលប៉ុន្មានថ្ងៃបុណ្ណោះក្រោយពីរដ្ឋាភិបាលបានធ្វើពាក្យសច្ចាចុងក្រោយចំពោះអង្គការសិទ្ធិមនុស្សប្រទេស Egypt នោះ បង្ហាញថារឿងសិទ្ធិមនុស្សមិនឋិតនៅក្នុងរបៀបវារៈរបស់រដ្ឋាភិបាលទេ។ លោកថ្លែងបញ្ជាក់អំពីការរកឃើញរបស់អង្គការ UNDP ថា បញ្ហាផ្តល់ជំនួយទៅឱ្យក្រុមយុវជននៃប្រទេស ដែលចំនួន ១ភាគ ៤ នៃចំនួនប្រជាពលរដ្ឋទូទៅមានអាយុរវាង១៨ដល់ ២៩ ឆ្នាំនោះ មិនមែនមានកម្រឹតត្រឹមតែសិទ្ឋិនយោបាយនិងសិទ្ធិមនុស្សបុណ្ណោះទេ។
“ការសិក្សាអប់រំ ជាបញ្ហាចំបងមូយរបស់មនុស្សគ្រប់រូប។ ទោះបីជារដ្ឋាភិបាល បាននិយាយអំពីការអប់រំ ថាជាមាគ៌ានាំឲ្យមានការចំរើនលូតលាស់ដល់ប្រទេស Egypt និងជាមធ្យោបាយមូយសំរាប់ការអភិវឌ្ឍន៍ធនធានមនុស្សពិតប្រាកដក្នុងប្រទេស Egypt នោះក៏ដោយ ក៏គេមិនមានយុទ្ឋសាស្ដ្រ ដើម្បីផ្លាស់ប្ដូរកម្មវិធីអប់រំនោះឡើយ”។
សេចក្ដីរាយការណ៍នោះ បានរកឃើញបរាជ័យ ជាប្រព័ន្ធនៅក្នុងការអប់រំនិងប្រព័ន្ធហ្វឹកហ្វឺន។ សេចក្ដីរាយការណ៍នេះបានរកឃើញដែរថា មានការមិនលូតលាស់នៅក្នុងវិស័យសេដ្ឋកិច្ច បូករួមនឹងអត្រាខ្ពស់នៃមនុស្សគ្មានការងារធ្វើ។ មនុស្សប្រមាណ ១០% នៃកម្លាំងពលកម្ម មិនមានការងារធ្វើ ហើយ ៩០% នៃជនគ្មានការងារធ្វើ ឋិតនៅក្រោមអាយុ ៣០ ឆ្នាំដែលមិនអាចរកការងារធ្វើបាន។ ដូច្នេះហើយ រឿងនេះនឹងធ្វើឲ្យមានការលំបាករឹតតែច្រើនដល់យុវជន ក្នុងការសន្សំលុយដើម្បីរៀបអាពាហ៍ពិពាហ៍ ហើយកត្ដាទំាងអស់នោះរួមបញ្ចូលគ្នានៅក្នុងអ្វីដែលអង្គការ UNDP ហៅថា “សេចក្ដីអស់សង្ឃឹមនៃសង្គម” ដែលធ្វើឲ្យយុវជនជាទិសដៅងាយស្រួលនៃការឆ្លៀតយកចំណេញពីក្រុមនិយមជ្រុល។
នៅពេលថ្មីនេះ រដ្ឋាភិបាលបានរៀបចំធ្វើគម្រោងការធំៗជាច្រើន ដើម្បីធ្វើឲ្យប្រសើរដល់ស្ថានភាពសេដ្ឋកិច្ច សង្គម នឹងស្ថានភាពអប់រំនៅតំបន់ជនបទរាប់ទាំងការរៀបចំឡើងវិញនូវភូមិចំនួនប្រមាណ ១ពាន់។
តែសេចក្ដីរាយការណ៍របស់អ.ស.ប. សម្រេចថា អ្វីដែលត្រូវការចាំបាច់គឺ ការកែទម្រង់ទិសដៅរបស់រដ្ឋាភិបាល និងសង្គមស៊ីវិល។ សេចក្ដីរាយការណ៍នេះអំពាវនាវឲ្យបង្កើត“គំរូថ្មី” ដែលដាក់យុវជនឲ្យចូលរួមក្នុងការរៀបចំផែនការជាតិ ហើយនឹងដោះស្រាយបរាជ័យក្នុងប្រព័ន្ឋអប់រំ ហើយភាពក្រីក្រនិងប្រភពមូលហេតុរបស់វាត្រូវយកទៅដោះស្រាយ។
ដោយមានកម្លាំងសន្ដិសុខវាយបំបែកការតវ៉ាបន្ដិចបន្ដួចអំពីរឿងទាំងនោះ គេមិនដឹងច្បាស់ថា តើរដ្ឋាភិបាលនឹងយកចិត្ដទុកដាក់ច្រើនដល់កម្រិតណា ចំពោះអនុសាសន៍ដែលអង្គការ UNDP បានស្នើឡើងនោះទេ។
ប្រែសម្រួលដោយ អ៊ូ ធួក