ប្រទេស​កំពុង​អភិវឌ្ឍ​រីកចម្រើន​ផ្នែក​អប់​រំ និង​សុខាភិបាល

  • Margaret Beshe

ក្មេងៗ​នៅ​ប្រទេស​អាហ្រិ្វក​ខាងត្បូង។

ទីក្រុង ញូយ៉ក៖ ​របាយការណ៍​ថ្មី​មួយរបស់​អង្គការ​សហ​ប្រជាជាតិ​បញ្ជាក់​ថា ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំងលើវិស័យសុខាភិបាល អប់​រំ និង​បទដ្ឋានជីវភាព​រស់​នៅ​ជា​មូលដ្ឋាន​ នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍ថ្មីៗ​នេះ។

អ្នក​និពន្ធនៃ​របាយការណ៍អភិវឌ្ឍមនុស្ស​ឆ្នាំ​២០១០ (2010 Human Development Report) បាន​បោះមួយ​ជំហានហួស​ពី​ការគ្រាន់​តែ​ពិនិត្យ​ទៅ​លើសន្ទស្សន៍​សេដ្ឋកិច្ច ដើម្បីវាយ​តម្លៃ​ និង​ចាត់​ថ្នាក់​ប្រទេស។ ពួក​គេសន្មត​ថា មនុស្សជាធនធានពិត​ប្រាកដរបស់​ប្រទេស។ ដូច្នេះ​ ក្រៅ​ពី​កត្តាសេដ្ឋកិច្ច​ ក្រុម​អ្នក​ស្រាវ​ជ្រាវសិក្សា​ពី​ភាពជឿន​លឿនលើ​វិស័យ​សុខា​ភិបាល និងការអប់រំ។

លោក​ស្រី ហេឡិន ខ្លាក (Helen Clark) មន្ត្រី​រដ្ឋបាល​នៃ​កម្ម​វិធីអភិវឌ្ឍ​អង្គការ​សហ​ប្រជាជាតិ​ ដែល​ការិយាល័យ​របស់​លោក​ស្រី ត្រួត​ពិនិត្យការ​សិក្សា​ប្រចាំ​ឆ្នាំ បាន​និយាយ​អំពី​ការ​រក​ឃើញ​មួយចំនួន​របស់របាយការណ៍​នេះ ដែល​រួម​មានការពិនិត្យ​មើលកំណត់​ហេតុស្តីអំពី​ការ​អភិវឌ្ឍ​នៃមនុស្សនៅ​ក្នុង​ប្រទេស​ចំនួន​១៣៥ ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«សរុបមក​ សព្វ​ថ្ងៃ​នេះ មនុស្ស​មាន​សុខភាព​ល្អជាងមុន​ ទទួលការអប់​រំ​ល្អ​ជាមុន​ និង​មាន​ទ្រព្យ​ធន​ច្រើនជា​មុន។ ​នៅ​ទូ​ទាំង​សកល​លោក ចាប់​តាំង​ពី​ឆ្នាំ​១៩៧០មក យើង​ឃើញ​មធ្យម​ភាគនៃ​អាយុ​កាលរបស់​មនុស្ស​ កើន​ឡើង​ពី​៥៩​ឆ្នាំ​ទៅ​៧០​ឆ្នាំ។ យើង​ឃើញ​ពី​ការ​ចុះឈ្មោះចូល​រៀនកើន​ឡើង​ពី​៥៥​ទៅ​៧០ភាគរយ​ ហើយប្រាក់​ចំណូល​របស់មនុស្ស​ម្នាក់ៗ កើនឡើង​ទ្វេដង​រហូត​ដល់ជាង​១​ម៉ឺន​ដុល្លារជា​មធ្យម»។

លោកស្រី​ ខ្លាក​ មាន​ប្រសាសន៍​ថា ប្រទេស​ក្រី​ក្រ​បំផុត​មួយ​ចំនួន ​មាន​កំណើន​នៃ​ការ​អភិវឌ្ឍ​មនុស្សដ៏អស្ចារ្យ។ លោក​ស្រី​បន្ត​ថា៖

«របាយការណ៍​នេះបង្ហាញ​ថា គម្លាតផ្នែក​សុខាភិបាល និងអប់​រំ​ រវាងប្រទេសអភិវឌ្ឍ និងកំពុង​អភិវឌ្ឍ បាន​ថយ​ចុះ​គួរឲ្យ​កត់សម្គាល់​ ក្នុង​រយៈ​ពេល​៤​ទសវត្ស៍​ចុង​ក្រោយ​នេះ​ បើទោះ​ជា​ការ​បែង​ចែក​ប្រាក់​ចំណូល​មួយ​ចំនួនមាន​សភាព​ធ្ងន់​ធ្ងរក៏​ដោយ»។

ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​សិក្សាប្រទេស​ចំនួន​១៣៥ ដែលតំណាង​ឲ្យ៩២​ភាគ​រយ​ នៃប្រជាពលរដ្ឋពិភពលោក​។ ប្រទេស​ជឿនលឿន ​ដូច​ជា​ ន័រវ៉េ​ អូស្ត្រាលី​ ណូវ៉េហ្សេឡង់​ អាមេរិក​ និង​អៀរឡង់ ​នាំ​មុខ​ចំណាត់ថ្នាក់នេះ។​ ប្រទេស​ដែលបង្ហាញពីការរីក​ចម្រើនខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​ទៅក្នុងវិស័យសេដ្ឋកិច្ច​ សុខាភិបាល​ និង​អប់រំ រួម​មាន​ប្រទេស​អូម៉ាន​ ចិន​ ណេប៉ាល់​ ឥណ្ឌូនេស៊ី​ និង​អារ៉ាប់ប៊ី​សេអូឌីត។ ហើយ​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណោមប្រទេសកំពូល​ទាំង​១០ដែរ​នោះ​ រួម​មានប្រទេសឡាវ ​ទុយនីស៊ី​ កូរ៉េ​ខាងត្បូង អាល់ហ្សែរី និង​ម៉ូរ៉ុកូ។

អ្នក​និពន្ធបាន​វាស់​កម្រិតភាព​ក្រី​ក្រ ដោយ​មិន​គ្រាន់​តែ​ផ្អែក​លើ​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្អែក​លើកត្តា​ជា​ច្រើន​ទៀត​ រួមមាន​ បញ្ហា​សុខភាព​ និង​អាហារូប​ត្ថម្ភ​ដ៏​ខ្សត់ខ្សោយ​ ស្ថានភាព​លំនៅដ្ឋានមិន​ល្អ និងការ​ផាត់​ចេញ​ពី​សង្គម។ ដោយសារ​ការ​ប្រើ​ប្រាស់វិសាលភាព​ដ៏ទូ​លំ​ទូ​លាយ​បែប​នេះ ការ​សិក្សាបាន​សន្និដ្ឋាន​ថា ប្រហែល១​ភាគ​៣ នៃប្រជា​ពលរដ្ឋ​ពិភពលោក ​ដែល​មាន​ចំនួនប្រហែល​១,៧​ពាន់​លាន​នាក់ រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ។ ចំនួន​នោះមាន​ច្រើនជាង១,៣​ពាន់​លាន​នាក់ ដែល​ធនាគារ​ពិភព​លោកបាន​ប៉ាន់​ស្មាន​ថា អាច​រកប្រាក់ចំណូលក្នុង​មួយ​ថ្ងៃ​ បាន​តែ ​១,២៥​ដុល្លារ​ ឬ​តិច​ជាង​នេះ៕

ប្រែសម្រួល​ដោយ​លោក ​លី សុខឃាង