មនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់នៅក្នុងពិភពលោក នឹងមានអាយុលើ៦០ឆ្នាំ។
ដោយ PETER FEDYNSKY
ប្រែសម្រួលដោយ លី សុខឃាង
វាគឺជាការពិតនៃជីវិត ដែលមនុស្សវ័យកាន់តែចាស់ មានភាពយឺត ដូច្នេះវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដូចជាថា មនុស្សវ័យចាស់ទាំងនោះត្រូវការពេលយូរជាងមុនក្នុងការដើរឆ្លងផ្លូវ។ តើសហគមន៍ត្រូវសម្របសម្រួលដល់ប្រជាពលរដ្ឋវ័យចាស់របស់ពិភពលោក ដែលកើនឡើងយ៉ាងឆាប់រហ័សដោយរបៀបណា? របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិស្តីពីមនុស្សវ័យចាស់ ទទូចសុំឱ្យប្រទេសទាំងឡាយឆ្លើយសំណួរនេះ ដោយសារថានៅពេលឆាប់ៗនេះ មនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់នៅក្នុងពិភពលោក នឹងមានអាយុលើ៦០ឆ្នាំ។
ប្រទេសជប៉ុន មានប្រជាពលរដ្ឋវ័យចាស់បំផុតនៅក្នុងពិភពលោក។ ៣០ភាគរយនៃជនជាតិជប៉ុន ជាមនុស្សចាស់។ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា នៅត្រឹមពាក់កណ្តាលនៃសតវត្សរ៍នេះ ប្រទេសចំនួន៦៤ នឹងឈានដល់កម្រិតនោះដែរ។
លោក ចូស៍ ម៉ៃហ្គេល ហ្គូសម៉ាន (Jose Miguel Guzman) ប្រធានអង្គភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ បានហៅអាយុយឺនយូរ ដែលកាន់តែកើនឡើង ថាជាសមិទ្ធិផលដ៏ធំធេងបំផុតមួយរបស់មនុស្សជាតិ។ អ្នកសរសេររបាយការណ៍ថ្មីស្តីពីមនុស្សវ័យចាស់នេះ បានចាត់ទុកអាយុវែងនេះ ថាបានមកដោយសារតែភាពប្រសើរឡើងនៃអាហារូបត្ថម្ភ អនាម័យ ភាពជឿនលឿនខាងវេជ្ជសាស្ត្រ ការថែទាំសុខភាពល្អជាងមុន ការអប់រំ និងសុខមាលភាពសេដ្ឋកិច្ច។ ប៉ុន្តែ លោក ហ្គូសម៉ាន បានប្រាប់ក្រុមអ្នកកាសែតថា អាយុយ៉ឺនយូរនេះក៏បង្កបញ្ហាប្រឈមផងដែរ។
«ប្រជាពលរដ្ឋវ័យចាស់ច្រើនហួសប្រមាណ ក៏មានន័យថាជាតម្រូវការដែលកាន់តែកើនឡើងសម្រាប់សន្តិសុខប្រាក់ចំណូល សុខភាព និងការថែរក្សាយូរអង្វែង ដែលបង្កជាបញ្ហាប្រឈមខាងផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងធំធេង ដែលត្រូវតែដោះស្រាយជាមួយនឹងគោលនយោបាយយ៉ាងខ្លាំងក្លា និងគោលនយោបាយសង្គមដ៏សមស្រប»។
របាយការណ៍នេះនិយាយថា ប្រជាពលរដ្ឋនឹងមានវ័យចាស់នៅគ្រប់តំបន់ទាំងអស់នៃពិភពលោក។ កំណើនវ័យចាស់ដ៏ឆាប់រហ័សបំផុត គឺនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលឥឡូវនេះ ប្រជាពលរដេ្ឋរស់នៅជាមធ្យមដល់វ័យ៦៨ឆ្នាំ ហើយត្រូវបានរំពឹងថានឹងរស់នៅរហូតដល់វ័យ៧៤ឆ្នាំនៅត្រឹមឆ្នាំ២០៥០។ អាយុកាលមធ្យម គឺ៧៨ឆ្នាំ នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ដែលមនុស្សទើបកើតថ្មីនាពេលសព្វថ្ងៃនេះ អាចរំពឹងថានឹងរស់បានរហូតដល់អាយុ៨៣ឆ្នាំ។
លោក រីឆាត ប្លេវែត (Richard Blewett) ជាប្រធានមន្ត្រីប្រតិបត្តិនៃអង្គការជួយមនុស្សចាស់អន្តរជាតិ (HelpAge International) ដែលជាដៃគូបោះពុម្ពផ្សាយរបាយការណ៍របស់អង្គការសហប្រជាជាតិនេះ។ លោកបានថ្លែងថា មនុស្សវ័យចាស់នៅតាមប្រទេសជាច្រើន មិនត្រូវបានចាត់ទុកថាធនធានសេដ្ឋកិច្ចនោះទេ។
«រដ្ឋាភិបាលពិតជាមិនអាចបំពេញតាមការរំពឹងទុករបស់ប្រជាពលរដ្ឋចាស់ៗរបស់ខ្លួនបានឡើយ ហើយពួកគេអាចធ្វើកិច្ចការប្រសើរជាងមួយ។ អ្វីដែលត្រូវការចាំបាច់នៅទីនោះ គឺទស្សនវិស័យវែងឆ្ងាយនិងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លា និងទស្សនអាទិភាពច្បាស់លាស់មួយ»។
លោក ប្លេវែត មានប្រសាសន៍ថា ៦៧ភាគរយនៃមនុស្សចាស់ ដែលត្រូវបានស្ទាបស្ទង់មតិសម្រាប់របាយការណ៍នេះ បានឲ្យដឹងថា បញ្ហាប្រឈមធំបំផុតរបស់ពួកគេ គឺការរើសអើងក្នុងអាជីពការងារ។ ប៉ុន្តែ លោកបានកត់សម្គាល់ឃើញថា ប្រទេសមួយចំនួន កំពុងចាប់ផ្តើមមើលឃើញពីគុណសម្បត្តិរបស់មនុស្សចាស់។ ប្រទេសអាហ្វ្រិកខាងត្បូង (South Africa) ផ្តល់កម្មវិធីប្រាក់សោធនិវត្សរ៍សង្គមមួយ ហើយប្រទេសប្រេស៊ីល (Brazil) បានអនុម័តច្បាប់សិទ្ធិមនុស្ស តាំងនាមឲ្យមនុស្សចាស់ៗរបស់ខ្លួន។ នៅក្នុងប្រទេសចិន ជីដូនជីតានៅតាមទីជនបទ មើលថែទាំចៅៗ នៅពេលដែលឪពុកម្តាយរបស់ពួកគេ ផ្លាស់ទៅទីក្រុងដើម្បីស្វែងរកការងារធ្វើ។
លោក ម៉ាថា ហ្វានស្វត រីឆេ (Martha Farnsworth Riche) អតីតប្រធានការិយាល័យជំរឿនប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិក បានដកស្រង់ឧទាហរណ៍មួយនៅប្រទេស អូស្រ្តាលី (Australia) ដែលសហគមន៍បានពិគ្រោះយោបល់ជាមួយអ្នកចូលនិវត្តអំពីសេចក្តីត្រូវការខាងការធ្វើដំណើរនៅក្នុងស្រុក។
«រឿងមួយដ៏សាមញ្ញបំផុតនោះដែលបានលេចឡើង ដោយសារថាពួកគេមានអ្នកតំណាង ហើយដែលប្រជាពលរដ្ឋត្រូវការពេលវេលាច្រើនជាងមុន អ្នកដើរត្រូវការពេលវេលាកាន់តែច្រើនដើម្បីឆ្លងផ្លូវ។ ឥឡូវនេះ មានការផ្តល់យោបល់មួយក្នុងការគ្រប់គ្រងភ្លើងចរាចរណ៍ ដោយពេលវេលាសម្រាប់ភ្លើងពណ៌ខៀវមានរយៈពេលយូរជាងមុន»។
វិធានការដ៏សំខាន់ច្រើនថែមទៀត រាប់បញ្ចូលទាំងកំណែរទម្រង់ប្រព័ន្ធសន្តិសុខសង្គមនៅតាមបណ្តាប្រទេសអភិវឌ្ឍ ដើម្បីឆ្លុះបញ្ចាំងពីប្រជាពលរដ្ឋវ័យចាស់ និងដើម្បីបង្កើតបណ្តាញសុវត្ថិភាពសង្គមនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលប្រព័ន្ធទ្រទ្រង់គ្រួសារជាប្រពៃណី កំពុងតែសាបរលាប។ របាយការណ៍បានឲ្យដឹងថា វិធីប្រកបដោយសេចក្តីមេត្តានិងការចំណាយប្រកបដោយប្រសិទ្ធភាពបំផុត ដែលសង្គមមួយអាចធ្វើបានសម្រាប់ប្រជាពលរដ្ឋវ័យចាស់របស់ខ្លួន គឺត្រូវវិនិយោគទៅលើវិសយ័សុខាភិបាលរបស់ពួកគេ ដូច្នេះពួកគេអាចនៅតែមានភាពក្លៀវក្លាដដែល៕