ប្រធានទីភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ដើម្បីចរចាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលផ្អែកលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ លោក Grossi ទៅដល់អ៊ីរ៉ង់ មួយថ្ងៃក្រោយពីលោកបានអំពាវនាវដល់ប្រមុខដឹកនាំអ៊ីរ៉ង់ ឱ្យចាត់វិធានការដោះស្រាយបញ្ហាដែលអូសបន្លាយយូរលង់មកហើយជាមួយទីភ្នាក់ងាររបស់លោក ដោយសារកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានបង្ហាញវីដេអូលោក Grossi ជួបជាមួយអ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូរដ្ឋអ៊ីរ៉ង់លោក Behrouz Kamalvandi ក្រោយពីលោក Grossi មកដល់។
ប្រធានទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ បានស្វះស្វែងរាប់ខែមកហើយ ដើម្បីឱ្យមានវឌ្ឍនភាពជាមួយអ៊ីរ៉ង់លើបញ្ហានានារួមទាំងការជំរុញកិច្ចសហប្រតិបត្តិការត្រួតពិនិត្យបន្ថែមទៀតនៅទីតាំងនុយក្លេអ៊ែរ និងការពន្យល់អំពីដានអ៊ុយរ៉ានីញ៉ូមដែលត្រូវបានគេរកឃើញនៅទីតាំងដែលអ៊ីរ៉ង់មិនបានប្រកាសឱ្យដឹង។
ប៉ុន្តែកិច្ចប្រឹងប្រែងរបស់លោក Grossi មិនសូវបានផលទេ ហើយដោយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump វិលត្រឡប់ចូលកាន់តំណែងវិញ ដំណើរទស្សនកិច្ចរបស់លោក Grossi គួរតែផ្តល់សញ្ញាថាតើអ៊ីរ៉ង់ចង់ដំណើរការទៅមុខយ៉ាងដូចម្តេចក្នុងពេលប៉ុន្មានខែខាងមុខនេះ ព្រោះគេរំពឹងថាលោក Trump នឹងស្ដារឡើងវិញនូវគោលនយោបាយដាក់សម្ពាធអតិបរមាលើអ៊ីរ៉ង់។
លោក Grossi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា៖ «ខ្ញុំមិនទាន់អាចប្រាប់សហគមន៍អន្តរជាតិថាតើមានអ្វីកំពុងកើតឡើងបានទេ។ ខ្ញុំស្ថិតនៅទីតាំងដ៏សែនលំបាកមួយ។ ដូច្នេះ អ៊ីរ៉ង់ ត្រូវតែជួយយើង ឱ្យជួយពួកគេ ក្នុងកម្រិតណាមួយ»។
អ៊ីរ៉ង់ បានបង្កើនសកម្មភាពនុយក្លេអ៊ែរតាំងពីឆ្នាំ ២០១៩ មក ក្រោយពីលោក Trump កាលកាន់តំណែងក្នុងអាណត្តិទី ១ បានបោះបង់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលអ៊ីរ៉ង់បានសម្រេចជាមួយមេដឹកនាំពិភពលោក។ ក្រោមកិច្ចព្រមព្រៀងនោះ អ៊ីរ៉ង់ ព្រមផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ហើយអាមេរិកដកទណ្ឌកម្មដ៏តឹងតែងដែលខ្លួនបានដាក់លើអ៊ីរ៉ង់។
ឥឡូវ អ៊ីរ៉ងកំពុងចម្រាញ់អ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០ ភាគរយ ហើយជិតបានប្រមាណ ៩០ ភាគរយ ដែលគេត្រូវការចាំបាច់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។ តែអ៊ីរ៉ង់ បានបដិសេធជាយូរមកហើយថាខ្លួនគ្មានមហិច្ឆតាផលិតគ្រាប់បែកនុយក្លេអ៊ែរទេ។ អ៊ីរ៉ង់ថាខ្លួនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់ប្រើជាថាមពលស៊ីវិលតែប៉ុណ្ណោះ។
ដំណើររបស់លោក Grossi ទៅដល់អ៊ីរ៉ង់ កើតឡើង មួយសប្ដាហ៍មុនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដែលមានសមាជិក ៣៥ ប្រទេស ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ជាមួយប្រទេសអឺរ៉ុបដែលជាភាគីនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ នោះ គឺអង់គ្លេស អាល្លឺម៉ង់និងបារាំង។ កិច្ចប្រជុំនោះនឹងពិចារណាថាតើត្រូវបង្កើនសម្ពាធលើអ៊ីរ៉ង់ដែរឬទេ ដោយសារតែកង្វះកិច្ចសហការរបស់អ៊ីរ៉ង់៕