កាលពីថ្ងៃសុក្រ ក្រុមអ្នកស៊ើបអង្កេតការណ៍ឯករាជនៃអ.ស.បនិយាយថាតាមធម្មតាពួកភេរវជនគួរត្រូវបានចាប់ខ្លួនហើយនឹងនាំយកទៅជំនុំជម្រះទោស.អំពាវនាវឲ្យស.រ.អ.ផ្ដល់សេចក្ដីលម្អិតថែមទៀតអំពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិន។ អ្នកស៊ើបអង្កេតពីរនាក់នៃ អ.ស.ប.ដែលផ្សាយសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រនិយាយថា នៅក្នុងករណីពិសេស កងកម្លាំងអាចត្រូវបានប្រើនៅក្នុងប្រតិបត្ដិការប្រឆាំងភេរវជន។
ក៏ប៉ុន្ដែលោក Christof Heyns អ្នករាយការណ៍ពិសេសនៃ អ.ស.ប.ទទួលបន្ទុកខាងការសម្រេច ការសម្រេចភ្លាមៗ ឬការធ្វើតាមអំពើចិត្ដ ក្រៅអំណាចតុលាការ ហើយនឹងលោក Martin Scheinin អ្នករាយការណ៍ពិសេសនៃ អ.ស.ប.ទទួលបន្ទុកខាងកិច្ចការពារសិទ្ធិមនុស្សពេលកំពុងប្រឈមមុខនឹងភេរវកម្ម និយាយថាតាមធម្មតាពួកភេរវជនគួរត្រូវបានចាប់ខ្លួនហើយនឹងនាំយកទៅជំនុំជម្រះទោស។
ពួកអស់លោកនិយាយថាតើកងកម្លាំងរបស់ ស.រ.អ.ធ្វើតាមបទដ្ឋានរបស់សិទ្ធិមនុស្សអន្ដរជាតិ នៅពេលដែលគេសម្លាប់អូសាម៉ាប៊ិនឡាដិន អាស្រ័យទៅលើ ហេតុការណ៍ដែលកើតមានឡើង។ហើយអស់លោកនិយាយថា ហេតុការណ៍ទាំងនោះត្រូវតែលាតត្រដាងបើកចំហ។
អ្នកស៊ើបអង្កេតនៃ អ.ស.ប. មិនមែនជាមនុស្សទីមួយដែលចោទសួរ អំពីរឿងស្របច្បាប់នៃការស្លាប់របស់ប៊ិនឡាដិនទេ។
លោកស្រី Navi Pillay មន្ដ្រីថ្នាក់ខ្ពស់នៃ អ.ស.ប. ទទួលបន្ទុកខាងសិទ្ធិមនុស្ស ក៏បានអំពាវនាវផងដែរឲ្យមានព័ត៌មានថែមទៀត។ អង្គការកាកបាទក្រហមបានឲ្យដឹងថា គ្មានព័ត៌មានគ្រប់គ្រាន់ដែលគេអាចប្រើបានដើម្បីវាយតម្លៃមើលភាពស្របច្បាប់ទេ ហើយលោក Fidel Castro នៃប្រទេសគុយបា ផ្ដន្ទាទោសដោយចំហនូវអ្វីដែលលោកនិយាយថា ជាការសម្លាប់នៅចំពោះមុខប្រពន្ធហើយនឹងកូនរបស់ប៊ិនឡាដិន។
អង្គការ Human Rights Watch ដែលមានទីស្នាក់ការនៅ ស.រ.អ. ជាអង្គការមួយទៀតដែលបានចូលរួមនៅក្នុងការជជែកដេញដោលគ្នានេះ។លោក Reed Brody បាននិយាយអំពីរឿងនេះជាមួយ VOA សម្លេង ស.រ.អ.។
«ខ្ញុំគិតថាវាសំខាន់ណាស់សម្រាប់ ស.រ.អ. ផ្ដល់ព័ត៌មានថែមទៀត ដើម្បីបង្ហាញទាំងការសំអាងហេតុផលរបស់ខ្លួនសម្រាប់ភាពស្របច្បាប់ ហើយនឹងតាមពិតទៅ សម្រាប់រារាំងប្រទេសដទៃទៀតជាច្រើនកុំឲ្យតាមរកអ្នកប្រឆាំងនឹងពួកគេ ទាំងនៅក្នុងប្រទេសរបស់ខ្លួនទាំងនៅបរទេសហើយប្រើ ការធ្វើបែបនេះធ្វើជាការសំអាងហេតុផល»។
លោកនិយាយថា ត្រូវការឲ្យមានការបង្ហាញបំភ្លឺទៅលើបញ្ហាបីសំខាន់ៗ។បញ្ហាទីមួយតើអូសាម៉ាប៊ិនឡាដិនត្រូវគេចាត់ទុកថាជាអ្នកប្រយុទ្ធនៅក្នុងសង្គ្រាមដែរឬទេ។ លោកនិយាយថា ត្រូវការចាំបាច់ផ្ដល់ភស្ដុតាង ថាតួនាទីរបស់ប៊ិនឡាដិននៅតែមានតទៅទៀត។
«បើលោកអ្នកជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធាលោកអ្នកឲ្យបញ្ជាទៅកងទ័ពនៅក្នុងប្រទេសប៉ាគីស្ថាន លោកអ្នកមានតួនាទីប្រតិបត្ដិការ ដូច្នេះលោកអ្នកក្លាយទៅជាយុទ្ធជនឬឧត្ដមសេនីយ តាមតែករណីដែលកើតមានឡើង ហើយបន្ទាប់មកទៀត លោកអ្នកក្លាយទៅជាទិសដៅយោធាជាក់ស្ដែង»។
លោកនិយាយថា គេត្រូវការចាំបាច់ដឹងថែមទៀតអំពីផែនការនៃប្រតិបត្ដិការគឺថាបញ្ជាអ្វីខ្លះដែលត្រូវបានឲ្យ ហើយតើការចាប់ប៊ិនឡាដិនជាជម្រើសមួយ ជាជាងការសម្លាប់ឬទេ។
លោកនិយាយថាទីបី ព័ត៌មានបន្ថែមទៀតគួរត្រូវបានផ្ដល់អំពីអ្វីដែលបានកើតមានឡើងនៅក្នុងបរិវេណផ្ទះនៅប្រទេសប៉ាគីស្ថាន ដែលនៅទីនោះប៊ិនឡាដិនត្រូវបានសម្លាប់។ ស.រ.អ.បានឲ្យដឹងហើយថាប៊ិនឡាដិនគ្មានអាវុធទេ។ដូច្នេះហើយលោក សួរថាតើអ្វីដែលរារាំងកងកម្លាំង ស.រ.អ. មិនឲ្យចាប់គាត់?។ លោកនិយាយថាមានសំណួរចោទសួរច្រើនណាស់ដែលនៅមិនទាន់មានចម្លើយ ក៏ប៉ុន្ដែនេះមិនមែនពិតជាមានន័យថា ពួកគេមិនបានចាត់វិធានការត្រឹមត្រូវនោះទេ។
«ជាក់ស្ដែង នៅក្នុងពិភពលោកឥតខ្ចោះ យើងឈរនៅខាងក្រៅបរិវេណផ្ទះនៅប្រទេសប៉ាគីស្ថាននេះ ដោយមានប្រដាប់បំពងសម្លេងមួយហើយស្រែកថា ចេញមក ហើយអូសាម៉ាប៊ិនឡាដិននឹងចេញមកដោយលើកដៃឡើង ហើយនឹងត្រូវបានចាប់ខ្លួន ហើយនាំយកទៅជំនុំជម្រះកាត់សេចក្ដី។យើងមិនរស់នៅក្នុងពិភពលោកឥតខ្ចោះទេ»។
នៅអាទិត្យនេះលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាសម្រេចអំពីការមិនបញ្ចេញរូបថតដែលគេបានថតប៊ិនឡាដិនក្រោយពីគាត់ត្រូវបានបាញ់មក។
លោកអូបាម៉ាមានប្រសាសន៍ថា ដោយសាររូបថតទាំងនោះគួរឲ្យរន្ធត់ស្មារតី ការផ្សព្វផ្សាយវា អាចបង្កើតឲ្យមានគ្រោះថ្នាក់ដល់សន្ដិសុខជាតិ។
អ្នកស៊ើបអង្កេតលោក Heyns ហើយនឹងលោក Scheinin រាយការណ៍ទៅក្រុមប្រឹក្សាអ.ស.ប.ខាងសិទ្ធិមនុស្សអំពីរឿងនេះ៕
ប្រែសម្រួលដោយ កង ស៊ីវន