អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ចង់​យក​មីយ៉ាន់ម៉ា​ទៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ

  • Lisa Schlein

រូបឯកសារ៖ អ្នកស្រី Yanghee Lee អ្នករាយការណ៍ពិសេសអ.ស.បថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុងដាកា ប្រទេសបង់ក្លាដេស កាលពីថ្ងៃទីព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

អ្នកស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​ម្នាក់​កំពុង​អំពាវនាវ​ឲ្យ​បញ្ជូន​ករណី​របស់ប្រទេសមីយ៉ា់ន់ម៉ា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC និង​បាន​ព្យាយាម​ចោទ ប្រកាន់​មីយ៉ាន់ម៉ា​ពី​បទឧក្រិដ្ឋកម្ម​អន្តរជាតិ​ រួមទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុមជនជាតិភាគតិច​ដែល​បាន​បង្ខំ​ឲ្យ​ពួកគេ​រាប់លាននាក់​ភៀសខ្លួន​ដោយ​បារម្ភ​ពី​អាយុជីវិត​របស់​ពួកគេ។

អ្នកស៊ើបអង្កេត​រូប​នោះ​បាន​បញ្ជូន​របាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។

នេះ​គឺ​ជា​របាយការណ៍​ចុងក្រោយ​របស់​អ្នកស្រី Yanghee Lee ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​នាម​ជា​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា។

ពេលអ្នកស្រី Leeទទួល​តំណែង​របស់​អ្នកស្រី​កាល​ពី៦ឆ្នាំមុន​ អ្នកស្រី​បាននិយាយ​ថា ​អ្នកស្រី​មាន​សុទិដ្ឋិនិយម​ដែល​ឥឡូវនេះ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ​នៅក្នុង​ប្រទេស។ អ្នកស្រី​បាន​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​តាមរយៈ​វីដេអូ​ពីទីក្រុងសេអ៊ូល ​ប្រទេសកូរ៉េ​ខាងត្បូង។ ​

អ្នកស្រី Lee បាន​ថ្លែង​ថា៖ «ប៉ុន្តែ​ការបំផ្លិចបំផ្លាញ​និង​សោកនាដកម្ម​បាន​កើតឡើង​ពេញ​មួយ​អាណត្តិ​នៃការងារ​របស់​ខ្ញុំ​ ជំនួស​ឲ្យ​ការរកឃើញ​ប្រទេស​ដែល​ការពារ​និង​គោរព​សិទ្ធិ​មនុស្ស ពិភពលោក​នៅ​បន្ត​ឃ្លាំមើល​ ខណៈ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កើតឡើង​ជា​ប្រចាំ ហើយ​ប្រទេសមីយ៉ាន់ម៉ា​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ក្រោម​ច្បាប់​អន្តរជាតិ»។

អ្នកស្រី Lee បាន​បញ្ជាក់​ពី​ការចោទប្រកាន់​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ ដែល​កើត ចេញ​ពី​ជម្លោះ​រវាង​យោធា​មីយ៉ាន់ម៉ា​ និង​ក្រុម​កងទ័ព​បះបោរ Arakan ដែល​ឥឡូវ​នេះ​ការប្រយុទ្ធ​នៅក្នុង​រដ្ឋ Rakhine នេះ ​ឈាន​ចូល​ដល់​ឆ្នាំទីពីរ​ហើយ។ កងទ័ព Arakan​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ២០០៩ និង​បាន​ប្រយុទ្ធ​នៅក្នុង​រដ្ឋ Rakhine ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋាភិបាល។

អ្នកស្រី Lee បាន​ថ្កោលទោស​ការកាត់​ផ្តាច់​ប្រព័ន្ធ​អ៊ិនធឺណិត​ដោយ​រដ្ឋាភិបាល​កាល ពី៨ខែ​កន្លង​ទៅ។ អ្នកស្រី​បាន​និយាយ​ថា​ការកាត់ផ្តាច់​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស១លាននាក់​ ដែល​ភាគច្រើន​គឺ​ជា​ក្រុមជនជាតិ​ភាគតិច​នៅក្នុង​រដ្ឋ Rakhine រួម​ទាំង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ផងដែរ។ អ្នកស្រី Lee ថ្លែង​បន្ត​ថា​ ទោះបី​ជា​មាន​ការកាត់​ផ្តាច់​នេះ​ក៏​ដោយ ក៏អ្នកស្រី​នៅ​តែ​អាច​ទទួល​បាន​របាយការណ៍​ប្រចាំថ្ងៃ​អំពី​ការដុតបំផ្លាញ​ភូមិនានា​ ពលរដ្ឋ​រត់ភៀសខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​ និង​ការ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន។

អ្នកស្រី Lee បានថ្លែងថា៖ «ខណៈ​រដ្ឋាភិបាល​បដិសេធ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​កំពុង​បន្ត​កើតឡើង​នេះ​ កាល​ពី​ប៉ុន្មាន​ខែមុន​ មាន​ជនជាតិរ៉ូហ៊ីងយ៉ា​រាប់រយនាក់​ត្រូវ​បាន​ស្ទាក់ចាប់​នៅលើ​គោក​ឬ​តាម​ សមុទ្រ​ ដោយ​ពួកគេ​សុខចិត្ត​ប្រថុយ​នឹង​គ្រោះថ្នាក់​គ្រប់​បែបយ៉ាង​ មិន​ថា​ត្រូវ​គេចាប់​ខ្លួន​ ដាក់គុក និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌយ៉ាងណាក៏ដោយ​ ឲ្យ​តែ​ពួក​គេ​អាចភៀស​ខ្លួន​ចេញ​ពី​ស្រុកកំណើត​បាន។ ខ្ញុំ​សូម​ឲ្យ​អ្នកពិចារណា​ តើ​កត្តា​អ្វី​បង្ខំ​ឲ្យ ពួកគេ​សុខចិត្ត​រើស​យក​វិធី​នេះ?»។

ការ​ធ្វើ​ទុក្ខបុកម្នេញ​និង​អំពើ​ហិង្សា​ជាប់​ពាក់ព័ន្ធ​នឹង​យោធាមីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ជនជាតិរ៉ូហ៊ីងយ៉ា​កាល​ពី​ខែសីហាឆ្នាំ២០១៧ គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ាជាង៧សែននាក់ភៀស​ខ្លួន​ទៅ​ប្រទេសបង់ក្លាដេស។

អ្នកស្រី Lee បាន​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់វិធានការ​យ៉ាងណា​ធ្វើ​ឲ្យ មីយ៉ាន់ម៉ា​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។ អ្នកស្រី​បាន​បញ្ជាក់​បន្ថែមថា​ ប្រទេសនេះ​នឹង​មិន​អាច​ប្តូរ​ទៅ​រក​របបប្រជាធិបតេយ្យ​បាន​ទេ​ លុះ​ត្រា​តែ​មាន​ការបញ្ចប់​និទណ្ឌភាព។ អ្នកស្រី​ថ្លែង​បន្ត​ថា​ជនល្មើស​នៃ​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ត្រូវតែ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ទីក្រុងហ្សឺណែវ​ លោក Kyaw Moe Tunបាន​ថ្លែង​ថា​ វា​ជា​ការសំខាន់​បំផុត​ ដែល​អ្នករាយការណ៍​ពិសេស​ស្តាប់​ពី​ភាគី​ទាំងអស់​អំពី​វិបត្តិ​នេះ​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​ភាពស្មោះត្រង់​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ដោយ​អព្យាក្រឹត។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​អ្នកស្រី​ លោកឯកអគ្គរដ្ឋ​ទូតរូប​នេះ​បាន​ចោទ​កាន់​អ្នកស្រី Lee ថា​មិន​បាន​ធ្វើ​ដូច្នេះ​ ដែល​នេះ​ជា​ការរំលោភ​លើ​អាណត្តិ​របស់​អ្នកស្រី​ ហើយ​អ្វីដែល​អ្នកស្រី​កំពុង​ធ្វើ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការបង្កើត​បញ្ហា​ មិនមែន​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​ទេ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា