អ.ស.ប ទទូចឲ្យកម្ពុជាគោរពសិទ្ធិមនុស្សនិងសិទ្ធិបញ្ចេញ​មតិ ពេលនយោបាយកម្ពុជាឡើងកំដៅខ្លាំង

រូបឯកសារ៖ អគ្គលេខាធិការអ.ស.បលោក បាន គីមូន និយាយ​ទៅ​កាន់​ក្រុមអ្នកសារព័ត៌មាន​នៅ​ការិយាល័យកណ្តាលអង្គការសហប្រជាជាតិ កាល​ពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

អគ្គលេខាធិការអ.ស.បលោក បាន គីមូន (Ban Ki-Moon) បានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដំណាគ្នាដែលស្ថានការណ៍នយោបាយតានតឹងខ្លាំងក្នុងប្រទេសកម្ពុជា ដែលគេមើលឃើញថាមានការរិតត្បិតសិទ្ធិសេរិភាពបញ្ចេញមតិនិងព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្ស។

អ្នកនាំពាក្យអ.ស.ប នាង Eri Kaneko បានថ្លែងប្រាប់ VOA ផ្នែកខេមរភាសាតាមសារអេឡិចត្រូនិចថា លោកអគ្គលេខាធិការអ.ស.ប បន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍វិវត្តក្នុងប្រទេសកម្ពុជា។

«លោកបានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញនៅកម្ពុជា រួមទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិតវ៉ាដោយអហិង្សា ហើយនឹងសិទ្ធិជួបជុំ»។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សគ្រប់គ្រងប្រទេសបានចល័តកងកម្លាំងប្រដាប់អាវុធហើយព្រមានកំទេចគម្រោងបាតុកម្មគណបក្សសង្គ្រោះជាតិ ដែលប្រកាសធ្វើឡើងដើម្បីទាមទារឲ្យមានការបញ្ឈប់ការធ្វើទុក្ខបុកម្នេញនយោបាយ ប្រឆាំង​នឹង​ភាពអយុត្តិធម៌ ដែលលោក​ហ៊ុន សែន​ថា ជា​ការបង្ក​អស្ថិរភាព​នយោបាយ អសន្តិសុខ​សង្គម ​និង​សន្តិភាព។ លោក ហ៊ុន សែនបានបិទផ្លូវចរចា ដោយអះអាងថានោះជាចំណាត់ការតុលាការ ហើយរាំងខ្ទប់មិនឲ្យតវ៉ាលើរឿងដែលក្រុមជំទាស់ចាត់ទុកថាជាការចង់បំបាត់សម្លេងក្រុមប្រឆាំងតាមរយៈការចោទប្រកាន់ទោសនិងវិធីផ្សេងៗ។

លោក ​Phil Robertson ​នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human​ Rights​ Watch ប្រចាំតំបន់អាស៊ីបាន​ថ្លែង​ថា នេះ​ជា​គោល​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ដើម្បី​កំចាត់ គណបក្ស​ប្រឆាំង​និង​សកម្មជន​នានា​ ដែល​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស ព្យាយាម​ចល័ត​កម្លាំង​ប្រដាប់​អាវុធ។

«ខ្ញុំគិត​ថា​វា​ដល់​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ត្រូវទទួល​ស្គាល់​ថា ជា​ល្បែង​ក្នុងការ​ព្យាយាម​កំចាត់​គណបក្ស​ប្រឆាំង​តាម​រយៈការ​ប្រើប្រាស់​ការគំរាម​កំហែង ការ​គ្រប់គ្រង​កម្លាំង​សន្តិសុខ​ ការ​គ្រប់គ្រង​តុលាការ​ គឺ​ត្រូវ​សហគមន៍​អន្តរជាតិ​មើល ឃើញ​អស់​ហើយ​ គឺ​ថា​នោះ​ជា​ការធ្លាក់​ចូល​ទៅ​ក្នុង​អំណាច​ផ្តាច់ការ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ថា​ តុលាការ​បាន​បង្កើត​ការចោទ​ប្រកាន់​តាម​បែប​ប្រឌិត​លើ​លោក​កឹម សុខា និង​ក្រុម​ប្រឆាំង​ ដែល​លោក​ថា គួរ​បញ្ឈប់ និង​ទម្លាក់​ចោល ​ហើយ​អនុញាតិ​ឲ្យ​ពលរដ្ឋ​ មាន​សេរីភាព ក្នុងការ​បញ្ចេញ​មតិ ​បញ្ឈប់​ការរារាំង​ការតវ៉ា។

លោក​ អំ សំអាត ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ​បាន​ថ្លែង​ថា​ដំណើរការ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ហើយនឹង​សិទ្ធិ​បញ្ចេញ​មតិ ​ដែល​ត្រូវ​បង្ក្រាប​រឿយៗ​នោះ នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​បើ​ការ​ជាប់គាំង​នយោបាយ​ចេះ​តែ​បន្ត ​ដោយ​គ្មាន​ដំណោះស្រាយ។

«រឿង​នេះ​ ខ្ញុំ​គិត​ថា​អនាគត​ទៅ ​សិទ្ធិ​សេរីភាព ​បញ្ចេញ​មតិ ​និង​ការជួប​ប្រជុំ ​ប្រមូលផ្តុំ​នេះ នឹង​ត្រូវ​រឹតត្បិត ឬ​ក៏​ត្រូវ​បាត់បង់​ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា អំពី​សេរីភាព ក្នុងការ​បញ្ចេញ​មតិ​ ក្នុងការ​ជួបជុំ ​ការប្រមូលផ្តុំ ​និង​ច្បាប់​បាតុកម្ម ​ដោយ​សន្តិវិធី ក៏ដូចជា​បទដ្ឋាន​អន្តរជាតិ​ ស្តីអំពី​សិទ្ធិ​មនុស្ស​ទាំងឡាយ ​ដែល​រដ្ឋធម្មនុញ្ញ ​បាន​ចែង ផងដែរ‍»។

គណបក្ស​ទាំងពីរ​ពុំបាន​ចរចា​គ្នាជាច្រើន​ខែ​មក​ហើយ ដោយសារ​ភាគី​ទាំងពីរ​មិន​អាច​សម្រប​សម្រួល​គ្នា​បាន​ឬ​សម្បាទាន​នៃ​ការចរចា​មិន​អាច​ឈាន​រក​ចំណុច​ត្រូវ​រ៉ូវ​គ្នា។ គណបក្ស​ជំទាស់​ដែល​បាន​ទទួល​អាសនៈ​៥៥ ​ក្នុង​រដ្ឋសភា​គឺជា​ គណបក្ស​តែ​មួយ​គត់ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ទទួល​បាន​អាសនៈ ៦៨​ ក្នុង​ចំណោម​ ១២៣ ​នោះ។ កំណើន​អាសនៈ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការបក​ស្រាយ ពី​គណបក្ស​ជំទាស់​ថា ជា​ការ​ព្រួយបារម្ភ​របស់​គណបក្ស​កាន់​អំណាច ​ហើយ​ជាការ ទទួល​បាន​មក​វិញ គឺ​ការធ្វើ​ទុក្ខបុកម្នេញ​នយោបាយ។

បើ​តាម​សេចក្តី​ប្រកាសរួម​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ​ឆ្នាំ​២០១៦ ដោយ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ Keith​ ​Harper​ តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ​បាន​ឲ្យ​ដឹងថា​ប្រទេស​ចំនួន​៣៦​បានគាំទ្រលើសេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហាញ​សេចក្តី​បារម្ភលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ប្រទេស​ដែល​គាំទ្រ​ទាំងនោះ​រួមមាន​ ប្រទេស​អាល់បានី អូស្រ្តាលី​ ​ជប៉ុន​ កាណា​ដា​ ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន២៨​ ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អា​មេរិក​។ លោក​ Keith Harper បន្ត​ក្នុង​លិខិត​នោះ​ថា ប្រទេស​ទាំង​នោះ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​មាន​បរិយាកាស​អនុគ្រោះ​ និង​ល្អ​សម្រាប់​សុវត្ថិភាព​សង្គម​ស៊ីវិល ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​


​សេចក្តី​ប្រកាស​រួម​ដែល​លោក​ ​Keith​ ​Harper​ ​ដាក់​ជូន​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដដែល​បន្ថែម​ដោយ​លើក​ឡើង​ពីការ​បារម្ភ​ទៅលើការ​កើនឡើង​ភាព​តាន​តឹង​នយោ​បាយនៅកម្ពុជា​ដូចជា​ ​ការ​គំរាម​កំហែង​ដល់​សកម្ម​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​។​ លោកបន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ​ និង​ធានា​ឲ្យ​មានការ​គោរព​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិមនុស្ស រួម​ទាំងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សេរីភាព​នៃ​ការ​ចង​ក្រង​ជាក្រុម​ ​ជា​សមាគម​ និង​សេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ​។​

សភា​ស.រ.អា បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដែល​សមាជិក​សភា​ទាំងពីរ​គណបក្ស បាន​ប្រឹងប្រែង​ជា​យូរ​ឆ្នាំ​ក្នុងការ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​ទុក្ខបុក​ម្នេញ​ក្រុម​ប្រឆាំង គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ គោរព​ច្បាប់ ហើយនឹង​ធ្វើឲ្យ​មាន​ការបោះឆ្នោត ដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ។

ក្រុម​អ្នក​តំណាងរាស្ត្រ​បាន​ព្រមាន​ថា​រដ្ឋាភិបាល​កម្ពុជា​អាច​ប្រឈម​នឹង​ផល​វិបាក ប្រសិន​បើ​ខ្លួន​មិន​បញ្ឈប់​សកម្មភាព​ធ្វើ​ទុក្ខបុក្ខ​ម្នេញ​ក្រុម​ជំទាស់ ហើយ​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ។

ការអនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២​ ក្នុងកិច្ច​ប្រជុំ​សភា​ពេញអង្គ ​ដែលមាន​ការបើក​ឲ្យមាន​កិច្ច​ពិភាក្សា​ ដែល​ទទួល​បាន​ការគាំទ្រ​ពី​សមាជិក​សភា ជា​ឯកឆ័ន្ទ​នៅ​ពេល​បោះឆ្នោត។

សេចក្តី​ព្រាង​សេចក្តី​សម្រេច (H Res) លេខ​ ៧២៨ ​បាន​ថ្កោល​ទោស​រាល់​គ្រប់​ទំរង់​នៃ​អំពើ​ហិង្សា​នយោ​បាយ​ បញ្ជូន​សារ​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​បញ្ឈប់ ​អំពើរ​រំលោភ​សិទ្ធិ​មនុស្ស ​គោរព​សិទ្ធិ​សេរីភាព សិទ្ធិ​បញ្ចេញ​មតិ ​សិទ្ធិ​បាតុកម្ម ​សិទ្ធិ​ជួប​ប្រជុំ។ បន្ថែម​ពី​លើ​នេះ​ សេចក្តី​សម្រេច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែទំរង់​ដំណើរ​ការបោះ​ឆ្នោត​ឲ្យ​ដំណើរការ​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ឆ្នាំ​២០១៧ ​និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដោយ​អនុញាតិ​ឲ្យ​មេដឹក​នាំ​បក្ស​ប្រឆាំង​បាន​ចូលរួម​ផងដែរ ហើយនឹង​បញ្ឈប់​ការចោទ​ប្រកាន់​ក្រុម​ជំទាស់។

សមាជិក​សភា​តំណាងរាស្រ្ត Alan Lowenthal ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ កាលីហ្វ័រញ៉ា​បាន​ថ្លែង​អំណរគុណ​ដល់​សមាជិក​សភា​ទាំងឡាយ​ដែល​គាំទ្រ​សេចក្តី សម្រេច​ក្រោយពេល​បញ្ចប់​ការអនុម័ត​ ដោយ​បាន​លើក​ឡើង​ថា ​ការអនុម័ត​សេចក្តី សម្រេច​នេះ​គឺត្រូវ​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ថា ស.រ អា គាំទ្រ​ការគោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​បញ្ហា​ធ្វើ​ទុក្ខបុក​ម្នេញ ផ្នែក​នយោបាយ​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ។

«ហេតុដូច្នេះ​ហើយ​បាន​ជា​រឿង​នេះ​សំខាន់​ណាស់​សម្រាប់​យើង​ក្នុងការ​អនុម័ត​សេចក្តី សម្រេច​នេះ ​ដើម្បី​បង្ហាញ​ថា​ ស.រ.អា​នៅ​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា។ យើង​នឹង​ផ្ញើរ​សារ ជា​សញ្ញា​សំខាន់​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា អំពើ​ហិង្សា​នយោបាយ​ទំរង់​ណា​ក៏ដោយ មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ ហើយ​ពលរដ្ឋ​កម្ពុជា ត្រូវតែ​មាន​សេរីភាព​ក្នុងការ​ជ្រើសរើស​ មេដឹកនាំ​របស់​ពួកគេ។ មាន​តែ​ដំណើរការ​តាម​លក្ខខណ្ឌ​ដូច្នេះ​ទេ ទើប​អាច​ពិចារណា បាន​ថា ជា​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​ដោយ​សហគមន៍​អន្តរជាតិ‍»។

ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​បន្ថែម លោក​សមាជិក​សភា​ Alan Lowenthal ​បាន​បញ្ជាក់ ថា វិធាន​ការណ៍​តឹងរឹង​នានា អាច​នឹង​មាន​ចំពោះ​ប្រទេស​កម្ពុជា​ទៀត ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​ជាដើម​នោះ។

លោក Alan Lowenthal បាន​ថ្លែង​ថា​ ការ​គិតគូរ​អំពី​ជំនួយ​ស.រ.អា និង​កិច្ច​សហប្រតិបត្តិ ការ​ផ្សេងៗ​ទៀត នឹង​ត្រូវ​ពិនិត្យ​មើល​ដូច​ដែល​មាន​ការ​ពិភាក្សា​រួច​មក​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​ជំហរ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ បុក្ខ​ម្នេញ​ក្រុមជំទាស់ ហើយ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌។

លោក​ថា៖ «ខ្ញុំ​គិត​ថា លោក ហ៊ុន សែន៖ ​ឥឡូវ​សភា​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេច ហើយ។ ខណៈពេល​ដែល​មិន​ទាន់​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​នៅ​ឡើយ ហើយ​ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​គ្មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ទេ នោះ​ខ្ញុំ​យល់​ថា​អាច​នឹង​មាន​ចលនា​ក្នុង​សភា​ស.រ.អា ដើម្បី​ដាក់​កំហិត​លើ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា។ ខ្ញុំ​មិន​ប្រាកដ​ថា នឹង​មាន​អ្វី​ពិត​ប្រាកដ​នឹង​កើត​ឡើង​នោះ​ទេ រហូត​ទល់​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​សិន។ យើង​សង្ឃឹម​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​តាម​អ្វី​ដែល​ជា​កិច្ចព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​បើ​លោក ហ៊ុន សែន មិន​ធ្វើតាម​ទេ ខ្ញុំ​អាច​ប្រាប់​លោក​ថា​នឹង​មាន​ផល​វិបាក​ហើយ‍»៕