ការស្ទង់មតិសេដ្ឋកិច្ចមួយរបស់ អង្គការសហប្រជាជាតិ ប្រចាំអាស៊ីប៉ាស៊ីហ្វិក ឲ្យដឹងថា តំបន់នោះឥឡូវនេះជាអ្នកនាំមុខគេនៃការលូតលាស់សេដ្ឋកិច្ចសាកល ដែលកំពុងបន្តការរើបឡើងវិញដ៏ខ្លាំងពីឆ្នាំមុន។ ប៉ុន្តែក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃ អសប ព្រមានថាការឡើងថ្លៃប្រេងនិងម្ហូបអាហារ គំរាមកំហែងជាពិសេសដល់អ្នកក្រីក្រច្រើនលាននាក់របស់តំបន់។
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់ អសប និយាយថា ទោះបីទ្វីបអាស៊ីមានការលូតលាស់នៃតំបន់ដ៏ខ្លាំងក្លាជាបន្តក៏ដោយ ក៏នៅតែមានការភ័យខ្លាចអំពីការកើនអតិផរណាតាមរយៈតម្លៃម្ហូបអាហានិងប្រេងដែរ។
ការស្ទង់មតិប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ អសប ប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ថា UNESCAP ទាយទុកមុននូវការ លូតលាស់ដែលមានច្រើនជាង៧ភាគរយ ចំពោះសេដ្ឋកិច្ចសំខាន់ៗកំពុងអភិវឌ្ឍន៍ នៅពាសពេញតំបន់។ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិយាយថា សេដ្ឋកិច្ចកំពុងរីកចំរើនរបស់ប្រទេសឥណ្ឌានិងឥណ្ឌូនេស៊ី នាំមុខគេនៅទ្វីបអាស៊ីនោះ ត្រូវបានលើកទឹកចិត្តដោយ «ការប្រើប្រាស់និងការដាក់ទុនធ្វើវិនិយោគខ្លាំង» របស់ពួកគេ។
សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានទាយទុកមុនថានឹងលូតលាស់ច្រើនជាង៩ភាគរយ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីប្តូរសេដ្ឋកិច្ចឲ្យទៅជាមានការប្រើប្រាស់ក្នុងស្រុកច្រើនជាងមុន។
លោក Nagesh Kumar នាយកនៃក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់UNESCAP ថ្លែងថាក្រុមអ្នកព្យាករបរទេសដែលចាប់អារម្មណ៍ចំពោះអត្រាលូតលាស់ខ្ពស់របស់ទ្វីបអាស៊ីនោះ ជាអ្នកនាំឲ្យមានអតិផរណាខ្ពស់។ ការហូរចូលទុនបរទេស បាននាំមកនូវការធ្វើវិនិយោគហួសប្រមាណនៅក្នុងតំបន់ ដូចជាដីធ្លី ផ្ទះសម្បែងនោះ ជាហេតុដែលធ្វើឲ្យដីធ្លីមានតម្លៃខ្ពស់គួរភ័យខ្លាច។ លោក Kumar និយាយថា ការភ័យខ្លាចធំបំផុតនោះ គឺជាការត្រឡប់មកវិញ នូវវិបត្តិ ម្ហូបអាហារនិងប្រេងឥន្ធនៈ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០០៨។ សេចក្តីរាយការណ៍និយាយថាតម្លៃម្ហូបអាហារបានឡើងថ្លៃដល់ទៅ៣៥ភាគរយនៅប្រទេសជាច្រើន។ លោក Kumar មានប្រសាសន៍ថា៖
«វិបត្តិចម្បង...វិបត្តិដ៏ធំនោះគឺថាតំបន់អាស៊ីកំពុងប្រឈម កំពុងកើតមានឡើងដោយសារសម្ពាធដែលមានទំនោរទៅរកអតិផរណា ដែលត្រូវបានជម្រុញភាគច្រើន ដោយការឡើងថ្លៃខ្ពស់ខ្លាំងនៃតម្លៃម្ហូបអាហារនិងប្រេង ចាប់តាំងពីខែសីហាឆ្នាំ២០១០មក។ យើងរកឃើញថា ប្រសិនបើប្រេងបន្តឡើងថ្លៃនោះ វាអាចប៉ះពាល់ដល់ការលូតលាស់នៅក្នុងតំបន់ នៅពេលអនាគតជិតដល់ទៅមួយភាគរយ»។
ការស្ទង់មតិព្រមានថា តម្លៃម្ហូបនិងតម្លៃប្រេងខ្ពស់ អាចមានន័យថា មនុស្សចំនួន៤២លាននាក់បន្ថែមទៀតនៅពាសពេញអាស៊ីនិងប៉ាស៊ីហ្វិក ស្ថិតនៅក្នុងភាពក្រីក្រ ពីលើចំនួន១៩លាននាក់ដែលបានប៉ះពាល់នៅក្នុងឆ្នាំ២០១០។
នៅពាសពេញតំបន់ មានមនុស្សច្រើនជាង៩៥០លាននាក់ដែលរស់នៅដោយមានប្រាក់ចំណូលក្នុងមួយថ្ងៃ តិចជាងមួយដុល្លារ២៥សេន។ សេចក្តីរាយការណ៍ឲ្យដឹងថាការចាយវាយរីកធំឡើងតាមរយៈប្រាក់ខែខ្ពស់ កាលៈទេសៈនៃការងារប្រសើរ និងកម្មវិធីការពារសង្គមដែលរីកធំឡើងនោះ គឺត្រូវ ចាំបាច់ដើម្បីជួយជ្រោមជ្រែងដល់ការលូតលាស់ក្នុងស្រុក។
សេចក្តីរាយការណ៍ក៏ប៉ាន់តម្លៃលើសេដ្ឋកិច្ចប្រទេសជប៉ុនផងដែរ បន្ទាប់ពីមានការរញ្ជួយផែនដីនិងព្យុះរលកសមុទ្រយក្ស ស៊ូណាមី នៅថ្ងៃទី១១ខែមីនាមក។
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់UNESCAP និយាយថានៅពេលសេដ្ឋកិច្ចប្រទេសជប៉ុនប្រឈមនឹងភាពមិនពិតប្រាកដ ចំនួនខូចបង់សេដ្ឋកិច្ចនៃការរញ្ជួយផែនដីនឹងមានរយៈពេលខ្លីជាមួយនឹងការលើកស្ទួយ ពីកិច្ចប្រឹងប្រែងទាំងឡាយនៃការកសាងឡើងវិញ ជាបន្ទាប់មក។
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់ អសប ក៏បានអំពាវនាវផងដែរដល់សេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក ឲ្យជួយដល់ស្ថានការណ៍នៅក្នុងតំបន់អាស៊ី ដោយបំពេញមុខងារយ៉ាងម៉ឺងម៉ាត់ដើម្បីបង្អន់តម្លៃម្ហូបនិងប្រេងដែលឡើងខ្ពស់ខ្លាំង។ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានផ្តល់យោបល់ឲ្យមានការត្រួតពិនិត្យទីផ្សារទំនិញ ដើម្បីកាត់បន្ថយការរកស៊ីទស្សន៍ទាយលើទីផ្សារ និងដើម្បីធ្វើឲ្យមានវិន័យដល់ក្រុមឧស្សាហកម្មទាំងឡាយ ដែលយកម្ហូបអាហារទៅធ្វើជាជីវប្រេងឥន្ធនៈ។
ប្រែសម្រួលដោយ នុច សារីតា