អ្នកស៊ើបអង្កេតពិសេស១រូប ដែលកំពុងតែពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានព្រមានថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅក្នុងប្រទេសនេះ ប្រឈមនឹងអនាគតមិនច្បាស់លាស់ ដូចគ្នានឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សែននាក់ផ្សេងទៀត ដែលបានភៀសខ្លួនទៅក្រុង Cox’s Bazar ប្រទេសបង់ក្លាដែសដោយសារអំពើហិង្សា។ របាយការណ៍ស៊ើបអង្កេតនេះកំពុងត្រូវបានពិនិត្យដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ១លាននាក់ កំពុងរស់នៅក្នុងទីដ្ឋានចង្អៀត និងមានស្ថានភាពកខ្វក់ក្នុងក្រុង Cox’s Bazar ប្រទេសបង់ក្លាដែស។ ពួកគេភាគច្រើនបានភៀសខ្លួនទៅទីនោះកាលពីខែសីហា ឆ្នាំ ២០១៧ ដើម្បីរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកស៊ើបអង្កេតពិសេសលោកស្រី Yanghee Lee បាននិយាយថា នៅទីនោះពួកគេរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ហើយស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានគ្រោះថ្នាក់ខ្លាំង ដែលពួកគេមិនអាចត្រឡប់មកប្រទេសវិញបាន។
លោកស្រី Lee បាននិយាយថា ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាគ្មានសុវត្ថិភាពសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងរដ្ឋ Rakhine ទេ។ លោកស្រីបាននិយាយទៀតថា លោកស្រីមានការព្រួយបារម្ភខ្លាំងអំពីអនាគតរបស់ពួកគេទាំងនោះ ព្រមទាំងអនាគតរបស់ជនភៀសខ្លួនដែលរត់ទៅប្រទេសបង់ក្លាដែស និងប្រទេសផ្សេងៗទៀត។
លោកស្រីបាននិយាយថា៖ «ខ្ញុំចាប់ផ្តើមបារម្ភពីស្ថានភាពរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងតែកើនឡើងនៅតាមប្រទេសនានា ដូចជាការចាប់បញ្ជូនពួករ៉ូហ៊ីងយ៉ាពីប្រទេសឥណ្ឌា និងប្រទេសអ៉ារាប៊ីសាអូឌីត នាពេលថ្មីៗនេះ ព្រមទាំងទូករបស់ពួកជនភៀសខ្លួនដែលមកដល់ប្រទេសប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុនផងដែរ។ ការជិះទូកភៀសខ្លួននេះ គឺជារឿងដ៏គួរឲ្យបារម្ភ។ វាបង្ហាញថា មនុស្សស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលត្រូវសម្រេចចិត្តធ្វើដំណើរផ្សងព្រេងប្រកបដោយគ្រោះថ្នាក់ ដែលការណ៍នេះធ្វើឲ្យគេនឹកឃើញដល់វិបត្តិជនភៀសខ្លួនធ្វើដំណើរតាមទូកកាលពីឆ្នាំ២០១៥ ហើយវាមិនត្រូវកើតឡើងម្តងទៀតទេ»។
ស្ថានការណ៍នេះបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលបានចាកចេញពីប្រទេស ដោយសារភាពភ័យខ្លាចបាត់បង់អាយុជីវិត បានធ្វើដំណើរតាមទូកពីឆកសមុទ្រ Bengal កាលពីឆ្នាំ ២០១៥ គឺជាការប្រថុយប្រថានមួយ។ ជនភៀសខ្លួនជាច្រើនបានជាប់នៅលើសមុទ្រ និងបានស្លាប់នៅទីនោះ។
លោកស្រី Lee បាននិយាយថា លោកស្រីក៏ព្រួយបារម្ភពីផែនការដែលស្នើឡើងដោយអាជ្ញាធរបង់ក្លាដែសដើម្បីផ្លាស់ប្តូរទីតាំងរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ២៣.០០០ នាក់ពីជំរំក្នុងក្រុង Cox’s Bazar ទៅកាន់កោះមួយនៅឆកសមុទ្រ Bengal ដែលលោកស្រីខ្លាចថា វាមិនមែនជាកន្លែងសម្រាប់រស់នៅ។
អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ក៏បានចោទអតីតក្រុមមន្ត្រីយោធា និងមន្ត្រីយោធាជាន់ខ្ពស់របស់មីយ៉ាន់ម៉ាពីការកេងចំណេញពីការរុករកធនធានធម្មជាតិរបស់ប្រទេសនេះ និងបានបំផ្លាញព្រៃឈើនៅក្នុងរដ្ឋ Rakhine ដោយបានលក់នៅលើទីផ្សារអន្តរជាតិក្នុងតម្លៃថ្លៃ។
លោកស្រីបាននិយាយថា៖
«ប្រាក់ចំណូលបានមកពីការរុករកធនធានធម្មជាតិដែលគួរតែប្រើប្រាស់សម្រាប់គាំទ្រដល់សេវាសំខាន់ៗ និងការអភិវឌ្ឍនោះ បែរជាត្រូវបានយកទៅចាយវាយលើក្រុមយោធា និងផ្នែកគាំទ្រវិស័យយោធាទៅវិញ និងបានធ្វើឲ្យអំណាចរបស់រដ្ឋាភិបាលស៊ីវិល កំណែទម្រង់ប្រជាធិបតេយ្យ ដំណើរការសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលបានសិទ្ធិ មានការចុះខ្សោយ»។
លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ អ.ស.ប. បានចាត់ទុករបាយការណ៍របស់លោកស្រី Yanghee Lee ថាមានភាពលម្អៀង។ លោកបានចោទថាលោកស្រីមិនបានគោរពតាមក្រមប្រតិបត្តិឲ្យបានត្រឹមត្រូវ និងបាននិយាយថា ប្រទេសមីយ៉ាន់ម៉ានឹងមិនបន្តកិច្ចសហការជាមួយនឹងលោកស្រីតទៅទៀតនោះទេ។
លោកបាននិយាយទៀតថា ប្រទេសរបស់លោកបានចាប់ផ្តើមធ្វើកំណែទម្រង់សិទ្ធិមនុស្ស និងសេដ្ឋកិច្ច។ លោកបាននិយាយបន្ថែមទៀតថា ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាគួរតែត្រូវធ្វើឲ្យបានលឿន និងបានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍នេះត្រូវធ្វើឡើង ដោយមានភាពថ្លៃថ្នូរ និងសុវត្ថិភាព៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ