យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាស នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងRafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលថ្មីៗនេះនាំឱ្យមានការព្រួយបារម្ភពីសំណាក់អន្តរជាតិ ចំពោះសុខសុវត្ថិភាពរបស់ជនស៊ីវិលប៉ាឡេស្ទីន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងនៃការវាយប្រហារតាមអាកាសនៅទីក្រុង Rafah បាន«ធ្វើឱ្យមានការភ័យខ្លាចកាន់តែច្រើនឡើងនឹងបង្អាក់កិច្ចប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ដែលមានតិចតួច» នៅក្នុងតំបន់ដែលមានមនុស្សជិត ១,៥ លាននាក់នោះ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សជិត ១០០ នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែលសម្លាប់ នៅតំបន់ហ្កាហ្សាក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ ដែលនាំឱ្យចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមកើនឡើងដល់ ២៩.៤១០ នាក់។
យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារក្នុងតំបន់ Zeitoun នៅទីក្រុងហ្កាហ្សា ដែលស្ថិតនៅភាគខាងជើងនៃជំរៀកដែនដីនេះ និងនៅក្រុង KhanYounis ប៉ែកខាងលិច ក្នុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។
នៅក្នុងអត្ថបទបញ្ចេញមតិមួយ ដែលចុះផ្សាយដំបូងកាលពីថ្ងៃពុធ ក្នុងកាសែត Folha នៃប្រទេសប្រេស៊ីល ប្រធាននៃអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានដាស់តឿនសមាជិកនៃក្រុមប្រទេស G20 ដែលជួបប្រជុំគ្នានៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនៅសប្តាហ៍នេះ ឱ្យប្រើប្រាស់ឥទ្ធិពលនយោបាយរបស់ពួកគេ ដើម្បីជួយបញ្ចប់សង្គ្រាមនៅហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters។