ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) បារម្ភពីការបង្រ្កាបសារព័ត៌មាននៅកម្ពុជានាមុនការបោះឆ្នោតនិងថា ក្រមសីលធម៌អ្នកសារព័ត៌មាន ដែលបង្កើតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចនាំឲ្យមានការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំង និងផ្ទុយទៅនឹងបទដ្ឋានអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស ដែល VOAទើបទទួលបាននៅថ្ងៃសុក្រនេះ បញ្ជាក់ថា កាលពីខែមុន គ.ជ.ប. បានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោត ដោយហាមមិនឲ្យចុះផ្សាយព័ត៌មានដែលអាចនាំឲ្យមានការភាន់ច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបន្ថែមថា ការហាមឃាត់ក្នុងក្រមសីលធម៌នោះ បានប្រើពាក្យពេចន៍ក្នុងន័យទូលាយ និងមិនច្បាស់លាស់ដែលអាចនាំឲ្យមានការរឹតត្បិតលក្ខណៈទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយ ដែលអាចមិនស្របនឹងបទដ្ឋានអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មាននោះត្រូវបានសរសេរក្នុងន័យដើមថា៖
«អ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងឡាយ ដែលកើតមាននៅមុនពេលបោះឆ្នោត ជាពិសេសបញ្ហាចម្រូងចម្រាសនានា។ការរាយការណ៍បែបនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មានដែលមានតម្លាភាពនិងមានទំនួលខុសត្រូវនៅក្នុងអំឡុងពេលបោះឆ្នោត។ ការរាយការណ៍នេះជួយដល់អ្នកបោះឆ្នោតឲ្យធ្វើការជ្រើសរើស ដោយបានទទួលព័ត៌មានគ្រប់គ្រាន់»។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដោយមានការហាមប្រាមអ្នកសារព័ត៌មានមិនឲ្យធ្វើសកម្មភាពជាច្រើនចំណុច ព្រមទាំងមានភ្ជាប់នូវទោសប្បបញ្ញត្តិផង។
ក្នុងចំណុចទី៦ ដែលចែងពីបម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងក្រមសីលធម៌នោះរួមមាន អ្នកសារព័ត៌មានត្រូវបានហាមមិនឲ្យផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការផ្សព្វផ្សាយព័ត៌មានដោយសម្អាងលើពាក្យចចាមអារ៉ាម ឬព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់ ការបោះពុម្ពផ្សាយ ឬចែកចាយព័ត៌មានណា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែលបង្កឲ្យមានការភ័យខ្លាច ឬបង្កជាអំពើហិង្សាណាមួយកើតឡើង ការបោះពុម្ពផ្សាយឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម និងការបញ្ចេញបញ្ចូលទស្សនៈផ្ទាល់ខ្លួន ឬក៏ធ្វើបុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្តីរាយការណ៍ជាដើម។
ក្នុងក្រមសីលធម៌នោះក៏មានស្រង់ទោសប្បបញ្ញត្តិក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រង់មាត្រា ១៤២ ដែលចែងពីការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិតដូចជា ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត ការធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងការបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតទៅបានជាដើម។
ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសចាត់វិធានការលើអ្នកដែលបង្ហោះសារលើបណ្តាញសង្គម ឬអ៊ីនធើណិតដែលមានអត្ថន័យថា «មិនទៅចូលរួមការបោះឆ្នោត»ដោយក្រសួងអះអាងថា ការបង្ហោះសារបែបនេះជាសកម្មភាពផ្ទុយពីច្បាប់ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនិងក្រុមជំទាស់ដែលកំពុងស្ថិតនៅបរទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនបើមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបន្ថែមថា ការហាមប្រាមនោះក៏មានផលប៉ះពាល់ជាអវិជ្ជមានផងដែរ ទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមនិងការជួបប្រជុំដោយសន្តិវិធី ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការចូលរួមជាសាធារណៈក្នុងបរិបទនៃការបោះឆ្នោត។ អ្នកជំនាញក៏លើកទឹកចិត្តឲ្យអាជ្ញាធរកម្ពុជាធានាឲ្យប្រជាពលរដ្ឋអាចបញ្ចេញមតិ និងទស្សនៈនយោបាយដោយសេរី រួមទាំងការមិនបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយផង។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សដដែលបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មាននោះតាមន័យដើមថា៖ «ទោះជាច្បាប់សិទ្ធិមនុស្សកម្ពុជានិងច្បាប់សិទ្ធិមនុស្សអន្តរជាតិហាមប្រាមយ៉ាងត្រឹមត្រូវចំពោះការបំភិតបំភ័យ ឬការគំរាមកំហែងអ្នកបោះឆ្នោតក៏ដោយ ក៏ការអំពាវនាវឲ្យធ្វើពហិការមិនទៅបោះឆ្នោត មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យឡើយហើយការអំពាវនាវនោះទៀតសោត ក៏មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ។ ផ្ទុយទៅវិញ ការអំពាវនាវនេះគឺទុកឲ្យអ្នកបោះឆ្នោតសម្រេចដោយសេរីថាត្រូវចូលរួមឬមិនចូលរួមការបោះឆ្នោត»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានទេ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ VOA ថា កម្ពុជាជាប្រទេសអធិបតេយ្យដែលប្រើប្រាស់ច្បាប់ប្រឆាំងទៅនឹងសកម្មភាពទុច្ចរិតផ្សេងៗនិងថា មិនមានស្ថាប័នអន្តរជាតិណាមួយអាចមកត្រួតត្រាកម្ពុជាបាននោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ថា៖
«អង្គការសហប្រជាជាតិមិនមែនជាម៉ែឪរបស់រដ្ឋអធិបតេយ្យកម្ពុជានោះទេ។ ការព្រួយបារម្ភជាសិទ្ធិរបស់គាត់ ហើយកម្ពុជាធ្វើតាមច្បាប់របស់កម្ពុជាមាន។ ហើយជាការបញ្ចេញយោបល់ ហើយនិងការអំពាវនាវ ពីរហ្នឹងខុសគ្នាដូចមេឃនិងដី។ ទាំងអស់គ្នាមានសិទ្ធិសេរីភាពចេញទៅបោះឆ្នោត និងមិនចេញទៅបោះឆ្នោត។ ប៉ុន្តែការអំពាវនាវជាការរំលោភច្បាប់ ដែលប្រឆាំងនឹងច្បាប់ការបោះឆ្នោត។ ជនណាដែលបង្កឲ្យមានឧបសគ្គការបោះឆ្នោត ដំណើរការការបោះឆ្នោត ជនហ្នឹងត្រូវទទួលទោស អាហ្នឹងច្បាប់យើងមានហើយ»។
ការបោះឆ្នោតអាណត្តិនេះកំពុងត្រូវបានស្ថាប័នជាតិនិងអន្តរជាតិធំៗមួយចំនួនយល់ឃើញថា ជាការបោះឆ្នោតដែលមិនមានភាពសេរីនិងយុត្តិធម៌ បន្ទាប់ពីគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ ខណៈគ.ជ.ប.ដែលលែងមានសមាជិកមកពីគណបក្សប្រឆាំងបានអះអាងថា ខ្លួនរៀបចំការបោះឆ្នោតទៅតាមច្បាប់កម្ពុជាដែលមានចែងជាធរមាន។
ទាំងគ.ជ.ប.និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុទ្ធតែបានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលឆ្នោតពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕