អ្នកជំនាញអ.ស.បនឹងពិភាក្សាអំពីការទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ

រូបឯកសារ៖ ស្រ្តីម្នាក់កាន់កំប៉ុងថ្នាំ​នៅ​គ្លីនិក​ស្រាវជ្រាវ​មួយ នៅ​ក្រុង Altoona រដ្ឋ Pennsylvannia។

គោលបំណង​នៃសិក្ខាសាលា​ថ្នាក់ជាតិ​ចំនួនពីរ​ថ្ងៃចាប់ពីថ្ងៃ​ទី២៩​ខែ វិច្ឆិកា​ នៅសណ្ឋាគារ ​Raffle Le Royal​ នេះ ​គឺដើម្បី​ពិនិត្យ​ឡើងវិញ​នូវសមិទ្ធិផលនានា​របស់​ប្រទេស​កម្ពុជា​ដោយផ្អែក​លើ​យុទ្ធសាស្ត្រជាតិ​ទប់ស្កាត់​ភាពស៊ាំ​នៃឳសថប្រឆាំងនឹង​មេរោគ ឆ្នាំ​ ២០១៥ ​ដល់ ឆ្នាំ ​២០១៧​ ដែលបាន​បង្កើតឡើងនិង​អនុម័ត​ដោយក្រសួង​សុខាភិបាល។

ក្រុមអ្នក​ឯកទេស​របស់​អ.ស.ប​ខាងវិស័យ​កសិកម្ម​និង​សុខភាព​សាធារណៈ ​គ្រោងនឹង​ជួបប្រជុំគ្នាចំនួន​ពីរថ្ងៃ​ក្នុងរាជធានី​ភ្នំពេញ​ចាប់ពីថ្ងៃ​ពុធនេះ​ ដើម្បី​ពិភាក្សាគ្នា​អំពីការ​ស្វែងរក​វិធានការនានា​ក្នុងការ​ទប់ស្កាត់​ភាពស៊ាំនឹង​ឱសថប្រឆាំង​មេរោគ​ ក្នុងប្រទេស​កម្ពុជា។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់អង្គការ ​FAO ​អង្គការសុខភាពសត្វ​ (OIE) ​និង​ អង្គការសុខភាព​ពិភពលោក​ (WHO)​ បានបញ្ជាក់ថា​ គោលបំណង​នៃសិក្ខាសាលា​ថ្នាក់ជាតិ​ចំនួនពីរ​ថ្ងៃចាប់ពីថ្ងៃ​ទី២៩​ខែ វិច្ឆិកា​ នៅសណ្ឋាគារ ​Raffle Le Royal​ នេះ ​គឺដើម្បី​ពិនិត្យ​ឡើងវិញ​នូវសមិទ្ធិផលនានា​របស់​ប្រទេស​កម្ពុជា​ដោយផ្អែក​លើ​យុទ្ធសាស្ត្រជាតិ​ទប់ស្កាត់​ភាពស៊ាំ​នៃឱសថប្រឆាំងនឹង​មេរោគ ឆ្នាំ​ ២០១៥ ​ដល់ ឆ្នាំ ​២០១៧​ ដែលបាន​បង្កើតឡើងនិង​អនុម័ត​ដោយក្រសួង​សុខាភិបាល។

សេចក្តី​ថ្លែងការណ៍​នោះក៏បាន​អះអាង​ដែរថា​ ក្រសួង​កសិកម្ម ​រុក្ខាប្រម៉ាញ់ និង​នេសាទ​កម្ពុជា​ក៏បានព្រាង​ផែនការ​សកម្មភាពជាតិ​ស្តីពីភាព​ស៊ាំនឹង​ឱសថប្រឆាំង​នឹង​មេរោគ​ដោយផ្តោត​លើវិស័យ​កសិកម្ម ​និងផលិតកម្ម​ស្បៀង។ ​មូលនិធិ​ Fleming ​នៃក្រសួង​សុខាភិបាល​ប្រទេស​អង់គ្លេសគាំទ្រ​ថវិកា​រៀបចំ​សិក្ខា​សាលា​ពហុភាគី​ ដែលនឹង​ពង្រឹង​ការសម្រប​សម្រួល​ក្នុងវិស័យ​ផ្សេងៗរួមមាន​វិស័យ​សុខាភិបាល ​កសិកម្ម ​និងបរិស្ថាន​។ ​ក្រុមអ្នក​ជំនាញ​មកពី​អង្គការ​សហប្រជាជាតិ​ ស្ថាប័នរដ្ឋ​នានា​និងអ្នក​ជំនាញនានា​នឹងពិភាក្សា​លើ​ ផលប៉ះពាល់​ វិធានការ​និង​ដំណោះស្រាយ​ទាំងឡាយ​ទាក់ទងនឹង​ការទប់​ស្កាត់​ភាពស៊ាំ​និងឱសថ​ប្រឆាំង​មេរោគ​នេះ៕