ក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិមួយ កំពុងអំពាវនាវឲ្យមានការនាំយករដ្ឋាភិបាលកូរ៉េខាងជើងមកកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះរួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។
ក្រុមអ្នកជំនាញទទួលស្គាល់ថា រដ្ឋាភិបាលកូរ៉េខាងជើងមិនបានធ្វើអ្វីទាល់តែសោះដើម្បីបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស ដែលមានពាសពេញប្រទេសនិងជាប្រព័ន្ធ ទៅលើពលរដ្ឋខ្លួន ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ គណៈកម្មាធិការស៊ើបអង្កេតមួយបានចុះផ្សាយរបាយការណ៍ ដែលបានកត់ត្រាទុកនូវករណីរំលោភបំពានសិទ្ធិយ៉ាងអាក្រក់ក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកជំនាញផ្នែកច្បាប់ជនជាតិបង់ក្លាដែស អ្នកស្រី Sara Hossain និយាយថា រដ្ឋាភិបាលផ្ទាល់មានតូនាទីចម្បងក្នុងការនាំយកជនល្មើស ដែលប្រព្រឹត្តការរំលោភបំពានផ្សេងៗនៅក្នុងប្រទេស ឲ្យមកប្រឈមមុខនឹងផ្លូវច្បាប់។ អ្នកស្រីបន្ថែមថា ប៉ុន្តែការណ៍នេះមិនត្រូវបានធ្វើឡើងនោះទេ។ ហើយ ដោយសារតែការខ្វះខាតប្រព័ន្ធតុលាការ ដែលឯករាជ្យនិងមិនលម្អៀង អ្នកស្រីលើកឡើងថា មាគ៌ាដោះស្រាយតែមួយគត់នោះគឺ ស្វែងរកយុត្តិធម៌នៅតាមឆាកអន្តរជាតិ។
«ក្នុងកាលៈទេសៈដូចនេះ យើងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តតាមដាននិងពិនិត្យមើលស្ថានភាពនៅសាធារណរដ្ឋប្រជាមានិតកូរ៉េ ដើម្បីបញ្ជូនសំណុំរឿងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ដោយផ្អែកលើចំនួនដ៏ធំនៃបទឧក្រិដ្ឋនិងអ្នកប្រព្រឹត្តអំពើរំលោភបំពានសិទ្ធិមនុស្ស យើងក៏បានស្នើឲ្យមានការចាត់ឡើងនូវដំណើរការចោទប្រកាន់បទឧក្រិដ្ឋដទៃទៀតផងដែរ។ ដំណើរការឆ្ពោះទៅរកការកាត់ទោសឧក្រិដ្ឋជននៅពេលអនាគតត្រូវតែធ្វើឡើងចាប់ពីពេលនេះតទៅ»។
ក្រុមអ្នកជំនាញអ.ស.បក៏បានស្នើឲ្យមានការបង្កើតសាលាក្តីអន្តរជាតិមួយ សម្រាប់ដោះស្រាយឧក្រិដ្ឋកម្មជាក់លាក់មួយ ដែលអាចដើរតួបញ្ជៀសឧក្រិដ្ឋកម្មដូចគ្នានេះនៅពេលអនាគត។
អ្នកស៊ើបអង្កេតពិសេសលើកូរ៉េខាងជើង លោក Tomas Ojea Quintana និយាយថា លោកព្រួយបារម្ភថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនោះកំពុងតែរងការបិទបាំងពីលើដោយសារការកើនឡើងភាពតានតឹងនៅឧបទ្វីបកូរ៉េ។
«ការផ្តោតទៅលើការវិវត្តនានាក្នុងវិស័យនយោបាយនិងយោធាមិនគួរបិទបាំងការរំលោភបំពានសិទ្ធិមនុស្សពីភ្នែកក្រុមប្រឹក្សាសិទ្ធិមនុស្សនោះទេ... ហើយក៏មិនមានដំណោះស្រាយឆាប់រហ័សណាមួយដើម្បីដោះស្រាយការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងទំហំនិងសណ្ឋាន ដែលត្រូវបានរាយការណ៍ឡើងតាំងពីយូរយារមកហើយពីប្រទេសកូរ៉េខាងជើងនោះដែរ»។
លោក Quintana ក៏បានសម្តែងក្តីបារម្ភផងដែរអំពីស្ថានភាពអ្នកទោសនយោបាយរហូតដល់មួយសែនពីរម៉ឺននាក់ក្នុងជំរុំគុកចំនួនបួន ដែលកំពុងប្រឈមនឹងការធ្វើទារុណកម្ម ពលកម្មដោយបង្ខំ និងការកាត់ទោសប្រហារជីវិតតែម្តងពេលកំពុងជាប់ឃុំឃាំង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា