គណៈកម្មាធិការ​អ.ស.ប.៖ ប្រទេស​អាហ្រ្វិក​ជាច្រើន​មិន​បាន​គោរព​សិទ្ធិ​កុមារ

  • Lisa Schlein

កូន​ភ្លោះ​ពីរ​នាក់​សុំ​ទាន​នៅ​ច្រក​ចូល​នៃ​វិហារ​ឥស្លាម​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង Touba ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៥។

គណៈកម្មាធិការ​ឃ្លាំ​មើល​របស់​អង្គការ​សហប្រជាជាតិ​មួយ​និយាយ​ថា ប្រទេស​​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក​មិន​បាន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ តាម​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ឆ្នាំ១៩៩០​នោះ​ទេ។

គណៈកម្មាធិការ​ឃ្លាំ​មើល​របស់​អង្គការ​សហប្រជាជាតិ​មួយ​និយាយ​ថា ប្រទេសជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក​មិន​បាន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ តាម​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ឆ្នាំ១៩៩០​នោះ​ទេ។ គណៈកម្មាធិការ​នេះ​និយាយ​ថា​ ប្រពៃណី​វប្បធម៌​ប្រកប​ដោយ​គ្រោះថ្នាក់ និង​រូបភាពផ្សេងៗ​ទៀត​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​កើត​ឡើង​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក។​

គណៈកម្មាធិការ​សិទ្ធិ​កុមារ​របស់​អ.ស.ប​ ដែល​ត្រួតពិនិត្យ​ការ​អនុវត្ត​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ នា​ពេល​ថ្មីៗ​នេះ​បាន​បញ្ចប់​កិច្ច​ប្រជុំ​រយៈពេល​៣​សបា្តហ៍​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ (Geneva)។ អ្នក​ជំនាញ​ឯករាជ្យ​១៨​នាក់​ បាន​ពិនិត្យ​មើល​កំណត់ត្រា​របស់​ប្រទេស​ចំនួន​១៤ ដែល​រួម​មាន​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​ចំនួន​៥ មាន​ដូចជា​ ប្រទេស​បេណាំង (Benin) ប្រទេស​កេនយ៉ា​ (Kenya) ប្រទេស​សេណេហ្គាល់ (Senegal) ប្រទេស​សំប៊ី (Zambia) និង​ប្រទេស​ស៊ីមបាវ៉េ (Zimbabwe)។

គណៈកម្មាធិការ​នេះ​បាន​រក​ឃើញ​ពី​ការ​អនុវត្ត​ដ៏​គ្រោះថ្នាក់​ ដូចជា​ការ​កាត់​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​ និង​ការ​រៀបការ​របស់​កុមារ ​នៅ​តែ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។ ហើយ​ក្នុង​ករណី​មួយ​នៅប្រទេស​កេនយ៉ា អ្នក​ជំនាញ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី «ការ​ពាក់​អង្កាំ» ទៅ​លើ​ក្មេង​ស្រីៗ ដែល​ជា​ទម្រង់​មួយ​នៃ​ការ​យក​ធ្វើ​ជាទាសករ​ផ្លូវ​ភេទ​នៅ​ក្នុង​គ្រួសារ​ ដែល​ជា​រឿយៗ​បណ្តាល​ឲ្យ​មាន​ការ​ចាប់​រំលោភ។

អ្នក​ជំនាញ​ឯករាជ្យ​បាន​ថ្កោលទោស​ការ​សម្លាប់​ និង​ការ​ជួញ​ដូរ​ផ្នែក​ខ្លួន​ប្រាណ​របស់​ក្មេងៗ​ភឿក​នៅ​ក្នុង​ប្រទេស​កេនយ៉ា ដែល​ករណី​មួយ​ចំនួន​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​តែ​ម្តង។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​កត់​សម្គាល់​ថា​ ការ​អនុវត្ត​ឃោរឃៅ​បែប​នេះ​កំពុង​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​នៅអាហ្រ្វិក​ចំនួន​១៦។

លោក Benyam Mezmur ដែល​ជា​ប្រធាន​គណៈកម្មាធិការប្រាប់​ VOA ថា​ មនុស្ស​ភឿក​និយម​ ជា​រឿយៗ​ត្រូវ​បាន​ភ្ជាប់ទៅ​នឹង​ការ​បោះឆ្នោត​ ដោយសារ​តែ​វា​ត្រូវ​បាន​គេ​យល់​ថា ផ្នែក​នៃរាងកាយ​ក្មេងៗ​ដែល​មាន​សភាព​បែប​នេះ​នឹង​នាំ​មក​នូវ​សំណាង​ល្អ។

«ឧទាហរណ៍​ ក្នុង​ពេល​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ មាន​ឧប្បត្តិហេតុជាច្រើន​ ដែល​ចំនួន​នៃ​ការ​វាយប្រហារ​បាន​កើន​ឡើង​នៅ​ឯ​ប្រទេស​ជាច្រើន​ក្នុង​តំបន់។ ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ការ​កើន​ឡើង​នៃ​ការ​វាយប្រហារ​ និង​ការ​កើន​ឡើង​នៃ​ការ​សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រទេស​ជិត​ខាង​មួយ​ផ្សេង​ទៀត»។

លោក Mezmur និយាយ​ថា ការ​វាយប្រហារ​ប្រឆាំង​នឹង​មនុស្ស​ភឿក​មិន​មែន​ជា​បញ្ហា​ដែល​ប្រទេស​តែ​មួយ​អាច​ដោះស្រាយ​បាន​នោះ​ទេ។​ លោក​និយាយ​ថា​ វា​ទាមទារ​ការ​ឆ្លើយ​តប​ដែល​មាន​ការ​សហការ​គ្នា​មួយ។​

​គណៈកម្មាធិការបាន​ជ្រើស​យក​ពិធី​ទទួល​សមាជិក​ថ្មី​នៃប្រទេស​បេណាំងនៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​លិច​ ដើម្បី​ធ្វើការ​រិះគន់នេះ។ លោក Mezmur និយាយ​ថា ក្មេងៗ​ ជា​ពិសេស​ក្មេង​ស្រី ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​គ្រួសារ ហើយ​និរទេស​ទៅ​វិហារ​ដូនជីដែល​គេ​ហៅ​ថា​ Voodoo។​

«នៅ​ក្នុងករណី​ទាំង​នេះ លទ្ធភាព​ទទួល​បាន​ការ​អប់រំ​របស់​ពួកគេ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ​ ការទទូលបានការ​ថែ​រក្សា​សុខភាព និង​អ្វីៗ​ផ្សេងៗ​ទៀត​គឺ​ស្ទើរ​តែ​មិន​មាន។ ច្បាស់​ណាស់ មាន​ករណី​នៃ​ការ​ព្យាបាល​ជំងឺ ប៉ុន្តែ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ពិត​ជា​បាន​បន្ត​កើត​ឡើង​នៅ​ក្នុង​វិហារ​ទាំង​នោះ​មែន»។

គណៈកម្មាធិការកំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បេណាំង ​យក​ក្មេងៗ​ចេញ​ពី​វិហារ​ទាំង​នោះ​ ហើយ​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​សង្គម និង​ផ្នែក​ចិត្តសាស្រ្ត ដើម្បី​ជួយ​ពួកគេ​ឲ្យជា​សះស្បើយ​ពីបទពិសោធ​ន៍​ភ័យ​ខ្លាច​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ