កុមារ​កម្ពុជា​ចន្លោះ​ពី​៤​ទៅ​៦​នាក់​ស្លាប់​ដោយសារ​លង់​ទឹក​ជា​រៀង​រាល់​ថ្ងៃ

រូបឯកសារ៖ សិស្ស​ជនជាតិ​ដើម​ភាគតិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា «សាលា​បឋម​សិក្សា​យឺន​ចាស់» កំពុង​លេង​ល្បែង​កំសាន្ត​បែប​កុមារ ក្នុង​ភូមិយឺន ឃុំកក់ ស្រុក​បរកែវ ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៧។ (VOA)

អ្នកចូលរួម​មកពី​៦០​ប្រទេស បាន​លើក​ពី​កង្វល់​នៃ​ការស្លាប់​ដោយ​ការលង់​ទឹក​ក្នុង​ពិភព​លោក ក្នុង​សិក្ខា​សាលា​នៅ​ទីក្រុង​ដឺបឺន ​អាហ្វ្រិកខាងត្បូង​ក្នុង​សប្ដាហ៍​នេះ។ អ្នក​ជំនាញ​ម្នាក់​របស់​អ.ស.ប បាន​ព្រមាន​ថា ការស្លាប់​ដោយសារ​ការលង់​ទឹក អាច​ជា​រឿង​សោកសៅ​មួយ​នៅ​កម្ពុជា បើ​មិន​មាន​ការយកចិត្ត​ទុកដាក់​ទេ​នោះ។

នៅ​ឆ្នាំ​២០១៦ មនុស្ស​ប្រមាណ​ជា​៣២២,០០០​នាក់​ បាន​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក ពោល​គឺ​រៀង​រាល់​៩០​វិនាទី​ម្ដង​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ក្នុង​ពិភព​លោក។ ​ចំនួន​នេះ​ខ្ពស់​ជាង​ការ​ស្លាប់​ដោយ​ជំងឺ​រលាក​ថ្លើម និង​មរណភាព​របស់​មាតា។ ដោយឡែក​មនុស្ស​ចំនួន​បួន​នាក់​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើយោង​តាម​របាយ​ការណ៍ប៉ាន់​ប្រមាណ​របស់​អង្គការ​សុខភាព​ពិភព​លោក ដែល​បាន​បង្ហាញ​ក្នុង​សន្និសីទ​ពិភព​លោក​ ​ស្ដីពី​ការ​បង្ការ​ការ​លង់ទឹកឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ដឺបឺន ប្រទេស​អាហ្វ្រិក​ខាងត្បូង។

កម្រងរូបភាព VOA៖ សន្និសីទ​ពិភពលោក​ស្តីពី​ការបង្ការ​ការលង់​ទឹក​ឆ្នាំ ២០១៩ រៀបចំ​ឡើង​ក្នុង​ទីក្រុងដឺបឺន នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង


សន្និសីទរយៈពេល​បី​ថ្ងៃ ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​តុលា​នេះ។​ អង្គការ​សុខ​ភាព​ពិភព​លោកបង្ហាញ​បន្ថែមថា ជាង​៩០​ភាគ​រយ​នៃ​ការ​ស្លាប់​ដោយ​លង់ទឹក កើត​ឡើង​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។

អ្នកនាង Caroline Lukasyk មន្ត្រី​សម្របសម្រួល​ផ្នែក​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ផ្តល់​បទសម្ភាស៍​ដល់ VOA នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

អ្នកនាង ខារ៉ូឡាញ លូខាស៊ីក (Caroline Lukaszyk) អ្នក​សម្របសម្រួល​ទិន្នន័យ​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក ឲ្យ​ដឹង​ថា ​កម្ពុជាមាន​ចំនួនមនុស្សស្លាប់​ដោយ​លង់ទឹក​ខ្ពស់​ ជាពិសេស​កើត​ឡើង​លើ​កុមារ​នៅ​តាម​ជនបទ ដោយ​សារ​តែ​ក្មេងៗ​ត្រូវ​រស់​នៅ​តំបន់​ដែល​មានប្រភព​ទឹក​ដូចជា​បឹង ស្ទឹង​ជាដើម ប៉ុន្តែ​មិន​មាន​ការ​ការពារ​ត្រឹមត្រូវ។ យ៉ាង​ណា​ក្ដី​ អ្នកនាង​បន្ថែម​ថា ការ​កាត់​បន្ថយ​ការ​លង់ទឹក​បាន​លុះត្រាតែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ពាក់​ព័ន្ធ ពិសេស​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ ​ក្នុង​ការបង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ទប់​ស្កាត់។

«ការ​ស្លាប់​ដោយសារ​លង់ទឹក​នឹង​មាន​ចំនួន​កើន​ឡើង​ប្រសិនវា​មិន​ត្រូវ​បាន​ដោះ​ស្រាយ ហើយវាគឺ​ពិត​ជា​រឿង​ដែល​សោក​សៅ​ណាស់ ពិសេស​នៅ​កម្ពុជា ក្មេងៗ​ជាច្រើន​បាន​លង់ទឹក។ ហើយ​វា​ជា​រឿង​ដែល​អាច​បង្ការ​បាន ហើយ​ពួក​យើង​ដឹង​ថា​ត្រូវ​បង្ការ​ដោយ​របៀបណា។​ វា​ជា​ដំណោះស្រាយ​ដែល​ចំណាយ​ទាប​ក្នុង​ការ​រៀបចំ​សហគមន៍​ឲ្យ​អនុវត្ត»។

សិក្ខាសាលា​ជា​សកល​ស្ដីពី​ការ​បង្ការ​ការ​លង់ទឹកឆ្នាំ​២០១៩ ​នេះ​មាន​អ្នក​ចូល​រួម​ចំនួន​៥០០​នាក់ មក​ពី​ប្រទេស​ជាង​៦០ ដែល​ភាគ​ច្រើន​ជា​អ្នក​ជំនាញ និង​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ការ​លង់​ទឹក។

​មាន​ការ​ធ្វើ​បទ​បង្ហាញ​ជិត​៥០​ ដែល​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​ស្តីពី​ការ​លង់ទឹក​ បញ្ហា​ចោទ ការ​ការពារ សង្គ្រោះ និង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លង់​ទឹក​ជា​ដើម។​ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​អំពី​ឧបករណ៍​ថ្មីៗ​ដែល​ទើប​បង្កើត​ឡើង​ ព្រមទាំង​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ​ពាក់ព័ន្ធ​នឹងការបង្ការ និង​សង្គ្រោះ​ករណី​លង់ទឹក។

លោក លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រាប់​ VOA ថា​ក្នុង​ជំនន់​កាល​ពី​ឆ្នាំ​២០១៨ មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​លង់​ទឹក​ចំនួន​១៣​នាក់​នៅ​ប្រទេស​កម្ពុជា ហើយ​នៅ​ក្នុង​ទឹក​ជំនន់​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩​នេះ ក៏​មាន​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​លង់ទឹក​ផង​ដែរ។

លោក លី សូវ៉ាន់ បញ្ជាក់​ថា ជា​រៀង​រាល់​ពេល​ដល់​រដូវ​វស្សា ក្រសួង​សុខាភិបាល​កម្ពុជា​តែង​ប្រកាស​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​លង់​ទឹក និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដើម្បី​បង្ការ​ និង​ទប់​ស្កាត់។ លោក​បន្ត​ថា ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ជាហេតុ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​លង់​ទឹក​មាន​ចំនួន​ច្រើន។

«ទៅ​អនាគត​យើង​នឹង​ខិត​ខំ​បន្តទៀត​ និង​សហការ​ជាមួយ​អង្គការ​សុភាព​ពិ​ភព​លោក​ដើម្បី​រកចំណុចគន្លឹះ​ល្អ​ៗ​បន្ថែម​ទៀត​ ក្នុង​ការ​បង្ការ​សុខភាព មិនមែន​តែ​ទឹក​ជំនន់​ទេ គឺ​បង្ការ​សុខភាព​ទាំង​អស់​ក្នុង​ពេលទឹក​ជំនន់​ម្តងៗ​ហ្នឹង។ បច្ចុប្បន្ន​នេះ​គឺយើង​មាន​មន្រ្តី​យើង​គ្រប់​កន្លែង​ហើយ តែ​សំខាន់​បំផុតគឺ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​ចំណេះ​ដឹង​អំពីការ​សង្គ្រោះ​បឋម។ កន្លង​មក​នេះ​យើង​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​តែ​អនុវត្ត​ទំនៀមទម្លាប់​ចាស់ ការ​សង្គ្រោះ​ពស់​ចឹក​ក្តី ឬ​មួយ​ក៏​ទឹក​ជំនន់​ក្តី​ហ្នឹង​ គឺ​មិនបាន​ត្រឹមត្រូវ​ទេ»។

បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ដែល​ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០១៤​បង្ហាញ​ថា ការ​លង់​ទឹក​ជាមូលហេតុ​ចម្បង​មួយ​នៃ​ការ​ស្លាប់របស់​កុមារនៅ​កម្ពុជា។ កុមារ​អាយុ​ចន្លោះ​ពី ៥ ទៅ​១៤ ឆ្នាំ​ ​មាន​ចំនួន​ជាង​ពាក់​កណ្ដាល​នៃ​ជន​រង​គ្រោះ​ចំនួន ១,៣៥៧ នាក់ ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ នៅ​ឆ្នាំ ២០១២។

លោក Conrad Foote ស្ថាបនិក​អង្គការ សុវត្ថិភាព​ពេល​មាន​បញ្ហា ឬ​ហៅ​កាត់​ថា​ Swim កម្ពុជា ដែល​ធ្វើ​ការ​ងារ​លើកកម្ពស់​សុវត្ថិភាព​ផ្លូវ​ទឹកនៅ​កម្ពុជា​ លើក​ឡើង​ថា ហានិភ័យ​នៃ​ការ​លង់​ទឹក​ភាគច្រើន​គឺ​កើត​ឡើង​ដោយ​សារកង្វះ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់ កង្វះ​ចំណេះដឹង និង​ជំនាញក្នុង​ការ​មើល​ថែ​កុមារ កង្វះ​ជំនាញ​ហែល​ទឹក កុមារ​លេង​ក្នុង​ទឹក​ដោយ​គ្មានអ្នក​មើល​ថែ និង​កង្វះ​ជំនាញ​សង្គ្រោះ​បឋម​ជាដើម។

លោក Conrad Foote អះអាង​ថា កុមារ​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ការ​លង់​ទឹកអាច​មាន​ចំនួន​រហូត​ដល់​ប្រាំ​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​អង្គការ​សុខភាព​ពិភព​លោក ​ប៉ាន់​ស្មាន​ថា​មាន​កុមារ​កម្ពុជា​ស្លាប់​ដោយ​សារ​ការ​លង់ទឹក​ចំនួន​តែ​បួន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

អ្នកនាង Caroline Lukaszyk អ្នក​សម្របសម្រួល​ទិន្នន័យ​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក គូស​បញ្ជាក់​បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ អង្គការ​សុខភាព​ពិភព​លោក​ បាន​ចាត់​ទុក​ការ​លង់​ទឹក​គឺជា​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​មួយ ​ប៉ុន្តែ​ពិភព​លោក​ហាក់​មាន​ការ​ធ្វេសប្រហែស​ក្នុង​ការ​ទប់​ស្កាត់។ អ្នកនាង​បន្ថែម​ថា​ រដ្ឋាភិបាល​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យមភាគច្រើនមិន​បាន​ស្វែង​យល់​ស៊ីជម្រៅ​អំពី​ផល​ប៉ះពាល់ និង​មិន​មានតួលេខ​នៃ​ការ​ស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ចាត់​ទុក​ថា ការ​លង់ទឹក​មិនមែន​ជា​បញ្ហា​ចម្បង​ដែល​ពួកគេ​ត្រូវ​យកចិត្ត​ទុក​ដាក់​ខ្ពស់៕