តុលាការ​ខ្មែរក្រហម​បង្ហាញ​គម្រោង​សំណង​រាប់លាន​ដុល្លារ​សម្រាប់​ជន​រងគ្រោះ

ទិដ្ឋភាព​ទូទៅ​នៃ​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរ​ក្រហម។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី បាន​ផ្តោត​ទៅ​លើ​សំណង​ផ្លូវចិត្ត​និង សំណង​សមូហភាព​សម្រាប់​សំណុំ​រឿង​០០២ វគ្គ​២​ គឺ​មិនមែន​សំណង​ដល់​បុគ្គល ជា​ជនរងគ្រោះ​ទេ។

អង្គភាព​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ បាន​រៀបចំ​គម្រោងការ​សម្រាប់​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ ២ នៅ​មុន​ពេល​ដែល​ជនជាប់​ចោទ​ដែល​ជាអតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ពីរនាក់​ត្រូវ​ផ្តន្ទាទោស។ ទោះជា​តុលាការ បាន​ដាក់​គម្រោងការ​ដូច្នេះ​មែន តែ​ជន​រងគ្រោះ​ខ្លះ​នៅតែ​ចង់​បាន​សំណង​ផ្ទាល់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. បាន​ប្រកាស​ឲ្យដឹង​ពី​គម្រោងការ​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​ដោយសារ​របប​ខ្មែរ​ក្រហម ប្រសិនបើ​ជន​ជាប់ចោទ​ពីរនាក់ ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់ ដែល​កំពុង​រស់រាន​មាន​ជីវិត​ត្រូវបាន​កាត់ទោស​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី បាន​ផ្តោត​ទៅ​លើ​សំណង​ផ្លូវចិត្ត​និង សំណង​សមូហភាព​សម្រាប់​សំណុំ​រឿង​០០២ វគ្គ​២​ គឺ​មិនមែន​សំណង​ដល់​បុគ្គល ជា​ជនរងគ្រោះ​ទេ។ គម្រោងការ​ទាំងនោះ​មាន​ការ​ជួយ​ព្យាបាល ផ្សះផ្សារ​ផ្លូវចិត្ត ទាក់ទងនឹង​ការអប់រំ ការផ្សព្វផ្សាយ ការអភិរក្ស​ទីតាំង​ឧក្រិដ្ឋកម្ម ពិធីបុណ្យ​ជា​សាធារណៈ ដាក់​ឈ្មោះ​សារៈមន្ទីរ ​មជ្ឈមណ្ឌល​សាធារណៈ​ដើម្បី​រំឭក​ការចងចាំ។ ​ហើយ​ថវិកា​នៃ​គម្រោង​ចំនួន​២៣​ទាំងនេះ គឺ​នឹង​ត្រូវ​ផ្តល់ ឬ​ចូលរួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន និង​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ដែល​អង្គភាព​ជនរងគ្រោះ និង​ភាគី​នានា​ក្នុង​តុលាការ​បាន​ពិភាក្សា​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី សមាគម​ជនរងគ្រោះ​ ដៃគូ​អនុវត្តន៍​គម្រោង ម្ចាស់​ជំនួយ ស្ថាប័នរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

បើ​តាម​ការអះអាង​របស់​លោក​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ ដឹង​ថា គម្រោង​នេះ​ត្រូវការ​ថវិកា​ជាច្រើន​លាន​ដុល្លារ ​ដែល​សាលាក្តី​កំពុង​ទទូច​ដល់ ម្ចាស់​ជំនួយ​នានា​ឲ្យ​ជួយ​គាំទ្រ។

រូបឯកសារ៖ លោក នេត ភក្ត្រា ជា​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

​ «ហើយ​នៅក្នុង​គម្រោង​ទាំងអស់​នេះគឺ​ថវិកា​ដែល​គ្រោងនឹង​ចំណាយ​គឺ ​មានជាង​៦ លាន​ដុល្លារ​អាមេរិក ​ហើយ​រហូត​មក​ដល់​ពេលនេះ​តាមអ្វី​ដែលខ្ញុំ​ទទួល​បាន​ព័ត៌មាន គឺអង្គភាព​ការពារ​ជនរងគ្រោះ​និង​សហមេធាវី​តំណាង​ដើមបណ្តឹង​រដ្ឋប្បវេណី ​ហើយនឹង ភាគី​ពាក់ព័ន្ធ​នានា​ដែលជា​ដៃគូ​នៃការ​អនុវត្តន៍​គម្រោង​ហ្នឹងគឺរក​ថវិកាជាង​ពាក់​កណ្តាល ហើយ។ ​អញ្ចឹង​នៅរយៈ​ពេលនេះ​ជាការ​អំពាវនាវ​បន្ថែម​ទៀត​ដើម្បី​គៀងគោ​ថវិកា​ដើម្បី គាំទ្រ​ទៅលើ​គម្រោង​ទាំង២៣​នេះ‍»។

លោក ​នេត្រ ភក្ត្រា​បាន​ពន្យល់​ថា គម្រោង​នេះ​ត្រូវ​បង្កើត​និង​ស្វែង​រក​ថវិកា​ឲ្យ​បាន​មុន ពេល​សវនាការ​សំណុំ​រឿង​០០២ ​វគ្គ ២​ ដែល​ត្រូវ​ចាប់ផ្តើម​កាត់ទោស​នៅ​ថ្ងៃទី​៥ ​ខែ មិថុនា​ខាងមុខ ដោយ​ផ្តោត​ទៅ​លើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ទៅ​លើ​ការសួរ​ដេញដោល​លើ​ភស្តុតាង​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​០២ ​ហើយ​សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ដើម​ឆ្នាំ ២០១៨។

លោក ​ស៊ុំ រិទ្ធី​ ជន​រងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់ ​បាន​ថ្លែង​ប្រាប់ VOA ថា លោក ចង់​ឃើញ​ការផ្តល់​សំណង​បុគ្គល​ដល់​ជនរង​គ្រោះ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។

«វា​ពិបាក​ទទួល​យក​ព្រោះ​និយាយ​ទៅ​វា​អត់​បាន​ផលប្រយោជន៍​អី​ដល់​ជនរង​គ្រោះ ផ្ទាល់​ខ្លួន​ម្នាក់ៗ​ ជាង​៣៨០០ ​នាក់​ហ្នឹង​ ព្រោះ​ការតស៊ូ​មតិ​របស់​អ្នកទាំង​អស់​ហ្នឹង គឺពួក គេ​មាន​ចេញ​ថវិកា​ខ្លួន​ឯង​មួយ​ចំនួន​ដែរ​ មិនមែន​ថា​អត់មាន​ចេញ​ទេ‍»។

លោក​ ស៊ុំ រិទ្ធី​ ជា​ជន​រងគ្រោះ​ម្នាក់​ដែល​រង​ទារុណ្មកម្ម​និង​នៅ​រស់ជីវិត​ក្នុង​គុក​មួយ​នៃ ខេត្ត​សៀមរាប​ពី​របប​ខ្មែរក្រហម​ អះអាង​ថា​ទោះជា​មាន​ការដាក់​ទោស​ទណ្ឌ​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ជីវិត​ ឬ ១០០ ​ជីវិត​ក៏​លោក​មិន​អាច​ស្ងប់ចិត្ត​ដែរ​ដោយសារ​អ្នក​ដែល​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ផ្ទាល់ៗ​ជាច្រើន​កំពុង​នៅ​រស់​រាន​មាន​ជីវិត បន្ត​វប្បធម៌​រួច​ទោស​ទណ្ឌ តែ​មេដឹកនាំ​ពីរ​នាក់​ដែល​ជា​អ្នក​គ្រប់គ្រង​របប​ខ្មែរក្រហម​ត្រូវ​កាត់​ទោស។ លោក​ថា លោក​បាន​តស៊ូ​មតិ​ច្រើន​ក្នុង​រឿង​ប្តឹង​ផ្តល់​នេះ​ តែ​នៅ​ទីបំផុត​សំណុំរឿង​លោក​ត្រូវ តុលាការ ​មិន​ចាត់ការ​ដោយសារ​តែ​មិនស្ថិត​ក្នុង​យុត្តាធិការ​របស់​តុលាការ ឬ ក្រោម​អ្វី មួយ​ដែល​តុលាការ​បាន​បង្រួម​ទំហំ​ទីតាំង​ឧក្រិដ្ឋកម្ម​នោះ។

ក៏ប៉ុន្តែ បើ​តាម​ការ​អះអាង​របស់​លោកស្រី​នូស៊ីន សាការាទី​ (Nushin Sarkarati) ​អ្នកច្បាប់​នៃ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ ​និង​ការទទួល​ខុសត្រូវ ​(Center for ​Justice and ​Accountability (CJA) ដែល​បាន​ជួយ​ដល់​ជនរងគ្រោះ​រាប់សិប​នាក់​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ពាក្យ​ប្តឹង​ក្នុង​សាលាក្តី​ បាន​ថ្លែង​ថា ដំណើរការ​រៀបចំ​សំណង​គឺ​ដើម្បី​ធានា​ថា​សំណង​នានា​ដែល​បាន​ស្នើ​ឡើង គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជន​រងគ្រោះ ដែល​រួច​ជីវិត ការឈឺចាប់​របស់​សហគមន៍​ដែល​កើត​ឡើង​ពី​ឧក្រិដ្ឋកម្ម​នានា​ដែល​បាន​លើក​មក​កាត់ទោស​ក្នុង​តុលាការ​ខ្មែរក្រហម។

«ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ដែល​បាន​បើក​សវនាការ​នៅ​មុខ​តុលាការ​ខ្មែរក្រហម​ជា ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ​ហើយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ភាគច្រើន​នោះ ​សំណង​សមូហភាព មិនមែន​សំណង​បុគ្គល​ គឺជា​សំណង​ប្រសើរ​ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​សហគមន៍ អ្នក​រស់រាន​មានជីវិត។​ មាន​ចំនួន​អ្នកដាក់​ពាក្យប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ជិត​៤ពាន់ នាក់ ​ដែល​ចូលរួម​ក្នុងការ​កាត់ទោស​ ហើយ​មាន​ជនរងគ្រោះ​ច្រើន​ជាង​នេះ​ទៀត​ ដែល​ប៉ះពាល់​សព្វថ្ងៃ​នេះ។ ​សំណង​សមូហភាព​អាច​ជា​ដំណោះស្រាយ​ល្អ​ប្រសើរ ក្នុង​ការបង្កើត​កម្មវិធី​និង​គម្រោង​ដើម្បី​ដោះស្រាយ​តម្រូវការ​ដ៏​ធ្ងន់ធ្ងរ​កំពុង​កើត​ឡើង​ក្នុង​សហគមន៍​អ្នក​រស់រាន​មាន​ជីវិត​ដ៏ធំធេង ​ហើយ​ក៏អាច​នឹង​ជួយ​ដល់​ការផ្សះផ្សារ និង​ការអភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា‍​ដែរ»។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់ គឺ​លោក​ ភីធ័រ ម៉ាខ្វៃអ័រ ​(Peter Maguire) ​ដែល​ជា អ្នក​និពន្ធ​សៀវភៅ ​«ប្រឈមមុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា ​(Facing Death ​in Cambodia)»​ បាន​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម​មាន​ច្រើន សម​នឹង​ទទួល​បាន​សំណង​ តែ​ថវិកា​៦លាន​ដុល្លារ​មិន​អាច​ផ្តល់​បាន​ច្រើន​ទេ​ ដែល លោក​ថា អ.ស.ប.​ត្រូវ​ផ្តល់​លុយ​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​ទៅ​ជូន​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា​ដើម្បី​ចាត់ចែង​វិញល្អ​ជាង។

រូបឯកសារ៖ លោក Peter Maguire ជា​អ្នក​និពន្ធ និង​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឋិត​នៅ​ការិយាល័យ​វីអូអេ​ខ្មែរ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA Khmer)

«ខ្ញុំ​គិត​ថា​វា​ជា​ការប្រសើរ​ជាង​ដែល​ទុក​រឿង​នេះ​ជូន​ដល់​អង្គការ​ដ៏ល្បី​ល្បាញ​ដូចជា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ធ្វើ​កិច្ចការ​ហើយ​អ.ស.ប.​ចាកចេញ​ពី​កម្ពុជា ​ដោយ​ហៅ តុលាការ​នេះ​ថា ធ្វើ​បាន​ជោគជ័យ​ ហើយ​ចាកចេញ​ជារៀង​រហូត​ដោយ​មិនបាច់​រងគ្រោះ​ដោយ​ការប្រមាថ​ពី​កណ្តាប់​ដៃ​លោក​ហ៊ុន សែន‍»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​កំពុង​បន្តការ​ជំនុំ​ជម្រះទោស​មេដឹកនាំ​ខ្មែរក្រហម ពីរនាក់​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ ​២​លើ​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​នោះ​ បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ពីរនាក់​គឺ នួន ជា ​បងធំ​ទី២​ និង​ ខៀវ សំផន ​ប្រមុខរដ្ឋ ឲ្យ​ជាប់​គុក​មួយ​ជីវិត​ក្នុង​សំណុំរឿង​ ០០២​ វគ្គ ១​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​សម្លាប់​អ្នក​សាធារណរដ្ឋ។ ​សាលាក្តី​ដដែល​នេះ​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ​២៧០​លាន​ដុល្លារ​ដើម្បី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បីនាក់​តាំងពី​ឆ្នាំ ២០០៦​មក​ ក្រោយរយៈ​ពេល​ជាង​៣០ឆ្នាំ​នៃ​ការ​កាប់សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង ១លាន ​៧សែន​នាក់ ក្នុង​ចន្លោះឆ្នាំ​១៩៧៥​ ដល់ ​១៩៧៩៕