ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃពុធ បានបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ ហើយបានបង្ខំឱ្យមានការជម្លៀសមួយផ្នែក នៅក្នុងតំបន់ Tver របស់រុស្ស៊ី។
ការវាយប្រហារបានកើតមានឡើងនៅក្នុងទីក្រុង Toropets ដោយប្រភពសន្តិសុខអ៊ុយក្រែននិយាយថា ដ្រូនបានបំផ្លាញឃ្លាំងអាវុធរុស្ស៊ីដែលផ្ទុកកាំជ្រួចមីស៊ីលនិងកាំភ្លើងធំ។
លោក Igor Rudenya អភិបាលតំបន់ Tver មិនបានបញ្ជាក់ទីកន្លែងនៃអគ្គីភ័យនោះទេ ក៏ប៉ុន្តែបាននិយាយនៅលើតេឡេក្រាមថា ស្ថានភាពនោះ«បានស្ថិតក្រោមការគ្រប់គ្រង»។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានកម្ទិចដ្រូនអ៊ុក្រែន ៥៤គ្រឿង ក្នុងរយៈពេលមួយយប់ រួមមាន ២៧គ្រឿងនៅពីលើតំបន់ Kursk ១៦គ្រឿងនៅលើតំបន់ Bryansk ៧គ្រឿងនៅពីលើតំបន់ Smolensk ៣គ្រឿងលើតំបន់ Belgorod និងមួយគ្រឿងនៅលើតំបន់ Oryol។ ពួកមន្ត្រីនៅក្នុងតំបន់ទាំងនោះមិនបានរាយការណ៍ពីការខូចខាត មនុស្សស្លាប់និងអ្នករងរបួសទេ។
អ៊ុយក្រែនបានវាយប្រហារម្តងហើយម្តងទៀតនៅតំបន់ព្រំដែនដូចជា តំបន់ Bryansk, Kursk និង Belgorod។ ការវាយប្រហារលើតំបន់ Tver ដែលស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីព្រំដែន មិនមែនជាការធម្មតាទេ ក៏ប៉ុន្តែ វាជាឧទាហរណ៍មួយនៃអ្វីដែលពួកមន្ត្រីអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថា ពួកគេចង់ធ្វើដូច្នេះដើម្បីវាយប្រហារហេដ្ឋារចនាសម្ពន្ធយោធារុស្ស៊ី ដែលត្រូវប្រើប្រាស់ដើម្បីវាយប្រហារអ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហាររយៈពេលមួយយប់នៅពេលថ្មីៗនេះរបស់រុស្ស៊ី រួមមានកាំជ្រួចមីស៊ីលនាំផ្លូវ ៣គ្រឿង និងដ្រូនចំនួន ៥២ គ្រឿង។
យោធាបាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនចំនួន ៤៦គ្រឿងនៃដ្រូនទាំងអស់៥២គ្រឿង ដោយការបាញ់ស្ទាក់បានធ្វើឡើងនៅលើតំបន់ Cherkasy, Kherson, Kirovohrad, Kyiv, Mykolaiv, Poltava, Sumyនិងតំបន់ Vinnytsia៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារព័ត៌មាន AFPនិង Reuters