ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី១៨គ្រឿង

បុរស​ម្នាក់កំពុងហ្វឹកហាត់​នៅ​តំបន់ Dnipropetrovsk ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​២២ មិថុនា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន១៨គ្រឿង​ក្នុង​ចំណោម​ដ្រូន១៩គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​ក្នុង​រយៈពេល​វាយ​ប្រហារ​មួយ​យប់​ដៅលើ​តំបន់​ភាគ​កណ្តាល​និង​ខាង​លិច​អ៊ុយក្រែន។

ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែនបាញ់​ទម្លាក់​ដ្រូន​នៅ​ពីលើ​តំបន់ Dnipropetrovsk, Mykolaiv, Odesa, Ternopil និង Vinnytsia ។

រុស្ស៊ី​ក៏​បាន​បាញ់​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក​២គ្រាប់​ចេញពី​ឧបទ្វីប Crimea ដែល​ខ្លួន​ត្រួតត្រា។ នេះ​បើ​តាម​កងទ័ព​អាកាស​របស់​អ៊ុយក្រែន។

លោក Oleh Kiper អភិបាល​តំបន់ Odesa បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​ការវាយ​ប្រហារ​នៅ​ក្នុង​តំបន់​របស់​លោក​មាន​រយៈពេល​ជាច្រើន​ម៉ោង។ លោក​បាន​រាយការណ៍​ថា​ការវាយ​ប្រហារ​ដោយ​ដ្រូន​បាន​បណ្តាល​ឱ្យ​ឆេះ​អាគារ Apartment ដែល​មាន​កម្ពស់ ៣ជាន់​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Chornomorsk និង​ការឆេះ​អាគារ​រដ្ឋបាល​មួយ​កន្លែង​នៅ​ក្នុង​ស្រុក Odesa។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយ ក្រែន​ចំនួន១៤គ្រឿង​នៅ​ពីលើ​តំបន់ Belgorod ដែល​តាំង​នៅ​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន​និង​២គ្រឿង​ទៀត​នៅ​ពីលើ​សមុទ្រ​ខ្មៅ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​មាន​ការចាំបាច់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ប្រទេស​លោក​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។

លោក​ប្រធានាធិបតី Zelenskyyបាន​និយាយ​ថា«វា​ជា​ការសំខាន់​ដែល​ប្រទេស​ធំៗមាន​អាវុធ​សំខាន់ៗ​ជា​ការអស្ចារ្ស​ពិតប្រាកដ​ដើម្បី​ការពារ​អាយុ​ជីវិត ដោយ​មិន​រក្សាទុក​ប្រព័ន្ធ​អាវុធ​ទាំង​នោះ​នៅ​ក្នុង​ឃ្លាំង​ ក៏ប៉ុន្តែ ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រព័ន្ធ​អាវុធ​ដូចជា​កាំជ្រួច Patriot និង​កាំជ្រួច​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សកម្ម​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»។

អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ជំនួប​រវាង​ក្រុម​ទាក់ទង​ការពារ​ជាតិ​អ៊ុយក្រែន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្រប​សម្រួល​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន​ចាប់តាំង​ពី​រុស្ស៊ី​ឈ្លានពាន​នៅ​ដើម​ឆ្នាំ២០២២មក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP និង Reuters