អ៊ុយក្រែន​ជំរុញ​សម្ពន្ធមិត្ត​បស្ចិម​ប្រទេស​ឱ្យ​បញ្ជូន​រថក្រោះ​ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី

រូបឯកសារ៖ ទាហាន​ឈរ​ក្បែរ​រថយន្ត​ប្រយុទ្ធ Stryker ក្នុង​ទីក្រុង Vilseck ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឱ្យ​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​របស់​ខ្លួន​បញ្ជូន​រថក្រោះ​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន​ប្រយុទ្ធ​នឹង​កងទ័ព​រុស្ស៊ី ដោយ​បាន​បញ្ជាក់​ថា​ ដោយសារ​កងទ័ព​រុស្ស៊ី​មាន​«ប្រៀប​ផ្នែក​បរិមាណ​ច្រើន​គួរសម​ទាំង​ពល​ទាហាន អាវុធ និង​យុទ្ធោបករណ៍»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksii Reznikov បាន​ថ្លែង​អំណរគុណប្រទេស​ចំនួន ៥០ ដែល​បាន​ជួយ​ពង្រឹង​ផ្នែក​ការពារ​របស់​ប្រទេស​អ៊ុយក្រែន។

ក៏​ប៉ុន្តែ លោក​ទាំង​ពីរ​បាន​និយាយ​ថា តម្រូវការ​បន្ទាន់​បំផុត​មួយ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​បាន​ចាប់ផ្ដើម​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ​គឺ​ការ​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នូវ​រថពាស​ដែក​ទំនើប​និង​ផ្ដល់​ឱ្យ​ទាហាន​អ៊ុយក្រែន​នូវ​រថក្រោះ​បស្ចិម​ប្រទេស​ដែល​អាច​ផ្ដល់​សមត្ថភាព​បាញ់​និង​បញ្ជា​បាន​ប្រសើរ​ជាង​មុន។

លោក Kuleba និង​លោក Oleksii បាន​ស្វាគមន៍​វិធានការ​របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ការ​បញ្ជូន​រថក្រោះ​ប្រភេទ Challenger 2 ឱ្យ​អ៊ុយក្រែន ហើយ​ស្រប​ពេល​នោះ​ដែរ​ជំរុញ​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​រថក្រោះ​ប្រភេទ Leopard 2 របស់​អាល្លឺម៉ង់​ឱ្យ​ផ្ដល់​រថក្រោះ​ទាំង​នោះ​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​កងទ័ព​អ៊ុយក្រែន​ឱ្យ​បាន​ប្រសើរ​ជាង​មុន។

លោក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​លើកឡើង​ដូច្នេះ​ថា៖ «យើង​ធានា​ថា​យើង​នឹង​ប្រើ​អាវុធ​ទាំង​នេះ​ដោយ​ការ​ទទួល​ខុស​ត្រូវ​និង​ប្រើ​តែ​សម្រាប់​គោល​បំណង​នៃ​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ប្រទេស​អ៊ុយក្រែន​ក្នុង​រង្វង់​ព្រំដែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​តែ​ប៉ុណ្ណោះ​»។

មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​មន្ត្រី​អាល្លឺម៉ង់​មួយ​រូប​ដែល​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​និយាយ​ថា អាល្លឺម៉ង់​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​រថក្រោះ Leopard 2 ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​សហរដ្ឋ​អាមេរិក​យល់ព្រម​បញ្ជូន​រថក្រោះ Abrams របស់​ខ្លួន​ទៅ​ឱ្យ​អ៊ុយក្រែន។

លោក Colin Kahl រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា អ៊ុយក្រែន​ត្រូវការ​សព្វាវុធ​ដើម្បី​ជួយ​បំបែក​ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​រុស្ស៊ី។ ប៉ុន្តែ លោក​បាន​និយាយ​ថា រថក្រោះ Abrams របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​មែន​ជា​ជំនួយ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នៅ​ពេល​នេះ​ទេ ដោយសារតែ​មាន​បញ្ហា​ប្រឈម​ដែល​អាច​កើតឡើង​នៅ​ក្នុង​ការ​ប្រើ​និង​ថែ​រក្សា​រថក្រោះ​ប្រភេទ​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។