ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសម្ព័ន្ធអូតង់ បានបើកកិច្ចពិភាក្សារយ:ពេល២ថ្ងៃកាលពីថ្ងៃអង្គារក្នុងទីក្រុងព្រុចសែល ដោយដាក់ការគាំទ្រអ៊ុយក្រែនក្នុងរបៀបវារ:កំពូល ពេលអ៊ុយក្រែនប្រយុទ្ធដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្តើមកាលពីជិត៣ឆ្នាំមុន។
ប្រទេសសម្ព័ន្ធមិត្តបានសន្យាផ្តល់ជំនួយរាប់រយលានដុល្លារជាជំនួយយោធាថ្មីមុនកិច្ចប្រជុំនេះ រួមទាំងជំនួយថ្មីពីសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ផងដែរ។
ប្រធានអង្គការអូតង់លោក Mark Rutte បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថាសម្ព័ន្ធមិត្ត«ចាំបាច់ត្រូវបន្តការគាំទ្រយ៉ាងរហ័សរបស់យើង»និងថាជំនួយយោធាគឺជាភារកិច្ចដ៏សំខាន់បំផុតក្នុងគ្រានេះ។
ក្រៅពីកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរបស់សម្ព័ន្ធអូតង់នេះ របៀបវារ:ក៏បញ្ចូលកិច្ចប្រជុំថ្មីចុងក្រោយសម្រាប់ក្រុមប្រឹក្សាអូតង់-អ៊ុយក្រែន ពេលមន្ត្រីអ៊ុយក្រែនជំរុញឲ្យបញ្ចូលអ៊ុយក្រែនជាសមាជិកក្នុងសម្ព័ន្ធអូតង់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអាទិត្យថាការអញ្ជើញអ៊ុយក្រែនឲ្យចូលជាសមាជិកអូតង់«នឹងជួយពង្រឹងអ៊ុយក្រែនមុនពេលការចរចាណាមួយដើម្បីបញ្ចប់សង្គ្រាមនេះ»។
មេដឹកនាំប្រទេសក្នុងសម្ព័ន្ធអូតង់ ធ្លាប់និយាយច្រើនដងហើយថាអនាគតរបស់អ៊ុយក្រែនគឺនៅក្នុងសម្ព័ន្ធអូតង់ តែថាប្រទេសនេះ មិនអាចចូលក្នុងសម្ព័ន្ធនេះបានទេពេលកំពុងមានសង្គ្រាមជាមួយរុស្ស៊ីនោះ៕