ការវាយប្រហារពេញមួយយប់របស់ដ្រូនរុស្ស៊ីបានដៅលើទីកន្លែងថាមពលនៅក្នុងតំបន់ភាគឦសាន្តប្រទេសអ៊ុយក្រែន។ នេះបើតាមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃអង្គារ។
ការវាយប្រហារនោះបានធ្វើឱ្យដាច់ចរន្តអគ្គីសនីនៅក្នុងតំបន់ Sumy ជាទីកន្លែងដែលពួកមន្ត្រីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនចំនួន១៦គ្រឿង។
ការវាយប្រហារលើតំបន់ Sumy ជាផ្នែកមួយនៃការវាយប្រហារកាន់តែខ្លាំងឡើងរបស់ដ្រូនដែលយោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ី៣១គ្រឿងនៃដ្រូនទាំងអស់៥១គ្រឿង។
ការបាញ់ស្ទាក់នេះក៏បានកើតមានឡើងនៅពីលើតំបន់ Kharkiv, Kherson, Mykolaiv និងPoltavaផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយ ក្រែនចំនួន១៥គ្រឿង នៅលើតំបន Bryansk ជាទីកន្លែងដែលពួកអាជ្ញាធរបានរាយ ការណ៍ថា មិនមានការខូចខាតឬមនុស្សស្លាប់ឬអ្នករងរបួសទេ។ ដ្រូនអ៊ុយក្រែនមួយគ្រឿងទៀតបានវាយប្រហារតំបន់ Kursk របស់រុស្ស៊ី។
អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំង លោកDmitry Peskov បានប្រាប់ពួកអ្នកយក ព័ត៌មានកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងបង្កើនទំហំនៃកងទ័ពរបស់ខ្លួន ដោយសារ«ការគំរាមកំហែង»នៅតាមបណ្តោយព្រំដែនរបស់ខ្លួន។
លោក Peskovបាននិយាយទៀតថា«ការណ៍នេះបណ្តាលមកពីបរិយាកាសប្រកបដោយអរិភាពយ៉ាងខ្លាំងនៅព្រំដែនភាគខាងលិចរបស់យើង និងអស្ថិរភាពនៅតាមព្រំដែនភាគខាងកើតរបស់យើង។ ការណ៍នេះទាមទារឱ្យមានការចាត់វិធានការសមរម្យ។»
ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin កាលពីថ្ងៃចន្ទបានបញ្ជារឱ្យយោធារបស់លោកពង្រីកចំនួនកងទ័ពទៅដល់១សែន៨ម៉ឺននាក់ ដែលធ្វើឱ្យចំនួនកងទ័ពសរុបទាំងអស់មាន ១លាន៥សែននាក់។ លោក Putinបានអំពាវនាវឱ្យបង្កើនកងទ័ពចុងក្រោយបង្អស់កាសពីខែធ្នូ ឆ្នាំមុន។
ចំណាត់ការនេះកើតមានឡើងនៅពេលដែលកងទ័ពរុស្ស៊ីព្យាយាមបណ្តេញកងទ័ពអ៊ុយក្រែន ដែលបានរុលចូលក្នុងតំបន់ Kursk របស់រុស្ស៊ីនៅដើមខែសីហា៕