កាលពីថ្ងៃសុក្រ ប្រទេសអ៊ុយក្រែនបានបញ្ជាក់ថាអាជ្ញាធររុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនជាង ៥០០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិ ដោយភាគច្រើនគឺបានស្លាប់នៅក្នុងតំបន់ Donetsk ភាគខាងកើត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រុស្ស៊ីនិងអ៊ុយក្រែនបានប្រគល់ទៅវិញទៅមកនូវសាកសពនិងឈ្លើយសឹកតាំងពីខែដំបូងៗនៃសង្គ្រាមនេះម្ល៉េះ ដោយចំនួនអ្នកស្លាប់និងរងរបួសទាំងសងខាងត្រូវបានគេប៉ាន់ប្រមាណថាខ្ពស់។
ទីស្នាក់ការកណ្ដាលសម្របសម្រួលរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការព្យាបាលឈ្លើយសឹកបានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា៖ «ជាលទ្ធផលនៃការប្រគល់ត្រឡប់មកវិញនេះ សាកសពអ្នកការពារចំនួន ៥០២ នាក់ត្រូវបានបញ្ជូនមកកាន់ដែនដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន»។
ទីស្នាក់ការសម្របសម្រួលនេះបានបន្តថា សាកសពចំនួន ៣៩៧ នាក់ក្នុងចំណោមនោះត្រូវបានបញ្ជូនមកពីតំបន់សមរភូមិសង្គ្រាម Donetsk ដែលការប្រយុទ្ធគ្នាមានសភាពខ្លាំងក្លាបំផុត។
ទីស្នាក់ការនេះបានបន្ថែមថា សាកសព ២៤ នាក់ក្នុងចំណោមនោះគឺបានបញ្ជូនមកពីតំបន់ Lugansk នៅភាគខាងកើត ៦៤ នាក់ទៀតមកពីតំបន់ Zaporizhzhia នៅភាគខាងត្បូង ហើយ ១៧ នាក់ទៀតមកពីកន្លែងដាក់សពនៅលើទឹកដីរុស្ស៊ី។
ទីស្នាក់ការនេះបានលើកឡើងដូច្នេះថា៖ «យើងអរគុណចំពោះការជួយជ្រោមជ្រែងរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)»។
ទាក់ទិននឹងការប្រគល់សាកសពទៅវិញទៅមកនេះដែរ ភាគីខាងរុស្ស៊ីមិនបានប្រកាសអំពីការប្រគល់សាកសពទាហានរបស់ខ្លួនពីខាងភាគីអ៊ុយក្រែននោះទេ៕