ពួកមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថាការវាយប្រហារមួយរបស់រុស្ស៊ីបានត្រូវចំផ្សារមួយកន្លែងនៅក្នុងទីក្រុង Kherson ភាគខាងត្បូងដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៥នាក់និងធ្វើឱ្យ៣នាក់ទៀតរងរបួស។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានបាញ់ទម្លាក់ដ្រូន២៩គ្រឿងក្នុងចំណោមដ្រូនទាំងអស់៣២គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហាររយៈ ពេលមួយយប់ដែលដៅលើតំបន់ជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាការបាញ់ស្ទាក់បានកើតមានឡើងនៅលើតំបន់ Cherkasy, Dnipropetrovsk, Kherson, Kirovohrad, Mykolaiv, Poltavaនិងតំបន់ Sumy។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយគ្រឿងនៅពីលើតំបន់ Belgorod កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីការបាញ់ទម្លាក់ដ្រូន៨គ្រឿងនៅក្នុងតំបន់នោះរយៈពេលមួយយប់។
អភិបាលតំបន់ Belgorodបានរាយការណ៍ពីការខូចខាតដល់អាគារពាណិជ្ជកម្មមួយខ្នង ក៏ប៉ុន្តែ មិនមានមនុស្សស្លាប់ឬរងរបួសដោយសារការវាយប្រហារទាំងនោះទេ។
រុស្ស៊ីកំពុងបង្កើនការចំណាយវិស័យការពារប្រទេសរបស់ខ្លួនជិត៣០ភាគរយនៅឆ្នាំក្រោយ។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាមួយដែលត្រូវបានបោះពុម្ភផ្សាយកាលពីថ្ងៃចន្ទ។
ថវិកាឆ្នាំ២០២៥ផ្តល់ឱ្យយោធារុស្ស៊ីនូវថវិការហូតដល់១៤៥ពាន់លានដុល្លារ ប្រហែល ៣២ពាន់លានដុល្លារច្រើនជាងថវិកាសម្រាប់យុទ្ធនាការនៅឆ្នាំនេះនិងច្រើនជាងរុស្ស៊ីបានចំណាយចាប់តាំងពីសម័យសហភាពសូវៀតមក។
ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលជាជម្លោះធំបង្អស់របស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក បានធ្វើឱ្យរីងហួតធនធានរបស់ប្រទេសទាំង២៕