កងយោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃអង្គារនេះថាខ្លួនបានបំផ្លាញដ្រូន១៥គ្រឿងក្នុងចំណោមដ្រូនរុស្ស៊ី១៦គ្រឿងនៅក្នុងការវាយប្រហារតាមអាកាសថ្មីៗបំផុត តែប៉ុន្មានម៉ោងមុនការបោះឆ្នោតដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកអំពីកញ្ចប់ជំនួយសន្តិសុខដែលមានរួមជំនួយថ្មីចំនួន៦១ពាន់លានដុល្លារដល់អ៊ុយក្រែន។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីក៏មានរួមមីស៊ីលផ្លោង២គ្រាប់ ហើយថាកងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីលើតំបន់ Cherkasy, Kyiv, Mykolaiv និង Odesa។
លោក Oleh Kiper អភិបាលតំបន់ Odesa បានថ្លែងថាការវាយប្រហារដោយដ្រូនបានធ្វើឱ្យខូចខាតអគារលំនៅឋានមួយចំនួននិងបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់៩នាក់ត្រូវរបួស។
លោក Vitaliy Kim អភិបាលតំបន់ Mykolaiv បានថ្លែងថាបំណែកដ្រូនដែលធ្លាក់បានធ្វើឱ្យមនុស្ស ម្នាក់របួសនិងធ្វើឱ្យខូចខាតកន្លែងពាណិជ្ជកម្មមួយ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថាកងការពារដែនអាកាសខ្លួនបានបំផ្លាញមីស៊ីលអ៊ុយក្រែនបួនគ្រាប់លើតំបន់Belgorod។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានរាយការណ៍អំពីការខូចខាតអគារមួយខ្នង តែគ្មានមនុស្សត្រូវរបួសទេ។
សេតវិមានបាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាថានឹង«ផ្តល់ឱ្យបានលឿននូវកញ្ចប់ជំនួយសន្តិសុខថ្មីច្រើនក្រាស់ក្រែលដើម្បីបំពេញសេចក្តីត្រូវការបន្ទាន់របស់អ៊ុយក្រែននៅលើសមរភូមិនិងខាងការពារដែនអាកាស»នៅពេលណាព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់សន្តិសុខ។ លោក Biden បាននិយាយសន្យាដូចនេះខណៈពេលសន្ទនាគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។