យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពរុស្ស៊ីបានវាយប្រហារកាលពីយប់មិញដោយប្រើដ្រូន ២៨ គ្រឿងនិងមីស៊ីល ៥ គ្រាប់។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ២៦ គ្រឿងនៅលើតំបន់ Odesa, Kharkiv, Dnipropetrovsk និងតំបន់ Zaporizhzhia។
អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov បានបញ្ជាក់តាម Telegram ថា បំណែករបស់ដ្រូនដែលធ្លាក់មកបានបណ្ដាលឱ្យឆេះអគារលំនៅដ្ឋានជាច្រើនខ្នងនិងធ្វើឱ្យមនុស្ស ២ នាក់រងរបួស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា វាជាការសំខាន់នៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននិងនៅក្នុងការទទួលបានយន្តហោះចម្បាំង F-16 ឱ្យបានឆាប់ដើម្បីប្រើនៅក្នុងការប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ការលើកឡើងរបស់លោក Zelenskyy នេះបានធ្វើឡើង បន្ទាប់ពីរុស្ស៊ីបានវាយប្រហារលើទីក្រុង Kharkiv នៅភាគខាងកើតអ៊ុយក្រែនដោយបានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្ស ១៩ នាក់ទៀតរងរបួស។
អភិបាលតំបន់ Kharkiv លោក Ihor Terekhov បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចខាតដល់អគារលំនៅដ្ឋាន១៨ខ្នង៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។